ខ្មែរប៉ុស្ដិ៍ Close

នាវាផ្ទុកយន្តហោះចម្បាំងថ្មីរបស់ចិននឹងផ្លាស់ប្តូរតុល្យភាពអំណាចនៅដែនទឹកក្នុងតំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
នាវាផ្ទុកយន្តហោះចម្បាំងថ្មីរបស់ចិននឹងផ្លាស់ប្តូរតុល្យភាពអំណាចនៅដែនទឹកក្នុងតំបន់ នាវាផ្ទុកយន្តហោះចម្បាំងថ្មីរបស់ចិននឹងផ្លាស់ប្តូរតុល្យភាពអំណាចនៅដែនទឹកក្នុងតំបន់

នាវាផ្ទុកយន្តហោះចម្បាំងដ៏ធំបំផុតរបស់ចិន និងជាប្រភេទដំបូងគេដែលត្រូវបានរចនានិងបង្កើតឡើងនៅក្នុងស្រុក ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅក្នុងខែមិថុនា។ កប៉ាល់ថ្មីនេះត្រូវបានគេចាត់ទុកជា «នាវាដ៏ទំនើបបំផុតរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន»។

នាវាដែលត្រូវបានដាក់ឈ្មោះថា «Fujian» ដោយយកតាមឈ្មោះខេត្តដែលនៅជិតកោះតៃវ៉ាន់ ត្រូវបានមនុស្សមួយចំនួនចាត់ទុកជា «សញ្ញាប្រឈមនៃអំណាច» ខណៈពេលដែលភាពតានតឹងនៅដែនសមុទ្រកំពុងមានការកើនឡើង។

នាវា Fujian នឹងចូលរួមជាមួយនាវាដឹកជញ្ជូនរបស់ចិនចំនួន ២ ផ្សេងទៀត ដែលបានដាក់ឱ្យដំណើរការរួចហើយ ដែលរួមមានកប៉ាល់ Liaoning ដែលជាកប៉ាល់សូវៀតដែលត្រូវបានទិញមកពីអ៊ុយក្រែន និងនាវា Shandong ដែលជានាវាដំបូងដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនដោយផ្អែកលើគំរូនាវា Liaoning។

គេនៅមិនទាន់ច្បាស់ទេថា «តើនាវាFujian នឹងចាប់ផ្តើមប្រតិបត្តិការយ៉ាងពេញលេញនៅពេលណា» ដោយសារតែការធ្វើតេស្ត និងការសាកល្បងនៅលើសមុទ្រនៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយនាវិកក៏ត្រូវការពេលវេលាបន្ថែមទៀតផងដែរដើម្បីអាចស្វែងយល់ឱ្យបានគ្រប់គ្រាន់អំពីបច្ចេកវិទ្យា និងសមត្ថភាពថ្មីរបស់នាវានេះ។

ដូច្នេះ នាវា Fujian អាចនឹងត្រូវបានរៀបចំរួចរាល់សម្រាប់ការដាក់ឱ្យដំណើរការទាំងស្រុងនៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយគិតចាប់ពីពេលនេះតទៅ។ ប៉ុន្តែអ្វីដែលជារឿងដ៏គួរឱ្យកត់សម្គាល់នោះគឺ «នាវា Fujian នឹងផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងតំបន់អាស៊ី ជាពិសេសនៅសមុទ្រចិនខាងកើត និងនៅសមុទ្រចិនខាងត្បូង»។

ប្រទេសចិនបានធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួនយ៉ាងខ្លាំងក្លានៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ហើយបច្ចុប្បន្នប្រទេសចិនមានកងទ័ពជើងទឹកដ៏ធំបំផុតនៅលើពិភពលោក បើគិតពីចំនួននាវាដែលកំពុងស្ថិតក្នុងប្រតិបត្តិការ។

នាវាផ្ទុកយន្តហោះចម្បាំងថ្មីនិងកាន់តែធំជាងមុននេះ នឹងពង្រឹងកិត្យានុភាពសន្តិភាពរបស់ចិន ដោយនឹងបង្កើនភាពជឿជាក់លើកេរ្តិ៍ឈ្មោះរបស់ចិនក្នុងនាមជា «កងទ័ពជើងទឹកសមុទ្រខៀវ» «Blue Water Navy» ដែលអាចមានសមត្ថភាពប្រតិបត្តិការនៅទូទាំងពិភពលោក។

វាអាចត្រូវបានប្រើជាមូលដ្ឋានបណ្តែតទឹកនៅក្នុងពេលកើតមានវិបត្តិនៅបរទេសសម្រាប់ការផ្តល់ជំនួយមនុស្សធម៌, ការជម្លៀសប្រជាជន ឬការពង្រឹងអំណាចទន់។ នាវានេះក៏អាចត្រូវបានប្រើដើម្បីពង្រឹងអំណាចរឹង និងដើម្បីអនុវត្តយុទ្ធសាស្ត្របង្ខិតបង្ខំផងដែរ។

ប៉ុន្តែ ប្រទេសចិន នៅតែស្ថិតពីក្រោយសហរដ្ឋអាមេរិក បើនិយាយដល់ចំនួននាវាផ្ទុកយន្តហោះ។ កងទ័ពជើងទឹកអាមេរិកមាននាវាផ្ទុកយន្តហោះដែលដើរដោយថាមពលនុយក្លេអ៊ែរចំនួន ១១ ដោយក្នុងនោះនាវា ១ មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន និងនាវា ៤ ទៀត មានមូលដ្ឋាននៅលើឆ្នេរសមុទ្រភាគខាងលិចរបស់សហរដ្ឋ អាមេរិក។

សហរដ្ឋអាមេរិកក៏មានបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានផងដែរ ដែលមានរយៈពេលជិត ៩០ ឆ្នាំពាក់ព័ន្ធនឹងសមត្ថភាពប្រតិបត្តិការនាវាផ្ទុកយន្តហោះ បូករួមទាំងបទពិសោធន៍ប្រយុទ្ធនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២, សង្គ្រាមកូរ៉េ, សង្គ្រាមវៀតណាម, សង្រ្គាមឈូងសមុទ្រឆ្នាំ ១៩៩៩ និងសង្គ្រាមប្រឆាំងនឹងភេរវកម្ម។

Fujian គឺជានាវាផ្ទុកយន្តហោះច្បាំងដំបូងបង្អស់របស់ចិន ដែលបំពាក់ដោយប្រព័ន្ធបាញ់បង្ហោះយន្តហោះ «Catapult» អេឡិចត្រូម៉ាញេទិក ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជាការអាចដំណើរការយន្តហោះបានច្រើនក្នុងពេលតែមួយ ជាមួយនឹងគម្លាតខ្លីរវាងការបាញ់បង្ហោះនីមួយ និងមិនសូវមានការកំណត់ស៊ាំញ៊ាំលើទម្ងន់ និងប្រភេទយន្តហោះនោះទេ។

ជាមួយនឹងប្រព័ន្ធ «Catapult» ដ៏ធំ២ និងទី៣ នៅចំហៀង នាវា Fujian អាចបាញ់បង្ហោះយន្តហោះ ២ ក្នុងពេលដំណាលគ្នាបាន និងអាចបាញ់បង្ហោះយន្តហោះទី៣ បានភ្លាមៗ នៅក្នុងរយៈពេលមិនយូរប៉ុន្មានពីគ្នា។ នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក ជាធម្មតាមានប្រព័ន្ធ «Catapult» ចំនួន ៤ ក៏ប៉ុន្តែភាគច្រើនត្រូវបានដំណើរការដោយចំហាយទឹក។

ប្រព័ន្ធ «Catapult» អេឡិចត្រូម៉ាញេទិក មានទម្ងន់ស្រាលជាង, មានទំហំតូចជាង, ប្រើប្រាស់ថាមពលតិចជាង, ត្រូវការការថែទាំ និងកម្លាំងមនុស្សតិចជាង ហើយក៏មានសមត្ថភាពបាញ់បង្ហោះបានលឿនជាងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាបច្ចេកវិទ្យាថ្មី ហើយប្រទេសចិនអាចនឹងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានឹងកងទ័ពជើងទឹកអាមេរិកដែរ ក្នុងការអាចអភិវឌ្ឍប្រព័ន្ធបែបនេះឱ្យបានពេញលេញ។

ប្រទេសចិនក៏អាចដំណើរការយន្តហោះចម្បាំងដែលមានទម្ងន់ធ្ងន់ជាង ឬដែលមានថាមពលតិចជាងនេះ ចេញពីនាវា Fujian នេះផងដែរ បូករួមទាំងយន្តហោះប្រភេទ «Xian KJ-600» ដែលជាយន្តហោះរ៉ាដាដ៏មានអានុភាព ដែលអាចពង្រឹងសមត្ថភាពឃ្លាំមើលលើដែនអាកាស និងដែនសមុទ្ររយៈចម្ងាយឆ្ងាយ។

វាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្តហោះ «Northrop Grumman E-2D Hawkeye» ដែលដំណើរការដោយកងទ័ពជើងទឹកអាមេរិក និងប្រភេទ E-2C ដែលធ្លាប់ដាក់ឱ្យដំណើរការកាលពីមុនដោយ កងទ័ពអាកាសសិង្ហបុរី។

យន្តហោះផ្សេងទៀតដែលអាចកំពុងស្ថិតក្រោមការអភិវឌ្ឍ រួមមានយន្តហោះប្រភេទវាយប្រហារ «Shenyang J-15» ដែលដំណើរការដោយប្រព័ន្ធអេឡិចត្រូនិកគឺយន្តហោះចម្បាំង «Flying Shark» ដែលនឹងត្រូវបានប្រើដើម្បីរុករក, បង្កការរាំងស្ទះនិងការរំខាន និងដើម្បីវាយប្រហារលើប្រព័ន្ធរ៉ាដា ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធអេឡិចត្រូនិចផ្សេងទៀតរបស់គូសត្រូវ បូករួមនឹងយន្តហោះចម្បាំងជំនាន់ក្រោយដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគំរូយន្តហោះចម្បាំង «Shenyang FC-31»។

ការកើនឡើងនៃសមត្ថភាពយោធាបែបនេះ ទំនងជានឹងបន្តបង្កើនភាពតានតឹងកាន់តែខ្លាំងនៅដែនសមុទ្រ។ នាវាដូចជា Fujian នេះ អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលកើតមានជម្លោះ ដោយក្នុងនោះវាអាចជួយបង្កើនឧត្តមភាពដែនអាកាសលើទីតាំងសំខាន់ៗ ដូចជានៅច្រកសមុទ្រ Miyako ឬ Bashi Channel ហើយវាក៏នឹងអនុញ្ញាតឱ្យនាវាមុជទឹករបស់ចិនអាចគេចផុតពីការឡោមព័ទ្ធនៅដែនទឹក និងអាចឈានទៅកាន់លំហនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានទៀតផង។

នាវាផ្ទុកយន្តហោះរបស់ចិន ក៏ដូចជាយន្តហោះចម្បាំងរបស់ចិន បូករួមនឹងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ អាចបង្កការគំរាមកំហែងដល់នាវាផ្ទុកយន្តហោះរបស់ដៃគូបដិបក្ខ និងអាចក្លាយជាមូលដ្ឋាន ដែលយន្តហោះចម្បាំងអាចជំរុញប្រតិបត្តិការប្រយុទ្ធទៅកាន់ភាគខាងលិច។

ប្រទេសចិនបានបោះជំហានទៅមុខយ៉ាងខ្លាំងក្លានៅក្នុងការដាក់ឱ្យដំណើរការនាវាផ្ទុកយន្តហោះ ចាប់តាំងពីនាវា «Liaoning» ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១២។ ជាមួយនឹងវត្តមានរបស់នាវា «Fujian» កងនាវាចរណ៍ដែលកាន់តែរីកធំរបស់ប្រទេសចិនអាចនឹងបង្កបញ្ហាប្រឈមកាន់តែខ្លាំងចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

វាក៏នឹងបង្កើនការឃ្លាំមើលបន្ថែមទៀតផងដែរ ជាពិសេសក្នុងករណីដែលចិនអាចនឹងបង្កើតនាវាផ្ទុកយន្តហោះទំនើបៗបន្ថែមទៀត ឬអាចឈានទៅអភិវឌ្ឍនាវាដែលដើរដោយថាមពលនុយក្លេអ៊ែរនៅពេលអនាគត៕

Channel News Asia

អត្ថបទទាក់ទង