ខ្មែរប៉ុស្ដិ៍ Close

ការកសាងទំនុកចិត្តនៅក្នុងបដិវត្តន៍ពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
ការកសាងទំនុកចិត្តនៅក្នុងបដិវត្តន៍ពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ី ការកសាងទំនុកចិត្តនៅក្នុងបដិវត្តន៍ពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ី

ការធ្វើពាណិជ្ជកម្មលើមុខទំនិញក្លែងក្លាយមានចំនួនប្រមាណ ២,៥% នៃការធ្វើពាណិជ្ជកម្មសកល (៤៦១ ពាន់លានដុល្លារ) ហើយជាង ៨០% នៃមុខទំនិញក្លែងក្លាយទាំងនេះ ត្រូវបានគេផលិតឬជួញដូរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការធ្វើពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ីអាគ្នេយ៍តែមួយ នឹងកើនឡើងដល់ចំនួន ១ ទ្រីលានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០៣០។ ក៏ប៉ុន្តែ ខណៈដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធអេឡិចត្រូនិកកំពុងកើនឡើង ការធ្វើពាណិជ្ជកម្មលើមុខទំនិញក្លែងក្លាយក៏មានការកើនឡើងដូចគ្នាផងដែរ។

អ្វីដែលមិនច្បាស់នោះគឺ «ទំហំនៃបញ្ហានេះ និងកម្រិតដែលការជួញដូរមុខទំនិញក្លែងក្លាយតាមប្រព័ន្ធអេឡិចត្រូនិកអាចនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់ និងការធ្វើនវានុវត្តធុរកិច្ច»។ ដើម្បីគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលឱ្យកាន់តែល្អប្រសើរ បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែប្រកាន់យកនូវវិធានការវៃឆ្លាត ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មលើមុខទំនិញក្លែងក្លាយ ដើម្បីបង្កើនទំនុកចិត្តដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់ដែលពោរពេញទៅដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិធំៗ ដែលមានលក្ខណៈនវានុវត្តន៍។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកថ្មី (Comprehensive Progressive Trans-Pacific Partnership-CPTPP) រួមមានការចូលរួមពីប្រទេសចំនួន ៧ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានទំហំស្មើ ៣០% នៃ GDP ពិភពលោក និងមានការចូលរួមពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥។

កិច្ចព្រមព្រៀងដែលមានលក្ខណៈនវានុវត្តន៍ ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (Digital Economy Partnership Agreement) និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលសិង្ហបុរី-អូស្ត្រាលី (Sigapore-Australia Digital Economy Agreement) កំពុងក្លាយជាគំរូសម្រាប់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនៅក្នុងតំបន់។

បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បាននិងកំពុងចូលរួមផងដែរជាមួយបណ្តាគម្រោងទន់ដែលមានលក្ខណៈខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរឹង ដូចជាផ្លូវសូត្រឌីជីថល (Digital Silk Road) របស់ប្រទេសចិន ឬក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework-IPEF) របស់អាមេរិកជាដើម។

អ្វីដែលជាចំណុចរួមនៅក្នុងចំណោមកិច្ចព្រមព្រៀងទាំងនេះគឺ «ខចែងស្តីអំពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល» ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនយល់ថា «អនាគតនៃការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់និងនៅក្នុងពិភពលោក ចាំបាច់នឹងត្រូវតែរួមបញ្ចូលនូវផែនការឌីជីថល»។

ការលក់ផលិតផល និងសេវាកម្មក្លែងក្លាយតាមប្រព័ន្ធអនឡាញ បានក្លាយជាទម្រង់មួយនៃសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញា ដែលកំពុងរីកលូតលាស់យ៉ាងលឿនបំផុត។ វាត្រូវបានជំរុញដោយការកើនឡើងនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅទូទាំងពិភពលោក។

ការិយាល័យថ្នាំញៀននិងបទល្មើសរបស់អង្គការសហប្រជាជាតិ (The United Nations Office of Drugs and Crime) បានរាយការណ៍នៅឆ្នាំ ២០១៩ ថា «នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការចែកចាយទំនិញក្លែងក្លាយតាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងប្រែក្លាយបទល្មើសឆ្លងកាត់ព្រំដែនដែលធ្លាប់មានហានិភ័យទាបនិងដែលអាចផ្តល់នូវប្រាក់ចំណូលខ្ពស់ ទៅជាបទល្មើស
គ្មានព្រំដែនដែលមានហានិភ័យកាន់តែទាបនិងអាចផ្តល់ប្រាក់ចំណូលកាន់តែខ្ពស់»។

បញ្ហានេះបានផ្តល់ឱ្យអ្នកលក់ទំនិញក្លែងក្លាយ (ក៏ដូចជាចោរឌីជីថល) នូវបណ្តាញអន្តរជាតិដ៏មានឥទ្ធិពលមួយ ដើម្បីធ្វើទីផ្សារនិងចែកចាយទំនិញរបស់ពួកគេទៅកាន់អ្នកប្រើប្រាស់ ក្នុងចំនួនកាន់តែច្រើន និងកាន់តែងាយស្រួល។ ការរាតត្បាតនៃវីរុសកូវីដ-១៩ បានជំរុញនិន្នាការនេះអោយកាន់តែលឿនថែមមួយកម្រិតទៀត ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការិយាល័យកម្មសិទ្ធិបញ្ញារបស់ប្រទេសកូរ៉េខាងត្បូង (South Korean Intellectual Property Office) បានរាយការណ៍ថា «ការលក់ទំនិញក្លែងក្លាយតាមប្រព័ន្ធអនឡាញបានកើនឡើងជិតទ្វេដងនៅឆ្នាំ ២០២១» ខណៈដែលសមាគមអ្នកប្រើប្រាស់របស់សិង្ហបុរី (Singapore Consumer Association) បានលើកឡើងនូវការកើនឡើងជិត ៣ ដងនៃការលក់ទំនិញក្លែងក្លាយតាមប្រព័ន្ធអនឡាញនៅឆ្នាំ ២០២០។

ការដោះស្រាយបញ្ហានេះទាមទារឱ្យមានការលើកកម្ពស់នូវការយល់ដឹង និងការពង្រឹងវិធានការពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដែលរួមមានអ្នកប្រើប្រាស់, សមាគមពាណិជ្ជកម្ម, ក្រុមហ៊ុនម៉ាកយីហោរល្បីៗ និងរដ្ឋាភិបាល។ គម្លាតឌីជីថល ដែលជាគម្លាតរវាងអ្នកដែលអាចចូលប្រើប្រាស់ និងអ្នកដែលមិនអាចចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត និងសារទូរគមនាគមន៍បាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេចងក្រងជាឯកសារ យ៉ាងល្អ។

ប៉ុន្តែ សំណួរមួយត្រូវបានលើកឡើង ដែលនោះគឺ «តើការកើនឡើងនៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូន និងការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងបង្កើតឱ្យមានគម្លាតឌីជីថលថ្មីដែរឬទេ ដោយក្នុងនោះ អ្នកប្រើប្រាស់ដែលផ្តោតសំខាន់លើតម្លៃទំនិញ (Price-sensitive Consumer) និងអ្នកប្រើប្រាស់ដែលងាយរងគ្រោះអាចក្លាយជាគោលដៅរបស់អ្នកធ្វើពាណិជ្ជកម្មទំនិញក្លែងក្លាយតាមប្រព័ន្ធអនឡាញ?»

ទីផ្សារអនឡាញស្អាតស្អំ គួរអាចចូលប្រើប្រាស់បានមិនត្រឹមតែសម្រាប់អ្នកប្រើប្រាស់ដែលមានទ្រព្យស្តុកស្តម្ភប៉ុណ្ណោះទេ ប៉ុន្តែវាក៏គួរតែអាចចូលទៅប្រើប្រាស់បានសម្រាប់អ្នកដែលពុំសូវមានថវិកា ដើម្បីការពារពួកគេពីទំនិញក្លែងក្លាយ។

បណ្តារដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកគួរបង្កើតគោលនយោបាយវៃឆ្លាត ដូចជាការបើកយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ឬការបង្កើតប្រព័ន្ធកត់ត្រាម៉ាកពាណិជ្ជកម្មនៅតាមស្ថាប័នគយដើម្បីកំណត់អត្តសញ្ញាណឱ្យបានកាន់តែល្អ និងដើម្បីបញ្ឈប់លំហូរទំនិញក្លែងក្លាយនៅតាមព្រំដែន ដើម្បីធ្វើឱ្យពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលអាចទទួលបានការជឿទុកចិត្តកាន់តែខ្លាំង។

បណ្តាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលដែលកំពុងលេចមុខឡើងនៅក្នុងតំបន់ រួមមានខចែងសំខាន់ៗស្តីអំពីការការពារអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ ដែលជាទូទៅវាបានលើកឡើងយ៉ាងជាក់លាក់អំពីការទប់ស្កាត់ការក្លែងបន្លំ និងការសងប្រាក់វិញសម្រាប់ផលិតផលក្លែងក្លាយ។

ប៉ុន្តែ ខចែងទាំងនេះក៏គួរតែរួមបញ្ចូលផងដែរនូវការលើកឡើងអំពីការទិញ និងការលក់ទំនិញក្លែងក្លាយដែលរំលោភសិទ្ធិរបស់ស្លាកសញ្ញាពាណិជ្ជកម្ម និងការអនុញ្ញាតឱ្យម្ចាស់ម៉ាកយីហោ ចាត់វិធានការផ្លូវច្បាប់លើអ្នកលក់ទំនិញក្លែងក្លាយតាមប្រព័ន្ធអនឡាញ។ អ្នកពាក់ព័ន្ធផ្សេងទៀតក៏ត្រូវតែបង្កើនការចូលរួមផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរបស់តំបន់អាស៊ី គឺជាក្រុមហ៊ុនដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតរបស់ពិភពលោក។ ស្តង់ដារឧស្សាហកម្មនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតផលិតផល និងសេវាកម្មដ៏ល្អបំផុតសម្រាប់ថ្ងៃអនាគត។

អង្គការអន្តរជាតិសម្រាប់ស្តង់ដារនីយកម្ម (International Organization for Standardization-ISO) រួមមានលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការបច្ចេកទេស «ISO/TC 321» ស្តីពីស្តង់ដារពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានមូលដ្ឋាននៅប្រទេសចិន។ ស្តង់ដារ ISO នៅថ្ងៃអនាគតសម្រាប់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ចាំបាច់ត្រូវតែកំណត់ឱ្យបានខ្ពស់ដើម្បីទប់ស្កាត់ការលក់ទំនិញ និងសេវាកម្មក្លែងក្លាយតាមប្រព័ន្ធអនឡាញ។

បណ្តាអាជីវកម្មឯកជនក៏ត្រូវតែប្រកាន់យកនូវការអនុវត្តដ៏ល្អប្រសើរបំផុតផងដែរដើម្បីប្រយុទ្ធប្រឆាំងការលក់ទំនិញក្លែងក្លាយតាមអនឡាញ។ សមាគមន៍ម៉ាកពាណិជ្ជកម្មអន្តរជាតិ (International Trademark Association) បានចេញផ្សាយនូវអនុសាសន៍ដល់បណ្តាក្រុមហ៊ុន និងអ្នកចែកចាយទំនិញដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយតាមអនឡាញ។

អនុសាសន៍ទាំងនេះ រួមមានការស្គាល់អតិថិជនឱ្យបានច្បាស់, ការលុបចោលជាលក្ខណៈបុរេសកម្មនូវទំនិញក្លែងក្លាយ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យា និងការទប់ស្កាត់ការបង្ហោះទំនិញពីសំណាក់អ្នកលក់ដែលកំពុងប្រតិបត្តិការដោយគ្មានភាពស្មោះត្រង់។

ខណៈពេលដែលអ្នកធ្វើនវានុវត្តបាននិងកំពុងនាំយកផលិតផលនិងសេវាកម្មថ្មីៗទៅកាន់អ្នកប្រើប្រាស់ ពួកគេចាំបាច់ត្រូវតែពឹងផ្អែកលើម៉ាកទំនិញល្បីៗ និងវេទិការពាណិជ្ជកម្មអេឡិចត្រូនិកដែលអាចទុកចិត្តបានដើម្បីជួយពង្រឹងទំនុកចិត្តចំពោះប្រព័ន្ធអេកូឡូស៊ីឌីជីថលថ្មីៗ។ ប្រសិនបើអ្នកប្រើប្រាស់នៅតែមានការសង្ស័យលើគុណភាព និងសុវត្ថិភាពនៃមុខទំនិញ និងសេវាកម្ម នោះការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាច នឹងបន្តជាប់គាំង និងមិនអាចវិវឌ្ឍខ្លួនទៅមុខបាននោះទេ៕

East Asia Forum