ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលរាជធានីភ្នំពេញ បន្ដអនុវត្ដវិធានការច្បាប់លើក្រុមបាតុករអតីតបុគ្គលិក Naga, មនុស្ស២៧នាក់ទៀត ត្រូវបានយកទៅដាក់មណ្ឌលចត្តាឡីស័ក ក្រោយរឹងរូសបន្ដប្រមូលផ្ដុំ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1403
    រដ្ឋបាលរាជធានីភ្នំពេញ បន្ដអនុវត្ដវិធានការច្បាប់លើក្រុមបាតុករអតីតបុគ្គលិក Naga, មនុស្ស២៧នាក់ទៀត ត្រូវបានយកទៅដាក់មណ្ឌលចត្តាឡីស័ក ក្រោយរឹងរូសបន្ដប្រមូលផ្ដុំរដ្ឋបាលរាជធានីភ្នំពេញ

    រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុវត្តវិធានការច្បាប់លើក្រុមបាតុករអតីតបុគ្គលិក ណាហ្គាវើលដ៍ ដែលនៅបន្ដរឹងរូសប្រមូលផ្ដុំ និងអង្គុយនៅលើផ្លូវសាធារណៈ ចំនួន២៧នាក់ត្រូវបានអាជ្ញាធរអញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះអ្នកដែលមិនទាន់យកសំណាកលើកទី២។

    រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បាតុករចំនួន៥៤នាក់ កាលពីម្សិលមិញដែលត្រូវបានអញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចរិតរឹងរូស ច្រងេងច្រងាង មិនសហការជាមួយក្រុមគ្រូពេទ្យនៅទីតាំង ដោយពេលទៅដល់ មិនព្រមចាកចេញពីរថយន្ត មិនព្រមបំពេញបែបបទដើម្បីផ្ទៀងផ្ទាត់ឈ្មោះ នៅពេលបំពេញហើយមិនព្រមប្រគល់ជូនក្រុមគ្រូពេទ្យ រហូតដល់យប់បន្តិចទើបពួកគាត់យល់ព្រមប្រគល់បែបបទជូនក្រុមគ្រូពេទ្យ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះជាមួយក្រុមបាតុករប្រមាណ ៣០០នាក់ ដែលមិនទាន់បានយកសំណាកនៅកោះពេជ្រ។

    ដោយពេលវេលាមិនអំណោយផលឈានចូលដល់យប់ជ្រៅបន្តិច ក្រុមគ្រូពេទ្យពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីយកសំណាកបន្តទៀត ទើបរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន មុងភួយ ខ្នើយ ផ្តល់ជូនក្រុមបាតុករទាំងអស់នោះនៅមណ្ឌលចត្តាឡីស័កជាបណ្តោះអាសន្ន។

    ប៉ុន្តែពួកគាត់បានចូលទៅស្នាក់នៅតាមបន្ទប់ដែលបានរៀបចំជូន ខុសពីក្រុមបាតុករចំនួន ៣៩នាក់ ដែលបានច្រានចោលមិនទទួលយកការរៀបចំផ្តល់ជូនការស្នាក់នៅ ថែមទាំងបានស្រែកឡូឡា បង្កភាពគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមណ្ឌល និងរុញចោលនូវសម្ភារសម្រាប់ប្រើប្រាស់ បដិសេធការចូលស្នាក់នៅក្នុងបន្ទប់សម្រាក ព្រមទាំងធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ដើម្បីបំភាន់សាធារណមតិ ដោយនាំគ្នាប្រមូលផ្តុំសម្រាកផ្ទាល់ដីនៅក្រៅបន្ទប់ រួចថតរូបភាពធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌល។

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដទៃទៀត សូមកុំជឿតាមការអូសទាញរបស់ជនឱកាសនិយមមួយក្តាប់តូច ដើម្បីកេងចំណេញយករូបភាពសម្រាប់ធ្វើអាជីវកម្មបំពេញមហិច្ឆតារបស់ខ្លួន បែរជាឲ្យក្រុមបាតុករជាអ្នករងគ្រោះទទួលខុសត្រូវចំពោះមុខច្បាប់ទៅវិញ។

    រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យបញ្ឈប់នូវរាល់សកម្មភាពប្រមូលផ្តុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ទោះក្នុងរូបភាពណាមួយក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕

    អត្ថបទទាក់ទង