ខ្មែរប៉ុស្ដិ៍ Close

    កូវីដ​១៩៖ ​អ.ស.ប.អំពាវនាវការពារស្ត្រីពីហិង្សាក្នុងគ្រួសារ នៅ​ឱកាសវិធានការ​​បង្ខាំងឱ្យនៅផ្ទះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 1589
    កូវីដ​១៩៖ ​អ.ស.ប.អំពាវនាវការពារស្ត្រីពីហិង្សាក្នុងគ្រួសារ នៅ​ឱកាសវិធានការ​​បង្ខាំងឱ្យនៅផ្ទះកូវីដ​១៩៖ ​អ.ស.ប.អំពាវនាវការពារស្ត្រីពីហិង្សាក្នុងគ្រួសារ នៅ​ឱកាសវិធានការ​​បង្ខាំងឱ្យនៅផ្ទះ

    នៅ​ក្នុង​ពេល​ដែល​ប្រជាជន​រាប់ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បង្ខាំង​ឲ្យ​នៅតែ​ក្នុងផ្ទះ, លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ​អំពាវនាវ​ឱ្យ​គ្រប់ប្រទេស​ទាំងអស់ ការពារ​ស្ត្រី ពី​ការ​រងគ្រោះ​ដោយ​អំពើ​ហិង្សា ​ក្នុងគ្រួសារ​។ ប្រសាសន៍​អំពាវនារបស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើ​ឡើងពីថ្ងៃអាទិត្យ បន្ទាប់ពី​លោក​បាន​ស្នើឱ្យ​ពិភព​ផ្អាកជម្លោះ​និងអំពើ​ហិង្សា​គ្រប់​ប្រភេទ រួម​ទាំង​ហិង្សា​លើ​ស្ត្រី​ផង​ ហើយ​រួបរួម​​គ្នា​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។

    គួរ​ជ្រាបដែរថា ក្នុង​ឱកាស​នៃ​ចំណាត់​ការ​ដាក់​បង្ខាំងប្រជាជន​ឱ្យ​នៅ​ក្នុងផ្ទះដើម្បីបញ្ជ្រៀស​ការ​ចម្លង​កូវីដ-១៩ គឺ​ចំនួន​​​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​នៅតា​ម​គេហដ្ឋាន​ មានការកើនឡើង នៅបណ្តា​ទី​​ក្រុង​ជាច្រើនរប​ស់​សហរដ្ឋអាមេរិក​​។ នេះបើតាម​ការ​កត់សម្គាល់​របស់​ អង្គការ​សហប្រជាជាតិ​ដើម្បី​ស្ត្រី (UN Women)។ នៅ​ឥណ្ឌា​ គ្រាន់តែ​​មួយ​សប្តាហ៍​មកនេះ ឯកសារ​ប្តឹងផ្តល់​ទាក់ទង​នឹង​ហិង្សា​លើ​នារីភេទ​ កើនឡើង​មួយ​គុណ​នឹងពីរ។ នៅ​តួកគី​វិញ មាន​ករណី​ឃាតកម្ម​លើ​ស្ត្រី​ភេទ ​រឹតតែច្រើន​ នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ នៅ​អាហ្វ្រិក​ខាងត្បូង គ្រាន់តែមួយ​សប្តាហ៍​ មាន​ពាក្យ​បណ្តឹង​ ​៩ ម៉ឺន ករណី ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី។ នៅបារាំង​វិញ ក៏​ចំនួន​អំពើ​ហិង្សា​តាម​ផ្ទះ​កើនឡើងដែរ។ ចំណែ​កនៅ​អូស្ត្រាលី រដ្ឋាភិបាល​បាន​កត់​សម្គាល់​ឃើញថា ការ​ស្វែង​រក​ជំនួយ​តាម​បណ្តាញ​អ៊ីនធ័រនែត បាន​កើនឡើង​៧៥ភាគរយ។ អូស្ត្រាលី ក៏ទើបតែ​បាន​ចេញកញ្ចប់​ថវិកា​ ជា​ច្រើន​លាន​ដុល្លារ​ ដើម្បី​ជួយ​សង្គ្រោះ​នារី​រងគ្រោះ​ក្នុង​ឱកាស​នេះ។

    នេះ​ប្រសាសន៍ របស់​លោក ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ៖

    «អំពើ​ហិង្សា ពុំ​មែន​ មានតែ​នៅ​សមរភូមិ​ប្រយុទ្ធ។ ប៉ុន្តែ ស្ត្រី​និងក្មេង​ស្រី​ជាច្រើន​ បានទទួល​រង​អំពើហិង្សា​ដោយ​ផ្ទាល់ ​នៅ​កន្លែង​ដែល​ពួក​គេ ​គួរតែ​មាន​សុវត្ថិភាព តែហិង្សាបាន​កើតមាន ​​​នៅក្នុង​ផ្ទះ​របស់​ពួក​គេ​ផ្ទាល់តែម្តង។ មូលហេតុ​នេះ​ហើយ ទើប​ខ្ញុំ​អំពាវនាវ ​ថ្ងៃ​នេះ ជាថ្មី​ម្តងទៀត សូម​ឱ្យ​មាន​សន្តិ​ភាព​នៅ​តាម​ផ្ទះ តាម​កន្លែង​ស្នាក់​នៅ នៅ​គ្រប់​ជ្រុងជ្រោយ​នៃពិភពលោក​។​

    យើង​យល់ដឹង​គ្រប់​ហើយ​ថា វិធានការសំខាន់​ចាំបាច់​ នៅ​ពេលនេះ ដើម្បី​​ទប់​ស្កាត់​កូវីដ-១៩​ គឺ​ចំណាត់​ការ​ដាក់បង្ខាំង​​ឱ្យ​ប្រជាជន​សម្ងំ​នៅតែ​​ក្នុងផ្ទះ។ ក៏ប៉ុន្តែ ស្ត្រីខ្លះ​​ បែរ​ជាត្រូវ​ប្រឈម​មុខ​នឹងស្វាមី ឬ​​ដៃ​គូ ​ដែលប្រើហិង្សាទៅវិញ​។

    ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ បញ្ហា​សេដ្ឋកិច្ច​និងបញ្ហាសង្គម បាន​កើតឡើងខ្លាំង​ និង​ការភ័យខ្លាច​ក៏មាន​ច្រើន។ ទន្ទឹម​នឹងគ្នា​នេះ ពិភព​លោក​បានជួប​ប្រទះ​នឹង​​អំពើ​ហិង្សា​ដ៏​អាក្រក់​នៅ​តាម​ផ្ទះ​ដែរ។ នៅប្រទេស​មួយ​ចំនួន ​ស្ត្រី​រងគ្រោះ​ ដែល​ខំ​ស្វះស្វែង​រក​ជំនួយ​ ឬហៅ​ទូរសព្ទ​រក​ជំនួយ​ មាន​ចំនួន​កើនឡើង ​ទ្វេដង។​

    បុគ្គលិក​សុខាភិបាល និងនគរបាល​ កំពុង​តែរវល់​មមាញឹក និង​មាន​គ្នីគ្នា​មិន​គ្រប់​គ្រាន់ទេ ហើយ​នៅ​កន្លែង​ខ្លះ ខ្វះខាត​ទាំង​​ធនធានមនុស្ស​និងថវិកា​។ មណ្ឌល​ទទួល​ឱ្យ​ស្នាក់​នៅ​បណ្តោះអាសន្ន​សម្រាប់​ស្រ្តី​រងគ្រោះ បាន​ត្រូវ​បិទទ្វារ​ ហើយ​កន្លែង​ផ្សេងៗ ក៏​ពេញ​អស់​ដែរ។

    ដូច្នេះហើយ ខ្ញុំ​សូម​លើកទឹកចិត្តឱ្យ​​រដ្ឋាភិបាល​ទាំង​អស់ ចាត់​វិធានការ​បង្ការការពារ​​អំពើ​ហិង្សា​លើ​ស្ត្រីភេទ និង​ចាត់​បញ្ចូល​វិធានការនេះ​ ទៅក្នុង​ផែនការ​សកម្មភាពថ្នាក់​ជាតិ សម្រាប់​ទប់ស្កាត់ជំងឺ​​កូវីដ​១៩ដែរ។

    អាជ្ញាធរ​គួរ​តែ​ផ្តល់​ជំនួយ​បន្ថែម ដូច​ជា​ សេវា​កម្ម​ទូរសព្ទ​សុំ​ជំនួយបន្ទាន់​​ពាក់ព័ន្ធ​នឹង​ហិង្សា​លើ​ស្ត្រី ហើយ​និង​សហការ​រៀបចំក្រុម​​ការងារ​ជាមួយអង្គការ​​សង្គមស៊ីវិល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​ ​ត្រូ​វ​តែ​ធានាថា ប្រព័ន្ធតុលាការ​​នៅតែបន្ត​សកម្មភាព​ស៊ើបអង្កេត​និងផ្តន្ទាទោស​ចំពោះ​ជនល្មើស។​ បង្កើត​មធ្យោបាយ​ផ្តល់ព័ត៌មានរហ័ស​​ទាក់ទង​នឹង​ហិង្សា​ ដូចជា​នៅតាម​​ឱសថស្ថាន និង​តាម​ផ្សារជាដើម។ ​ ហើយ​បង្កើន​ចំនួន​មណ្ឌល​សុំស្នាក់​នៅបណ្តោះ​អាសន្ន​ ទុកជាវិស័យ​អាទិភាពមួយ​ដែរ។ ​ ធ្វើ​យ៉ាង​ណា​ ជួយ​សម្រួល​មធ្យោបាយ​ឱ្យ​នារីរងគ្រោះ​អាច​សុំ​ជំនួយ ​ដោយ​ពិតប្រាកដ​និងប្រកប​ដោយ​សុវត្ថិភាព​ កុំ​ឱ្យ​ជនល្មើស​ដឹងខ្លួន និង​​ធ្វើ​បាបពួក​នាង​រឹតតែ​ខ្លាំង។​

    សិទ្ធមនុស្ស​និងសេរីភាព​សម្រាប់​ស្ត្រីភេទ គឺ​សំខាន់​ចាំបាច់ណាស់ ដើម្បីទ្រទ្រង់​​សាមគ្គីភាព​និង​ភាពរឹង​​មាំទាំ​របស់​សង្គម​។​

    យើងចូលរួម​ទាំងអស់គ្នា! យើង​អាច​បញ្ជៀស​អំពើ​ហិង្សានៅ​គ្រប់​ទីកន្លែង គ្រប់​តំបន់​ជម្លោះ ក៏ដូចជា​នៅតាម​ផ្ទះដែរ​ ដូច​អ្វីដែល​យើងកំពុង​ប្រឹងយកឈ្នះ​លើ​កូវីដ​១៩​អ៊ីចឹង!​» RFI

    អត្ថបទទាក់ទង