ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ «តើសហជីពបង្កើតឡើងដើម្បីការពារបក្ខពួក ឬការពារប្រយោជន៍រួម?»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 50
ទស្សនៈមិត្តអ្នកអាន៖ «តើសហជីពបង្កើតឡើងដើម្បីការពារបក្ខពួក ឬការពារប្រយោជន៍រួម?» ទស្សនៈមិត្តអ្នកអាន៖ «តើសហជីពបង្កើតឡើងដើម្បីការពារបក្ខពួក ឬការពារប្រយោជន៍រួម?»

វាមិនមែនជារឿងថ្មីថ្មោងនោះទេដែលក្រុមសហជីព ឬសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតែងតែធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍ក្រុមមនុស្សដែលស្ថិតក្នុងក្របខណ្ឌគ្របដណ្តប់របស់ខ្លួន ឬការពារបុគ្គលនិងក្រុមមនុស្សដែលជាឧបករណ៍បង្កើតឡើងដោយក្រុមប្រឆាំង ជាពិសេសបង្កើតឡើងដោយពួកបរទេសដើម្បីប្រើប្រាស់សំរាប់ជាប្រយោជន៍យុទ្ធសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយ។ 

កន្លងមកក៏ដូចជាបច្ចុប្បន្ននេះដែរ សកម្មភាពនិងរូបភាពដែលពួកគេបានធ្វើ គឺមិនមែនដើម្បីការពារប្រយោជន៍ជាតិ, ប្រយោជន៍រួម ឬការពារភាពស្របច្បាប់របស់ក្រុមមនុស្សដែលខ្លួនត្រូវការពារនោះទេ ប៉ុន្តែ គឺជាសកម្មភាពដើម្បីគ្រាន់តែការពារក្រុមនិងបក្ខពួករបស់ខ្លួនមួយក្តាប់តូច ឬបើនិយាយអោយចំតែម្តង គឺដើម្បីការពារផលប្រយោជន៍បុគ្គលម្នាក់ឬពីរនាក់ដែលចៅហ្វាយនាយបរទេសបានបំពាក់បំប៉នមនោគមវិជ្ជាហើយរើសអោយធ្វើជាមេដឹកនាំសហជីព ឬសមាគម អង្គការដើម្បីបន្លំភ្នែកគេតែប៉ុណ្ណោះ។ ជាក់ស្តែង ការតវ៉ារបស់អតីតបុគ្គលិកណាហ្គាវើលមួយក្រុមតូចដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ត្រូវបានមហាជនទូទៅ ទាំងនៅក្នុងនិងក្រៅប្រទេសមើលឃើញយ៉ាងច្បាស់ដូចថ្ងៃរះថា ធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់សកម្មជននយោបាយបក្សប្រឆាំងឈ្មោះ ឈឹម ស៊ីថរ ដែលចង់ត្រឡប់មកធ្វើជាមេដឹកនាំសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលឡើងវិញតែប៉ុណ្ណោះ។

 ហេតុអ្វីបានជាគេអាច និយាយបានយ៉ាងដូច្នេះ? ពីព្រោះក្រុមហ៊ុនណាហ្គាវើលដ៏បានសម្រេចបញ្ចប់កិច្ចសន្យាការងាររបស់និយោជិតជាង៣០០នាក់ ដោយមូលហេតុវិបត្តិកូវីដ-១៩។  វិបត្តិសកលមួយនេះបានធ្វើឲ្យមនុស្សរាប់សិបលាននាក់នៅលើពិភពលោកបាត់បង់ការងារធ្វើ។ «តើអ្នកណាអាចតវ៉ាមិនឲ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកបាន? គឺប្រាកដជាគ្មានឡើយ»។ 

វិធីតវ៉ាស្របច្បាប់មានតែមួយគត់ ទោះជានៅក្នុងប្រទេសបិតាប្រជាធិបតេយ្យណាក៏ដោយ គឺសុំឲ្យក្រុមហ៊ុនអនុវត្តតាមគោលការណ៍ច្បាប់ស្តីពីការបញ្ឈប់កិច្ចសន្យាតាមរយៈការបង់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក ដែលត្រូវបញ្ឈប់ពីការងារ។ ប្រសិនបើក្រុមហ៊ុនយល់ព្រមផ្តល់សំណងនិងអត្ថប្រយោជន៍នានាតាមច្បាប់ហើយនោះ សហជីពគ្មានហេតុផលអ្វីត្រូវតវ៉ាទៀតឡើយ។

ដោយយល់អំពីបញ្ហានេះ មានអតីតបុគ្គលិកណាហ្គាវើលដ៏រាប់រយនាក់ហើយដែលបានសុខចិត្តទទួលសំណងពីក្រុមហ៊ុនតាមច្បាប់ការងារ។ ចំឡែកអីតែអតីតបុគ្គលិកណាហ្គាវើលដ៏ដែលនៅសល់ប្រហែលជាង ១០០ នាក់ដឹកនាំដោយសកម្មជននយោបាយប្រឆាំង ឈ្មោះ ឈឹម ស៊ីថរ នៅតែបន្តការតវ៉ាបង្ខំនិងគំរាមក្រុមហ៊ុនឲ្យទទួលខ្លួនចូលធ្វើការវិញ។ តើមានច្បាប់ណាដែលចាប់បង្ខំឲ្យថៅកែត្រូវតែទទួលយកបុគ្គលិកធ្វើការអស់មួយជីវិតដោយមិនអាចបញ្ចប់កិច្ចសន្យាបាន? បើគ្មានច្បាប់បែបនេះទេ ចុះហេតុអ្វីក៏ពួកគេនៅតែបន្តការតវ៉ាដោយខុសទំនងនិងខុសច្បាប់បែបនេះ? អ្វីដែលពិសេសថែមទៀតនោះ គឺក្រសួងការងារបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងគ្មានលំអៀងឲ្យក្រុមហ៊ុនផ្តល់សំណងដល់អតីតបុគ្គលិកទាំងនោះតាមលក្ខខណ្ឌច្បាប់ដែលបានចែងទាំងស្រុង។  មិនតែប៉ុណ្ណោះ ក្រសួងការងារថែមទាំងបានសន្យាជួយសម្របសម្រួលរកការងារថ្មីឲ្យអតីតបុគ្គលិកណាហ្គាវើលទាំងនោះថែមទៀត។ តើមានលក្ខខណ្ឌណាដែលល្អជាងនេះទៀតទេ? តើវាសមហេតុផលទេដែលសហជីពមួយនេះនៅបន្តការតវ៉ាទាមទារចង់បានអ្វីដែលគ្មានមូលដ្ឋានច្បាប់និងគ្មានលទ្ធផលបែបនេះ?

ឥឡូវនេះ ដោយសារតែអតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើន បានយល់ច្បាប់ ហើយបោះបង់ការតវ៉ាដោយងាកមកទទួលយកសំណងពីក្រុមហ៊ុនដើម្បីទៅរកការងារថ្មីដែលធ្វើឲ្យចំនួនអ្នកតវ៉ាកាន់តែមានចំនួនតិចទៅៗ និងធ្វើឲ្យកម្លាំងតវ៉ាកាន់តែចុះខ្សោយទៅៗ សកម្មជននយោបាយ ឈឹម ស៊ីថរ ក៏ដើរអន្ទងបក្ខពួកក្នុងសហជីពផ្សេងដែលស្ថិតក្នុងសណ្តានតែមួយឲ្យមកជួយផ្តល់កម្លាំងចិត្ត។ សហជីពទាំងនោះដែលមានទម្លាប់ធ្វើសកម្មភាពដើម្បីតែការពារផលប្រយោជន៍បក្ខពួករបស់ខ្លួន តួយ៉ាងដូចជាសហជីពដឹកនាំដោយ យ៉ាង សោភ័ណ រឺ រ៉ុង ឈុន និង វន់ ពៅ ជាដើម ក៏មកចូលរួមធ្វើបាតុកម្មខុសច្បាប់ជាមួយសកម្មជននយោបាយបក្សប្រឆាំង ឈឹម ស៊ីថរ ដែរ។ បញ្ហានេះបានធ្វើឲ្យសាធារណជនមើលឃើញកាន់តែច្បាស់ថា ក្រុមសហជីពទាំង នោះស្ថិតក្នុងសណ្តានតែមួយ មានមេកើយតែមួយ និងមានរបៀបវារៈតែមួយដូចគ្នា។ ហេតុដូច្នេះហើយបានជាពួកគេមានលទ្ធភាពតវ៉ាបានយូរ និងមានការរៀបចំសេណារីយោនិងឯកសណ្ឋានឧបករណ៍សំភារៈសម្រាប់តវ៉ាថែមទៀត។

កាលពីចុងសប្តាហ៍កន្លងទៅ បក្ខពួករបស់ឈឹម ស៊ីថរ ឈ្មោះ យ៉ាង សោភ័ណ និង វន់ ពៅ បានចូលរួមធ្វើបាតុកម្មជាមួយអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្តាប់តូច ហើយបានញុះញង់ឲ្យបាតុករទាំងនោះបុកទំលាយរបាំងសមត្ថកិច្ចដោយកំរោលរួចហើយពួកគេនាំគ្នាថតបង្ហោះចោទប្រកាន់សមត្ថកិច្ចថាបានប្រើហិង្សាលើបាតុករ។ ល្បិចអស់នេះត្រូវបានប្រើរាប់សិបឆ្នាំមកហើយ និងត្រូវបានគេស្គាល់អស់ទៅហើយ។

សួរថា តើក្រុមនេះតវ៉ាដើម្បីប្រយោជន៍រួមឬដើម្បីការពារប្រយោជន៍បុគ្គលនិងបក្ខពួក? ចម្លើយចគឺប្រយោជន៍បក្ខពួក ពិសេសគឺប្រយោជន៍របស់សកម្មជននយោបាយបក្សប្រឆាំង ឈឹម ស៊ីថរ និងគូកនមួយក្តាប់តូចដែលចង់ត្រឡប់មកធ្វើមេសហជីពបន្តទៀត «ដើម្បីបន្តបំរើរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយខ្លួន ជាពិសេសចៅហ្វាយនាយបរទេស»។ ចំណែកឯសហជីពផ្សេងដែលខំមកជួយលើកកម្លាំងក្រុម ឈឹម ស៊ីថរ ក៏ជាក្រុមដែលចូលរួមការពារប្រយោជន៍បក្ខពួកនិងបុគ្គលដូចគ្នាដែរ។ 

ក្នុងស្ថានភាពបែបនេះ តើអាជ្ញាធរគួរបណ្តោយឲ្យក្រុមនេះបន្តធ្វើព្យុះភ្លៀងតទៅទៀតដែរឬយ៉ាងណា? ប្រាកដជាមិនអាចឡើយពីព្រោះអាជ្ញាធរមានកាតព្វកិច្ចត្រូវការពារប្រយោជន៍សាធារណៈ មិនមែនការពារប្រយោជន៍បុគ្គលឡើយ ជាពិសេសបុគ្គលនិងក្រុមមនុស្សដែលប្រព្រឹត្តសកម្មភាពបំពានច្បាប់។

ក្នុងន័យនេះ វិធានការចាំបាច់ត្រូវតែប្រកាន់យកដោយចៀសមិនបានពីព្រោះមហាជនទូទៅ យល់ថា ការបណ្តែតបណ្តោយឲ្យមានកាតវ៉ានិងបាតុកម្មទាមទារក្រៅតម្រាច្បាប់ និងខុសទំនងដើម្បីតែការពារផលប្រយោជន៍បុគ្គលមួយក្តាប់តូចបែបនេះ គឺជាគំរូអាក្រក់ខ្លាំងណាស់សម្រាប់សហជីព និងកម្មករ និយោជិតដទៃ។ ទម្លាប់របស់សហជីពទាំងនោះ គឺឲ្យតែក្រុមខ្លួននិងបក្ខពួកខ្លួនចង់បានប្រយោជន៍អ្វីតែមិនបានដូចបំណង ពួកគេតែងតែអន្ទងគ្នាដើម្បីធ្វើបាតុកម្មតវ៉ាដោយយកលេសសិទ្ធិការងារមកបិទបាំង។ គំរូដ៏អាក្រក់បែបនេះគួរតែត្រូវបានលុបបំបាត់ចោល ទើបសង្គមជាតិយើងស្គាល់ភាពសុខដុមរមនា និងធ្វើឲ្យមនុស្សនាំគ្នាគោរពច្បាប់ គោរពគោលការណ៍ប្រជាធិបតេយ្យដែលមាននីតិរដ្ឋជាគ្រឹះ។

ផ្ទុយទៅវិញ បើអាជ្ញាធរនៅតែបន្តអត់ធ្មត់និងបណ្តែតបណ្តោយឲ្យសកម្មភាពអនាធិបតេយ្យបែបនេះកើតមានបន្តទៀតនោះ សង្គមខ្មែរ និងមិនបានស្គាល់សេចក្តីសុខសាននោះឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

 

 

អត្ថបទទាក់ទង