ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលនៃបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានងាកទៅរកប្រទេសចិននិងរុស្សី ដើម្បីវ៉ាក់សាំង Covid-19 និងបានបង្កឱ្យមានការជជែកវែកញែកពីរឿងនយោបាយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 64
រដ្ឋាភិបាលនៃបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានងាកទៅរកប្រទេសចិននិងរុស្សី ដើម្បីវ៉ាក់សាំង Covid-19 និងបានបង្កឱ្យមានការជជែកវែកញែកពីរឿងនយោបាយ រដ្ឋាភិបាលនៃបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានងាកទៅរកប្រទេសចិននិងរុស្សី ដើម្បីវ៉ាក់សាំង Covid-19 និងបានបង្កឱ្យមានការជជែកវែកញែកពីរឿងនយោបាយ

ក្រុមមន្ត្រីសហភាពអឺរ៉ុបកំពុងព្យាយាមបង្វែរការចោទប្រកាន់ដែលថា «ពួកគេមាន ភាពយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំងសម្រាប់ទ្វីបមួយនេះ» ដោយលោកស្រីបណ្ឌិត Ursula von der Leyen ដែលជាប្រធានគណកម្មការអឺរ៉ុប បានធ្វើការសន្យាកាលពីដើមសប្តាហ៍នេះថា៖

«យើងនឹងផ្តល់ជូនវ៉ាក់សាំងជាច្រើនដូសទៀត។ បញ្ហានឹងត្រូវផ្លាស់ប្តូរពីការផ្គត់ផ្គង់វ៉ាក់សាំងតិចតួចពេក ទៅជាការធានាថា យើងនឹងអាចផ្តល់ជូននូវវ៉ាក់សាំងដែលយើងមានឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា»។

ប៉ុន្តែប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនបាននិងកំពុងងាកទៅរកប្រទេសចិននិងរុស្ស៊ីជំនួសវិញ ដើម្បីអាចទទួលបានការផ្គត់ផ្គង់វ៉ាក់សាំង ហើយសកម្មភាពរបស់ពួកគេក៏បាននិងកំពុងតែបង្កឱ្យមានការបែកបាក់គ្នានៅក្នុងសហភាពនេះផងដែរ។

មុនពេលកើតមានវីរុសរាតត្បាត ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានយល់ព្រមផ្តល់សិទ្ធិអំណាចដល់គណកម្មការក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ពួកគេទាំងអស់គ្នា ខណៈដែលឥឡូវនេះ សហភាពអឺរ៉ុបមានកិច្ចសន្យាចំនួន ៦ ដែលនឹងធានានូវការទទួលបានវ៉ាក់សាំងសរុបជាង ២ ពាន់លានដូស ពីក្រុមហ៊ុន AstraZeneca, CureVac, Johnson & Johnson, Moderna, Pfizer-BioNTech និង Sanofi-GSK។

ប៉ុន្តែ គណៈកម្មការអឺរ៉ុបបានរងនូវការចោទប្រកាន់ពីការមិនមានលទ្ធភាពធានានូវអាទិភាពសម្រាប់ទ្វីបរបស់ខ្លួន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនៅដំណាក់កាលដំបូង។

ជាមធ្យមនៅក្នុងសហភាពអឺរ៉ុប វ៉ាក់សាំងដែលបានចាក់ជូនមនុស្សមានចំនួនត្រឹមតែ ៧,៥ ដូស ប៉ុណ្ណោះ នៅក្នុងចំណោមមនុស្ស ១០០ នាក់ បើប្រៀបធៀបទៅនឹងចំនួន ២២ ដូសនៅអាមេរិក និង ៣១,៣ ដូសនៅក្នុងចំណោមពលរដ្ឋ ១០០ នាក់នៅចក្រភពអង់គ្លេស ដែលបច្ចុប្បន្នបានស្ថិតនៅក្រៅសហភាពអឺរ៉ុប។

មេដឹកនាំអឺរ៉ុបទាំងអស់ក៏បាននិងកំពុងរងសម្ពាធពីប្រជាជនរបស់ពួកគេផងដែរ ដែលទាមទារឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមតាមរយៈមធ្យោបាយដទៃទៀត។

ប្រទេសមួយចំនួន ដូចជាអូទ្រីសនិងដាណឺម៉ាក បានធានាដល់ម្ចាស់ឆ្នោតរបស់ពួកគេថា «នៅពេលអនាគត ពួកគេនឹងដំណើរការកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ ខ្លួននៅក្នុងប្រទេស»

លោក Sebastian Kurz ដែលជាអធិការបតីនៃប្រទេសអូទ្រីសបាន និយាយថា៖

«យើងត្រូវតែត្រៀមខ្លួនសម្រាប់ការបំលែងខ្លួននៃវីរុស ហើយមិនត្រូវពឹងផ្អែកទាំងស្រុងតែទៅលើ សហភាពអឺរ៉ុបនោះទេ» ។

ប្រទេសហុងគ្រីក៏បានប្រឆាំងនឹងការព្រមព្រៀងរបស់សហភាពអឺរ៉ុបដែលថា «រាល់ការចាក់វ៉ាក់សាំងCOVID-19 ណាមួយគួរតែត្រូវបានទទួលការអនុញ្ញាតពីទីភ្នាក់ងារឱសថអឺរ៉ុប (European Medicines Agency)» តាមរយៈការក្លាយជាប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេដែលអនុញ្ញាតឱ្យប្រើវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចិន Sinopharm ក៏ដូចជាវ៉ាក់សាំង Sputnik V ដែលផលិតនៅរុស្ស៊ី។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban បានអះអាងថា៖

«ការផ្គត់ផ្គង់របស់ចិននិងរុស្ស៊ី អាចជួយឱ្យខ្លួនអាចចាក់វ៉ាក់សាំងការពារបន្ថែមជូនដល់ប្រជាជនចំនួន ២៥០.០០០ នាក់ក្នុងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យប្រទេសហុងគ្រីអាចសម្រេចបាននូវគោលដៅក្នុងការចាក់វ៉ាក់សាំងឱ្យបាន ១/៤ នៃចំនួនប្រជាជន សរុប ៩,៧ លាននាក់ នៅត្រឹមចុងខែនេះ»។

ប្រទេសស្លូវ៉ាគី ដែលជាប្រទេសតូច ដែលមានប្រជាជនត្រឹមតែ ៥,៤ លាននាក់ ក៏បានធ្វើដូចគ្នានឹងប្រទេសហុងគ្រីផងដែរ។ យន្ដហោះដឹកទំនិញយោធាមួយគ្រឿងដែលផ្ទុកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចំនួន ២០០.០០០ ដូស បានចុះចតនៅក្នុងប្រទេសនេះកាលពីថ្ងៃច័ន្ទ ទី ១ ខែមីនា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្រ្តីស្លូវ៉ាគី Igor Matovic បានអះអាងថា «រុស្ស៊ីនឹងផ្តល់ឱ្យប្រទេសរបស់លោកនូវវ៉ាក់សាំងចំនួន ១ លានដូសបន្ថែមទៀតនៅក្នុងរយៈពេល ២ ខែបន្ទាប់»

ទាំងប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី បានលើកឡើងថា «ពួកគេបានចាត់វិធានការបន្ទាន់ទាំង នេះដោយបង្ខំ»

លោក Orban ដែលបានសម្រេចចិត្តទទួលយកវ៉ាក់សាំងរបស់ចិន មិនមានបំណងប្រឆាំងជាមួយនឹងសហភាពអឺរ៉ុបនោះទេ ដោយលោកបាននិយាយថា «ប្រសិនបើគ្មានវ៉ាក់សាំងរុស្ស៊ីនិងចិនទេ នោះយើងនឹងជួបបញ្ហាធំ»

ប៉ុន្តែ វិធានការរបស់ពួកគេមានភាពជាប់ពាក់ព័ន្ធមិនត្រឹមតែនឹងបញ្ហាតម្រូវការផ្នែកសុខភាពនោះទេ តែក៏មានជាប់ទាក់ទង នឹងបញ្ហានយោបាយផងដែរ។

នៅមុនពេលដែលហុងគ្រីបានងាកទៅរកប្រទេសចិននិងរុស្ស៊ី ហុងគ្រីមិនបានជួបប្រទះនូវកង្វះខាតវ៉ាក់សាំងនោះទេ ដោយពួកគេទើបតែបានប្រើប្រាស់វ៉ាក់សាំងអស់ប្រហែល ៧៥% នៃវ៉ាក់សាំងចំនួន ៨៨០.០០០ ដូសប៉ុណ្ណោះ ដែលទទួលបានពីសហភាពអឺរ៉ុប។

ប៉ុន្តែការប្រឆាំងនឹងសហភាពអឺរ៉ុបគឺជាយុទ្ធសាស្រ្តជាទីពេញចិត្តរបស់លោក Orban ដែលតែងតែចង់បង្ហាញខ្លួនលោក ថាជាមនុស្សតែម្នាក់គត់ដែលការពារផលប្រយោជន៍របស់ប្រទេសរបស់លោក។

លោក Orban ក៏កំពុងព្យាយាមបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនផងដែរ។ តាមរយៈការទទួលយកវ៉ាក់សាំង Sinopharm លោកក៏បានទទួលជោគជ័យក្នុងការបង្ហាញថា៖

«លោកគឺជាមេដឹកនាំអឺរ៉ុបម្នាក់ដែលមានទំនាក់ទំនងល្អបំផុតជាមួយប្រទេសចិន ខណៈពេលដែលទំនាក់ទំនងអឺរ៉ុប-ចិនកាន់តែមានភាពតានតឹង»។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីក៏បានបដិសេធផងដែរចំពោះការអះអាងថា «សកម្មភាពរបស់លោកមានភាពជាប់ទាក់ទងនឹងរឿង នយោបាយ» ដោយលោក Matovic បាន និយាយថា៖

«ការការពារសុខភាពនិងអាយុជីវិតមិនគួរត្រូវបានផ្សាភ្ជាប់ទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយនោះទេ»។

ប៉ុន្តែមានការលើកឡើងជាបន្ដបន្ទាប់ថា៖

«លោក Matovic បានចរចារជាសម្ងាត់ជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែតាំងពីមុនពេលដែលគ្រប់គ្នាបានដឹងអំពីការដែលក្រុមហ៊ុនផលិតវ៉ាក់សាំងនៅលោកខាងលិចអាចនឹងមិនមានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់»។

គោលបំណងសំខាន់របស់លោកក្នុងការធ្វើដូច្នេះគឺ «ដើម្បីពង្រឹងការគ្រប់គ្រងលើរដ្ឋមន្រ្តីមួយចំនួននៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក»

នាពេលនេះ គណៈកម្មការអឺរ៉ុបបានជ្រើសរើសធ្វើមិនអើពើនឹងសកម្មភាពទាំងនេះ ប៉ុន្តែបញ្ហាអាចនឹងកាន់តែមានភាពធ្ងន់ធ្ងរសម្រាប់សហភាពអឺរ៉ុប ប្រសិនបើប៉ូឡូញ ដែលជាប្រទេសដ៏ធំមួយសម្រេចចិត្តចាត់វិធានការប្រឆាំងនឹងសហភាពអឺរ៉ុបដូចគ្នា នឹងប្រទេសហុងគ្រី និងស្លូវ៉ាគី។

ប៉ុន្តែ បញ្ហាដ៏សំខាន់បំផុតគឺថា «តើសាធារណជនអឺរ៉ុបនឹងមានប្រតិកម្មយ៉ាងណាចំពោះការមកដល់នៃវ៉ាក់សាំង របស់ប្រទេសរុស្ស៊ី ឬចិន»

ការស្ទង់មតិនាពេលថ្មីៗនេះនៅរដ្ឋធានី Budapest របស់ហុងគ្រីបានបង្ហាញថា៖

«មានប្រជាជនហុងគ្រីត្រឹមតែ ១/៤ ប៉ុណ្ណោះដែល នឹងព្រមទទួលយកវ៉ាក់សាំងរបស់ប្រទេសចិន ហើយមានតែមនុស្ស ៤៣% ប៉ុណ្ណោះ ដែលយល់ព្រមទទួលយកវ៉ាក់សាំងរបស់រុស្ស៊ី ខណៈដែលមនុស្សចំនួន ៨៤% បានបង្ហាញពីការជឿជាក់លើវ៉ាក់សាំង ដែលផលិតនៅបណ្តាប្រទេសលោកខាងលិច»។

ដូច្នេះ នាយករដ្ឋមន្រ្តីហុងគ្រីដែលបានទទួលការចាក់វ៉ាក់សាំងចិន Sinopharm កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អាចនឹងក្លាយជាសមាជិក នៃក្រុមភាគតិចនៅក្នុងប្រទេសដែលទទួលយកវ៉ាក់សាំងនេះ។ Strait Times