ខ្មែរប៉ុស្ដិ៍ Close

បញ្ហាពាក់ព័ន្ធនឹងទណ្ឌកម្មបច្ចុប្បន្នដែលបានដាក់ទៅលើប្រទេសរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 49
បញ្ហាពាក់ព័ន្ធនឹងទណ្ឌកម្មបច្ចុប្បន្នដែលបានដាក់ទៅលើប្រទេសរុស្ស៊ី បញ្ហាពាក់ព័ន្ធនឹងទណ្ឌកម្មបច្ចុប្បន្នដែលបានដាក់ទៅលើប្រទេសរុស្ស៊ី

អស់រយៈពេល ៥ ខែមកហើយចាប់តាំងពីអឺរ៉ុបនិងអាមេរិកបានរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏តឹងរ៉ឹងលើរុស្ស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ១១ របស់ពិភពលោក បន្ទាប់ពីការឈ្លានពានចូលប្រទេសអ៊ុយក្រែន។ ការជជែកដេញដោលជាច្រើនត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្ម, ផលប៉ះពាល់ដ៏ធំនៃសង្រ្គាមមកលើទីផ្សារនិងសេដ្ឋកិច្ចពិភពលោក និងអ្វីដែលជាវិធានការបន្ទាប់ដែលប្រទេស លោកខាងលិចគួរធ្វើ។

បើទោះបីជាការទណ្ឌកម្មមានប្រសិទ្ធភាពតិចជាងអ្វីដែលអឺរ៉ុបនិងអាមេរិកបានរំពឹងទុកក៏ដោយ ក៏វិធានការ នៃការដាក់ទណ្ឌកម្មនេះពិតជាបានជះឥទ្ធិពលធ្ងន់ធ្ងរជាងអ្វីដែលរុស្ស៊ីបានអះអាង។ ធនាគារកណ្តាលរបស់រុស្ស៊ីរំពឹងថា «GDP របស់ពួកគេ នឹងធ្លាក់ចុះចន្លោះពី ៨ ទៅ ១០% នៅក្នុងឆ្នាំនេះ» ខណៈដែលអ្នកព្យាករណ៍ផ្សេងទៀតរំពឹងថា «ការធ្លាក់ចុះអាចនឹងមានទំហំធំជាងនេះ ហើយអាចនឹងបង្កឱ្យមានការខូចខាតយូរអង្វែងដល់កំណើន សេដ្ឋកិច្ចរបស់រុស្ស៊ី»។

ការនាំចូលនិងនាំចេញបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយលំហូរនៃការវិនិយោគពីបរទេសក៏ត្រូវបានផ្អាក ខណៈដែលកង្វះខាតទំនិញបាននិងកំពុងជំរុញឱ្យអតិផរណាអោយមានការកើនឡើង។ នៅពេលនេះ ប្រទេសរុស្ស៊ីលែងមានទីផ្សារប្តូរប្រាក់បរទេសដូចមុន ទៀតហើយ។

ការដាក់ទណ្ឌកម្មនឹងមានសភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើលោកខាងលិចសម្រេចលែងប្រើប្រាស់ថាមពលរបស់រុស្ស៊ី ស្របពេលដែលប្រទេសជាច្រើនទៀតក៏កំពុងងាកមកចូលរួមជាមួយអាមេរិកនិងអឺរ៉ុបនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ។ ប៉ុន្តែដោយសារករណីខាងលើមិនទាន់បានកើតឡើង ហេតុដូច្នេះហើយប្រទេសរុស្ស៊ីនៅមិនទាន់ទទួលរងសម្ពាធខ្លាំងក្លាពេកនោះទេ។

ជាងនេះទៅទៀត ប្រទេសរុស្ស៊ីអាចបន្តធ្វើការជួញដូរតាមរយៈវិធីសាស្ត្រមិនទៀងត្រង់ផ្សេងៗជាច្រើន ហើយវិធីសាស្ត្រនៃការជួញដូរបែបនេះនឹងកាន់តែមានសារៈសំខាន់សម្រាប់រុស្ស៊ី ដរាបណាការដាក់ទណ្ឌកម្មដែលត្រូវបានរៀបចំឡើងនៅពេលបច្ចុប្បន្ននេះនៅតែបន្តអនុវត្ត។

ទោះជាយ៉ាងណាក៏ដោយ វាគឺជារឿងយូរហើយនិងឆាប់ប៉ុណ្ណោះក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីត្រូវជួបប្រទះនឹងការប៉ះទង្គិចខ្លាំងជាងបច្ចុប្បន្ន។ ការនាំចូលទំនិញ បូករួមទាំងទំនិញទាក់ទងនឹងវិស័យបច្ចេកវិទ្យានិងឧស្សាហកម្មសំខាន់ៗជាច្រើនកំពុងតែរងនូវការធ្លាក់ចុះយ៉ាងឆាប់រហ័ស ខណៈពេលដែលវិស័យជាច្រើនក៏លែងសូវមានភាពធន់ ហើយការខូចខាតដែលអាចកើតមានចំពោះសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនឹងមានទំហំធំ និងមានរយៈពេលយូរ។

អ្នកសង្កេតការណ៍ភាគច្រើនយល់ស្របថា «ការឈ្លានពានរបស់រុស្ស៊ីមិនត្រឹមតែបង្កឱ្យមានអសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កឱ្យមានអសន្តិសុខស្បៀងអាហារផងដែរ តាមរយៈការបង្កការរំខានដល់ការនាំ ចេញកសិផលរបស់អ៊ុយក្រែន»។

ការជជែកវែកញែកជាច្រើនត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំរបស់លោកខាងលិចលើ ប្រទេសរុស្ស៊ីដែលរួមមានការដាក់ កំហិតលើធនាគារកណ្តាលរបស់រុស្ស៊ី និងការរារាំងរុស្ស៊ីមិនឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ។ វិធានការទណ្ឌកម្មទាំងនេះអាចបង្កឱ្យមានផលប៉ះពាល់ខ្លាំងជាងវិធានការដាក់ទណ្ឌកម្មទូទៅដូចជាវិធីសាស្រ្តរឹតត្បិត និងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាល, វិស័យឯកជនពាក់ព័ន្ធក៏ដូចជាការរឹតត្បិតបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមួយចំនួន។

ដោយសារតែការដាក់ទណ្ឌកម្មនៅពេលនេះមិនបានអនុលោមទៅតាមបទដ្ឋានឬការណែនាំណាមួយ និងមិនទទួលបានការត្រួតពិនិត្យដែលទទួលស្គាល់ដោយអន្តរជាតិ វាបានធ្វើឱ្យវិធានការទាំងនេះស្ថិតនៅខាងក្រៅការត្រួតពិនិត្យរបស់ស្ថាប័នអភិបាលកិច្ចសកលដែលពាក់ព័ន្ធមួយចំនួន ដូចជាធនាគារ «Bank for International Settlements», មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នៅក្នុងពេលកើតមានសង្រ្គាម ការត្រួតពិនិត្យបែបនេះអាចនឹងផ្តល់នូវផលល្អ។

មនុស្សមួយចំនួនបានសម្តែងនូវការព្រួយបារម្ភថា «ការដាក់ទណ្ឌកម្មបែបនេះអាចកាត់បន្ថយតួនាទីរបស់ប្រាក់ដុល្លារ ក្នុងនាមជារូបិយបណ្ណបម្រុងរបស់ពិភពលោកក៏ដូចជាតួនាទីរបស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិកក្នុងនាមជាអន្តរការីចម្បងរបស់ពិភពលោកសម្រាប់ការសន្សំ និងការវិនិយោគរបស់បណ្តាប្រទេសផ្សេងៗ»។

ប្រទេសកាន់តែច្រើននឹងមានភាពងាយរងគ្រោះកាន់តែខ្លាំង ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ដុល្លារទំនងជានឹងមិនបាត់បង់ឥទ្ធិពលនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ហើយប្រទេសជាច្រើនអាចនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ និងជំរុញការពឹងផ្អែកទៅលើខ្លួនឯងឱ្យបានកាន់តែច្រើនជាងមុន។

ដោយសារការភ័យខ្លាចចំពោះផលប៉ះពាល់មកលើតម្លៃថាមពល និងការផ្គត់ផ្គង់ឧស្ម័នដល់តំបន់អឺរ៉ុប បណ្តាប្រទេសជាច្រើននៅលោកខាងលិចបានធ្វើការអំពាវនាវឱ្យមានការផ្អាកការបង្កើតទណ្ឌកម្មថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនផ្សេងទៀតនៅតែបន្តគាំទ្រឱ្យមានការចាត់វិធានការបន្ថែម ដើម្បីឱ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារទៅលើជនស៊ីវិលនៅអ៊ុយក្រែន។

ក្នុងករណីណាក៏ដោយ ការរក្សាវិធានការដាក់ទណ្ឌកម្មនៅពេលបច្ចុប្បន្ននឹងនាំមកនូវបញ្ហាប្រឈម ដោយសារតែការផ្តោតទៅលើគោលបំណងចម្បង ២ គឺ «ការដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី និងការកាត់បន្ថយផលរំខានដែលអាចកើតមានចំពោះសេដ្ឋកិច្ចរបស់អឺរ៉ុប»។

ជាងនេះទៅទៀត ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen បាននិយាយកាលពីពេលថ្មីៗនេះថា «ប្រទេសរុស្ស៊ីអាចបង្កការគំរាមកំហែងចំពោះតំបន់អឺរ៉ុបនៅគ្រប់ ពេលវេលាទាំងអស់ តាមរយៈការផ្អាកការផ្គត់ផ្គង់ឧស្ម័ន»។ នេះជាមូលហេតុ ដែលគណៈកម្មការអឺរ៉ុបជំរុញឱ្យប្រទេសជាសមាជិក កាត់បន្ថយការប្រើ ប្រាស់ឱ្យបាន ១៥%។

នៅក្រោមវិធានការនៃការដាក់ទណ្ឌកម្មនៅពេលបច្ចុប្បន្ន ប្រទេសលោកខាងលិចអាចប្រឈមនឹងហានិភ័យនៃការជាប់គាំងមិនអាចដោះស្រាយបាន។ ខណៈពេលដែលការបន្ធូរបន្ថយការដាក់ទណ្ឌកម្មអាចជួយសម្រាលការព្រួយបារម្ភចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់អឺរ៉ុប ជម្រើសនេះនឹងមិនអាចកើតមាននោះទេ ដោយសារតែអំពើដ៏ឃោរឃៅដែលកងកម្លាំងរុស្ស៊ីបាននិងកំពុងប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន។

ប៉ុន្តែប្រសិនបើលោកខាងលិចចង់បង្កើនការដាក់សម្ពាធលើប្រទេសរុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏ពិតប្រាកដ ពួកគេចាំបាច់ត្រូវតែមានភាពក្លាហាន, ត្រូវតស៊ូអត់ទ្រាំនឹងទុក្ខលំបាក ហើយត្រូវកាត់បន្ថយការទទួលយកថាមពលពីប្រទេសរុស្ស៊ី។ ការធ្វើបែបនេះអាច បង្កផលប៉ះពាល់រយៈពេលខ្លីយ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចរបស់អឺរ៉ុប និងពិភពលោកទាំងមូល។

ដូច្នេះ វាពិតជារឿងដ៏សំខាន់ដែលរដ្ឋាភិបាលនានា ត្រូវតែប្រើប្រាស់ថវិកាដើម្បីផ្តល់ការគាំទ្រដល់វិស័យដែលងាយរងគ្រោះ ក៏ដូចជាជួយដល់ប្រទេសដែលមានភាពងាយរងគ្រោះ ហើយទីភ្នាក់ងារពហុភាគីក៏ត្រូវតែបន្តផ្តល់ការគាំទ្រផងដែរដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្តល់ជំនួយ និងការបន្ធូបន្ថយបំណុលបន្ថែមទៀត។ ប្រសិនបើអនុវត្តបានត្រឹមត្រូវ ជម្រើសនេះនឹងផ្តល់នូវលទ្ធផលដ៏ល្អប្រសើរសម្រាប់រយៈពេលមធ្យមនិងវែង បើប្រៀបធៀបនឹងយុទ្ធសាស្ត្របច្ចុប្បន្ន។

វិធានការដ៏គ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនឹងមិនគ្រប់គ្រាន់ទេ ក្នុងការរារាំងប្រទេសរុស្ស៊ីពីការបន្តធ្វើសង្រ្គាមដោយខុសច្បាប់។ ជំនួសវិញ វានឹងជំរុញឱ្យមានការបែកបាក់គ្នាកាន់តែជ្រាលជ្រៅនៅក្នុងប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ហើយវាក៏មិនអាចការពារតំបន់អឺរ៉ុបពីការរំខានចំពោះការផ្គត់ផ្គង់ឧស្ម័ននៅក្នុងរដូវរងារខាង មុខនេះបានដែរ៕

Project Syndicate