ខ្មែរប៉ុស្ដិ៍ Close

ទាំងនេះគឺជាកង្វល់ដ៏ធំរបស់វិនិយោគិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 60
ទាំងនេះគឺជាកង្វល់ដ៏ធំរបស់វិនិយោគិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំងនេះគឺជាកង្វល់ដ៏ធំរបស់វិនិយោគិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ការស្ទង់មតិថ្មីមួយដោយធនាគារឯកជនស្វីស «Lombard Odier» បានរកឃើញថា «វិនិយោគិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងងាកចេញពីវិធីសាស្រ្ត «រង់ចាំមើលសិន» ដែលពួកគេបានអនុវត្តនៅពេលចាប់ផ្តើមកើតមានវីរុសកូវីដ-១៩»។

ការស្ទង់មតិក្នុងចំណោមវិនិយោគិនក្នុងតំបន់ចំនួន ៤៥០ នាក់ដែលត្រូវបានកំណត់ថាជា «អ្នកដែលមានទ្រព្យសម្បត្តិវិនិយោគយ៉ាងតិច ១ លានដុល្លារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានលាតត្រដាងឱ្យឃើញអំពីក្តីកង្វល់ដ៏ធំរបស់ពួកគេ។

ការសិក្សា «HNW Individuals» (HNWIs) សម្រាប់ឆ្នាំ ២០២២ មានរួមបញ្ចូលនូវរបៀបគ្រប់គ្រងការប្រែប្រួលនៅក្នុងទីផ្សារបច្ចុប្បន្ន និងហានិភ័យភូមិសាស្ត្រនយោបាយ ក៏ដូចជារបៀបធ្វើពិពិធកម្មភាគហ៊ុនឱ្យបានកាន់តែប្រសើរឡើង ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។ ធនាគារ Lombard Odier បានឱ្យដឹងថា «ភាពបន្ទាន់នៃយុទ្ធសាស្រ្តទាំងនេះត្រូវបានលើកឡើង ចាប់តាំងពីការស្ទង់មតិនៅក្នុងឆ្នាំ ២០២០»។

ប្រធានធនាគារ Lombard Odier លោក Jean-Francois Aboulker បាននិយាយថា «ក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ នៅ ឆ្នាំ ២០២០ ភាគច្រើននៃអ្នកមានទ្រព្យស្តុកស្តម្ភមិនបានផ្លាស់ប្តូរលក្ខខណ្ឌនៃភាគហ៊ុនរបស់ពួកគេទេ និងបានបន្តប្រកាន់យកវិធីសាស្រ្តរង់ចាំមើលសិន ដោយសារតែកង្វះការយល់ដឹងអំពីហានិភ័យ និងភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងរបៀបដែលវីរុសរាតត្បាតអាចនឹងវិវឌ្ឍ»។

ឥឡូវនេះ ប្រហែល ៦៨% នៃវិនិយោគិននៅក្នុងប្រទេសសិង្ហបុរី, ហុងកុង, ជប៉ុន, ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, តៃវ៉ាន់ និងអូស្ត្រាលី បានត្រៀមរៀបចំ ឬបានផ្លាស់ប្តូរភាគហ៊ុនរបស់ពួកគេដើម្បីអាចឱ្យវាមានភាពធន់ជាងមុននៅក្នុងទីផ្សារបច្ចុប្បន្ន»។ ប្រហែល ៧៧% នៃ អ្នកដែលបានចូលរួមនៅក្នុងការស្ទង់មតិបាននិយាយថា «ការកើនឡើងនៃអត្រាអតិផរណា និងការរំពឹងទុកស្តីអំពីវិបត្តិសេដ្ឋកិច្ច គឺជាបញ្ហាដ៏រសើបបំផុត» ខណៈដែលប្រជាជនសិង្ហបុរីមានការព្រួយបារម្ភជាពិសេសបំផុតចំពោះស្ថានភាពនេះ។

របាយការណ៍បានឱ្យដឹងថា «សូម្បីតែប្រទេសជប៉ុនដែលអតិផរណាបានខិតជិតដល់សូន្យអស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ ឥឡូវនេះក៏កំពុងប្រឈមមុខនឹងសម្ពាធអតិផរណាផងដែរ ហើយ ៦៩% នៃអ្នកមានទ្រព្យស្តុកស្តម្ភនៅក្នុងប្រទេសជប៉ុនកំពុងមានការព្រួយបារម្ភអំពីបញ្ហានេះ»។

គេនៅមិនទាន់ច្បាស់ទេថា «តើធនាគារកណ្តាលរបស់ជប៉ុននឹងចាត់វិធានការរឹតបន្តឹងដែរឬអត់»។ ក៏ប៉ុន្តែ ១/៣ នៃអ្នកមានទ្រព្យស្តុកស្តម្ភនៅក្នុងប្រទេសជប៉ុនជឿថា «វិធានការរឹតបន្តឹងនឹងកើតមាននៅក្នុងរយៈពេល ១២ ខែខាងមុខនេះ»។

ការស្ទង់មតិក៏បានរកឃើញដែរថា «វិនិយោគិនដែលមានទ្រព្យស្តុកស្តម្ភនៅក្នុងតំបន់ជាទូទៅមិនសូវមានការព្រួយបារម្ភអំពីការកើនឡើងនៃអត្រាការប្រាក់នោះទេ ដែលភាគច្រើនគឺដោយសារតែពួកគេយល់ថារដ្ឋាភិបាលភាគច្រើននឹងមានការប្រុងប្រយ័ត្នខ្ពស់ហើយ នឹងមិនដំឡើងអត្រាការប្រាក់រហូតដល់ចំណុចមួយ ដែលអាចបង្កការបំផ្លាញដល់កំណើនសេដ្ឋកិច្ចនោះទេ»។

ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនអូស្ត្រាលី និងឥណ្ឌូណេស៊ីនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ ពាក់ព័ន្ធនឹងបញ្ហានេះ ដោយក្នុងនោះភាគច្រើននៃអ្នកដែលបានចូលរួមនៅក្នុងការស្ទង់មតិនៅ (ប្រហែល ៧០%) បាននិយាយថា «អត្រាការប្រាក់ខ្ពស់គឺជារឿងដ៏គួរឱ្យព្រួយបារម្ភខ្លាំង»។

វិនិយោគិននៅហ្វីលីពីនមានការព្រួយបារម្ភខ្លាំងបំផុតចំពោះបញ្ហាអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយ ខណៈដែលវិនិយោគិននៅទីក្រុងហុងកុងនិងសិង្ហបុរីក៏បានលើកឡើងផងដែរថា «ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយគឺជាហានិភ័យកំពូលមួយ សម្រាប់រយៈពេល ១២ ខែបន្ទាប់»។

វិនិយោគិនទាំងនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលបង្កឡើងដោយបញ្ហាភូមិសាស្ត្រនយោបាយ និងជម្លោះដោយក្នុងនោះ មនុស្សជាច្រើនបានលើកឡើងថា «ផលចំណេញដែលពួកគេទទួលបាននឹងមានកម្រិតទាបជាងមុន»។ ពួកគេក៏មានការព្រួយបារម្ភផងដែរអំពីការបាត់បង់ឱកាសល្អៗនៅក្នុងពេលកំពុងកើតមានការប្រែប្រួលដូចពេលនេះ។

មនុស្សជាច្រើននៅហុងកុងនិងជប៉ុន បានចោទសួរអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មបច្ចុប្បន្ន ខណៈពេលដែលបរិយាកាសនៃ «តម្លៃភាគហ៊ុនធ្លាក់ចុះ, ការកើនឡើងនៃចំនួនឥណទាន និងអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលវែង» បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ភាគហ៊ុនរបស់ពួកគេ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ មានរឿងចំនួនពីរបានកើតឡើង។ ការស្ទង់មតិបានរកឃើញថា «វិនិយោគិនដែលមានទ្រព្យស្តុកស្តម្ភនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានងាកទៅរកវិធីសាស្ត្រកាន់តែប្រុងប្រយ័ត្នជាងមុន ហើយកំពុងផ្លាស់ប្តូចេញពីការវិនិយោគលើទ្រព្យសកម្មបែបប្រពៃណី ដូចជាភាគហ៊ុន និងសញ្ញាបណ្ណ (Bond)។ មនុស្សកាន់តែច្រើន បានវិនិយោគនៅក្នុងទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងមុន ដូចជាសាច់ប្រាក់និងមាស»។

អ្នកខ្លះទៀតកំពុងវិនិយោគលើទ្រព្យសម្បត្តិឯកជន បូករួមទាំងភាគហ៊ុនឯកជន, បណ្ណបំណុលឯកជន, ការវិនិយោគលើអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធឯកជន។ វិនិយោគិននៅក្នុងប្រទេសសិង្ហបុរី និងអូស្ត្រាលីកំពុងនាំមុខគេនៅក្នុងការផ្លាស់ប្តូរទាំងនេះ។ បន្ថែមពីលើនេះ នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ វិនិយោគិនកាន់តែច្រើនបានចាប់ផ្តើមងាកចេញពីទីផ្សារក្នុងស្រុករបស់ពួកគេ។

របាយការណ៍បានរកឃើញថា «ដើម្បីគ្រប់គ្រងលើភាពមិនច្បាស់លាស់នៅក្រោយវិបត្តិកូវីដ-១៩ ការធ្វើសមាហរណកម្មភាគហ៊ុនជាលក្ខណៈសកលគឺជារឿងដ៏ចាំបាច់ ហើយវិនិយោគិនជប៉ុន និងឥណ្ឌូណេស៊ីបាននិងកំពុងធ្វើសកម្មភាពនេះយ៉ាងសកម្ម»។

លោក Aboulker ដែលមកពីធនាគារ Lombard Odier បាននិយាយថា «បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ-១៩ មានលក្ខណៈជាសកលក៏ដោយ ក៏ផលចំណេញដែលទទួលបានពីភាគហ៊ុននឹងមានភាពខុសប្លែកគ្នាខ្លាំងទៅតាមប្រទេសនីយមួយ។ វិនិយោគិនទាំងនេះមានភាពឆ្លាតវៃ និងបានស្វែងយល់ដឹងអំពីសារៈសំខាន់ នៃការប្រកាន់យកវិធីសាស្រ្តរយៈពេលវែងក្នុងការស្វែងរកទ្រព្យសកម្មនៅខាងក្រៅទីផ្សារក្នុងស្រុករបស់ពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើកត្តាក្នុងស្រុក»៕

CNBC

អត្ថបទទាក់ទង