ខ្មែរប៉ុស្ដិ៍ Close

បដិ-ដុល្លារនីយកម្ម និងសារៈសំខាន់នៃសតិអារម្មណ៍របស់សាធារណជននៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 33
បដិ-ដុល្លារនីយកម្ម និងសារៈសំខាន់នៃសតិអារម្មណ៍របស់សាធារណជននៅកម្ពុជា បដិ-ដុល្លារនីយកម្ម និងសារៈសំខាន់នៃសតិអារម្មណ៍របស់សាធារណជននៅកម្ពុជា

អស់រយៈពេលជា យូរមកហើយ រដ្ឋាភិបាលកម្ពុជាបានព្យាយាមសម្រេចឱ្យបាននូវ «ការធ្វើប្រាក់រៀលនីយកម្ម» ដែលជាការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីលើកកម្ពស់ចរាចរណ៍រូបិយវត្ថុក្នុងស្រុក។

មូលហេតុទី១ គឺ «ដូចដែលលោកស្រី ជា សេរី ដែលជាទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយអាចលើកតម្កើងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីថែរក្សាស្ថិរភាពតម្លៃ និងដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច»។

ទី២ គឺ «ធនាគារជាតិនៃកម្ពុជានឹងមិនអាចក្លាយជាអ្នកផ្តល់ឥណទានដើម្បីជួយដល់ធនាគារ និងស្ថាប័នដែលកំពុងជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុបានទេ ប្រសិនបើខ្លួនមិនអាចជំរុញឱ្យពលរដ្ឋប្រើប្រាស់រូបិយវត្ថុក្នុងស្រុកban»។ ដោយសារតែការធ្វើដុល្លារនីយកម្ម រដ្ឋាភិបាលកម្ពុជាក៏កំពុងបាត់បង់ផលចំណេញពីការបោះពុម្ភក្រដាសប្រាក់ (Seigniorage) ឬតម្លៃដែលអាចទទួលបានពីការបោះពុម្ភក្រដាសប្រាក់ផងដែរ។

ប្រទេសកម្ពុជាចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ដោយក្នុងនោះ ការកើនឡើងកាន់តែខ្លាំងនៃអត្រាអតិផរណានៅក្នុងបណ្តាប្រទេសអភិវឌ្ឍធំៗ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាប្រឈមមុខនឹងហានិភ័យ ខណៈដែលការដំឡើងអត្រាការប្រាក់នៅពេលថ្មីៗនេះរបស់ធនាគារកណ្តាលអាមេរិកក៏អាចធ្វើឱ្យប្រាក់រៀលធ្លាក់តម្លៃផងដែរ។

យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក អត្រាអតិផរណាខ្ពស់នៅសហរដ្ឋអាមេរិក បូករួមនឹងគោលនយោបាយរឹតបន្តឹងរូបិយវត្ថុជាបន្តបន្ទាប់របស់ធនាគារកណ្តាលអាមេរិកអាចបង្កឱ្យមាន «ការកើនឡើងនៃសម្ពាធតម្លៃក្នុងស្រុក» ដែលនឹងនាំមកនូវបញ្ហាអតិផរណាលើទំនិញនាំចូល (Imported Inflation)។

ទោះជាយ៉ាងណាក៏ដោយ វាបានបង្ហាញយ៉ាងច្បាស់ថា «ការជំរុញឱ្យប្រទេសកម្ពុជាងាកទៅរកការប្រើប្រាក់រៀលពេញលេញ និងងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក អាចជាដំណើរការដ៏ស្មុគស្មាញខ្លាំង»។ នៅខែកក្កដា ឆ្នាំ ២០១៧ ក្រសួងពាណិជ្ជកម្មបានចេញនូវកិច្ចព្រមព្រៀងអន្តរក្រសួងមួយដែលតម្រូវឱ្យអាជីវកម្ម និងអ្នកផ្តល់សេវាកម្មទាំងអស់ប្រើប្រាស់ប្រាក់រៀលនៅលើផ្លាកកំណត់តម្លៃនៃផលិតផលនិងសេវាកម្មរបស់ពួកគេ។

នៅឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជាបានប្រកាសអំពីយុទ្ធនាការមួយទៀតក្នុងការផាត់ចេញនូវការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកដែលមានតម្លៃតូចៗនៅក្នុងសេដ្ឋកិច្ច។ ការផ្តួចផ្តើមគំនិតទាំងនេះបានជំរុញឆ្ពោះទៅរក «ការធ្វើប្រាក់រៀលនីយកម្ម» កាន់តែផុលផុស ដែលមានអមមកជាមួយនឹងការផ្ញើសារពីសំណាក់មន្ត្រីនានាអំពីអត្ថន័យនៃវិធានការទាំងនេះ ដែលនោះគឺ «ការធ្វើឱ្យកម្ពុជាពឹងផ្អែកកាន់តែខ្លាំងលើរូបិយវត្ថុផ្ទាល់ខ្លួន»។

ប្រធានធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បាននិយាយថា «វាមានសារៈសំខាន់ផ្នែកនយោបាយក្នុងការជំរុញឱ្យកម្ពុជាមានរូបិយវត្ថុផ្ទាល់ខ្លួន។ វាមានជាប់ពាក់ព័ន្ធទៅនឹងអធិបតេយ្យភាព ពោលគឺយើងនឹងមានអត្តសញ្ញាណផ្ទាល់ ខ្លួនរបស់យើង, រូបិយវត្ថុផ្ទាល់ជារបស់យើង ហើយវាក៏ជាប្រភពនៃមោទនភាពជាតិផងដែរ»។

ការពង្រឹងការប្រើប្រាស់ប្រាក់រៀលគឺជាវិធីសាស្ត្រមួយ ដែលត្រូវបានដាក់ចេញក្នុងគោលបំណងលុបបំបាត់ចោលនូវអតីតកាលមួយដែលត្រូវបានកំណត់ដោយការពឹងផ្អែកលើគេ និងដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយស្តីពីការពឹងពាក់លើខ្លួនឯងវិញ។ នៅពេលប្រាក់រៀលមានភាពរឹងមាំ ប្រជាជនកម្ពុជាអាចប្រើប្រាស់ក្រដាសប្រាក់ទាំងនេះយ៉ាងមានមោទនភាព និងអាចធានាបាននូវអំណាចនិងស្ថិរភាពនៃរូបិយវត្ថុរបស់ប្រទេស។

ជាមួយនឹងគោលដៅចុងក្រោយក្នុងការសម្រេចឱ្យបាននូវការធ្វើបដិ-ដុល្លារនីយកម្ម «De-dolarization» ធនាគារជាតិនៃកម្ពុជានិងរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំធ្វើការយ៉ាងសកម្មក្នុងការជំរុញឆ្ពោះទៅរកការធ្វើបដិ-ដុល្លារនីយកម្ម។ ប៉ុន្តែ បើទោះបីជាមានយុទ្ធនាការជាច្រើនក៏ដោយ ក៏ការធ្វើប្រាក់រៀលនីយកម្មយ៉ាងពេញលេញ នៅតែជាដំណើរផ្លូវមួយដ៏វែងឆ្ងាយ។

បញ្ហាធំបំផុតមួយពាក់ព័ន្ធនឹងរឿងនេះអាចមានជាប់ទាក់ទងនឹង «ទំនុកចិត្ត» ដោយក្នុងនោះ ទំនុកចិត្តលើប្រាក់រៀលបានធ្លាក់ចុះខ្សោយនៅក្នុងអំឡុងពេលកើតមានភាពចលាចលនៅក្នុងប្រទេស ហើយការស្តារទំនុកចិត្តឡើងវិញ ក៏បានជួបប្រទះនឹងការលំបាកចាប់តាំងពីពេលនោះមក។ ក្នុងអំឡុងរបបខ្មែរក្រហម ប្រទេសកម្ពុជាបានក្លាយជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលបានលុបចោលការប្រើប្រាស់លុយទាំងស្រុង។

ក្រោយមក ការពឹងផ្អែករបស់ប្រទេសកម្ពុជាលើប្រាក់ដុល្លារក៏បានចាក់ឬសយ៉ាងរឹងមាំតាមរយៈលំហូរចូលយ៉ាងគំហ៊ុកនៃប្រាក់ដុល្លារអាមេរិកក្នុងអំឡុងវត្តមានរបស់អាជ្ញាធរអ៊ុនតាក់នៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពនៅកម្ពុជាចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ហើយការប្រើប្រាស់ប្រាក់ដុល្លារក៏បានទទួលប្រជាប្រិយភាពកាន់តែច្រើនឡើងៗ បន្ទាប់ពីការកើតមានវិបត្តិអតិផរណាជាបន្តបន្ទាប់ចំនួន ២ ដង គឺនៅឆ្នាំ ១៩៩៣ និងឆ្នាំ ២០០៨។

ប្រវត្តិទាំងនេះបានជះឥទ្ធិពលទៅលើការយល់ឃើញរបស់ពលរដ្ឋចំពោះប្រាក់រៀល ហើយកង្វល់អំពីតម្លៃដើមនៃរូបិយវត្ថុក្នុងស្រុកក៏បានចាក់ឬសកាន់តែជ្រៅផងដែរ។ បើទោះបីជាប្រាក់ រៀលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកម្រិតរដ្ឋាភិបាលក៏ដោយ ក៏វិស័យឯកជននៅកម្ពុជានៅតែចូលចិត្តប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជាង ជាពិសេសនៅតាមតំបន់ទីប្រជុំជន។

ស្ទើរតែគ្រប់ទម្រង់ទាំងអស់នៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងការទូទាត់លើការផ្តល់ជំនួយ តែងត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ហើយភោជនីយដ្ឋាននិងអាជីវកម្មបម្រើភ្ញៀវទេសចរទាំងអស់ ក៏នៅតែកំណត់តម្លៃជាប្រាក់ដុល្លារដែរ។ ជាទូទៅ ពលរដ្ឋកម្ពុជាមិនមានការស្ទាក់ស្ទើរក្នុងការទទួលយកប្រាក់ដុល្លារអាមេរិកនោះទេ បើទោះបីជាមានយុទ្ធនាការរបស់ធនាគារជាតិនៃកម្ពុជានៅពេលថ្មីៗនេះក៏ដោយ។

នៅឆ្នាំ ២០១៩ ការស្ទង់មតិមួយដើម្បីវាស់ស្ទង់សតិអារម្មណ៍របស់សាធារណជនពាក់ព័ន្ធនឹងប្រាក់រៀល ត្រូវបានធ្វើឡើងដោយកាសែតភ្នំពេញប៉ុស្តិ៍ និងបានរកឃើញថា «បើទោះបីជាអ្នកឆ្លើយតបជាច្រើនមានទស្សនៈវិជ្ជមានចំពោះប្រាក់រៀលក៏ដោយ ក៏ពួកគេនៅតែមានកង្វល់ជាច្រើន»។

មន្ត្រីម្នាក់នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា «ការប្រើប្រាស់ប្រាក់រៀលមានភាពងាយស្រួលក្នុងការចំណាយប្រចាំថ្ងៃ និងមានភាពងាយស្រួលក្នុងការទុកដាក់ ហើយបើទោះបីជាវាចាស់ ឬរហែកបន្តិចក៏ដោយ ក៏យើងនៅតែអាចប្រើប្រាស់វាបាន»។

អ្នកឆ្លើយតបដដែលនេះបានបន្ថែមថា «កាន់តែសំខាន់គឺវាបានជួយលើកតម្កើងរូបិយវត្ថុជាតិរបស់យើងឱ្យកាន់តែមានស្ថិរភាព។ ក៏ប៉ុន្តែ វាមានការលំបាកខ្លាំងក្នុងការប្រើប្រាស់ប្រាក់រៀលដើម្បីទៅទិញវត្ថុថ្លៃៗ ដូចជារថយន្ត លំនៅដ្ឋាន ឬសម្ភារៈនាំចូលមួយចំនួន ដូចជាសម្ភារៈអេឡិចត្រូនិក និងសម្ភារៈបច្ចេកវិទ្យាជាដើម។

អាជីវករម្នាក់នៅទីក្រុងភ្នំពេញដែលបានចូលរួមក្នុងការស្ទង់មតិបាននិយាយថា «ខ្ញុំមានកង្វល់អំពីទំហំ និងពណ៌របស់ប្រាក់រៀល ដោយក្នុងនោះ វាបានបង្កឱ្យមានការភាន់ច្រឡំកាន់តែច្រើន នៅក្នុងចំណោមអ្នកប្រើប្រាស់»។ អាជីវករម្នាក់ទៀតបានបន្ថែមថា «ពេលខ្លះ គេត្រូវការពេលយូរក្នុងការត្រួតពិនិត្យវា ដោយសារតែក្រដាសប្រាក់ខ្លះមានទំហំ និងពណ៌ដូចគ្នាដែលជាហេតុធ្វើឱ្យអាជីវករដែលមិនសូវចេះអានលេខ ឬអក្សរ ជួបប្រទះនឹងការលំបាកខ្លាំង»។

នៅពេលថ្មីៗនេះ ធនាគារ ABA ដែលជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជាបានបញ្ឈប់ផ្តល់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមានតម្លៃតូចៗនៅតាមម៉ាស៊ីនដកប្រាក់របស់ខ្លួន ដែលជាហេតុធ្វើឱ្យអតិថិជនជាច្រើន បង្ហោះសារនៅតាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញនូវការខកចិត្តជាមួយធនាគារនេះ។ បញ្ហានេះបានបង្ហាញយ៉ាងច្បាស់ថា «ប្រជាជននៅតែមានតម្រូវការចំពោះប្រាក់ដុល្លារ»។

លោក Kea Borann ដែលជាប្រធានសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាបាននិយាយថា «ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀល ប្រជាជនកម្ពុជានិងម្ចាស់អាជីវកម្មទាំងអស់ចាំបាច់ត្រូវតែចូលរួមទាំងអស់គ្នាព្រោះបើមិនអញ្ចឹងទេ ការខិតខំប្រឹងប្រែងរបស់ធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុតែឯង នឹងមិនអាចសម្រេចបាននូវគោលដៅរបស់ធនាគារជាតិនៃកម្ពុជាបានទេ»។

ការធ្វើបដិ-ដុល្លារនីយកម្ម មិនមែនជាគោលនយោបាយមួយដែលអាចសម្រេចបានក្នុងរយៈពេលខ្លី ដូចដែលអ្នកជំនាញជាច្រើនបានលើកឡើងនោះទេ។ ប៉ុន្តែវាមានមាគ៌ាជាច្រើនផ្សេងទៀត ដែលរដ្ឋាភិបាលកម្ពុជានិងធនាគារជាតិនៃកម្ពុជាអាចសម្រេចបានជាបណ្តើរៗ។ កត្តាសំខាន់បំផុតដែលត្រូវលើកយកមកអនុវត្តដើម្បីសម្រេចឱ្យបាននូវគោលដៅនេះគឺ «ការកសាងទំនុកចិត្តលើប្រាក់រៀល»

លោក Jayant Menon ដែលជាប្រធានសេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និយាយថា «ទំនុកចិត្តគឺជាបញ្ហាដ៏ធំនៅកម្ពុជា។ នៅពេលពលរដ្ឋមានទំនុកចិត្តលើនិយ័តករនិងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលើគោលនយោបាយរូបិយវត្ថុនៅពេលនោះ ពលរដ្ឋនឹងមានឆន្ទៈក្នុងការប្រើប្រាស់ក្រដាសប្រាក់ក្នុងស្រុកយ៉ាងមានភាពជឿជាក់»។

រដ្ឋាភិបាលក៏អាចលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់ស្ថាប័នឯកជននៅក្នុងយុទ្ធនាការនេះផងដែរ។ ឧទាហរណ៍ រដ្ឋាភិបាលអាចបើកយុទ្ធនាការលើកទឹកចិត្តឱ្យវិស័យឯកជនទូទាត់ប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេជាប្រាក់រៀល។

ការផ្តួចផ្តើមគំនិតផ្សេងៗទៀតដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋកម្ពុជា អាចមានជាប់ពាក់ព័ន្ធនឹងការរៀបចំម៉ូដក្រដាសប្រាក់ដោយផ្តោតលើទំហំ និងគុណភាព ក៏ដូចជាម៉ូដដែលអាចធ្វើឱ្យក្រដាសប្រាក់មានភាពងាយស្រួលក្នុងការចំណាំ ដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់ប្រាក់រៀលបានដោយងាយស្រួល។

ការបោះពុម្ភក្រដាសប្រាក់ដែលប្រើប្រាស់វត្ថុធាតុដើមល្អៗជាងនេះ ដូចជាសារធាតុ Polymer ដូចដែលត្រូវបានប្រើប្រាស់នៅប្រទេសសិង្ហបុរី និងហុងកុង ក៏អាចផ្តល់នូវភាពទាក់ទាញខ្លាំងផងដែរ ហើយវាថែមទាំងអាចជួយធ្វើឱ្យអាយុកាលរបស់ក្រដាសប្រាក់មានរយៈពេលកាន់តែវែងជាងមុនទៀតផង។

ការលើកតម្កើងការប្រើប្រាស់ប្រាក់រៀល និងការកសាងទំនុកចិត្តលើប្រាក់រៀល មិនត្រឹមតែជាគោលដៅគោលនយោបាយសម្រាប់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តួចផ្តើមគំនិតមួយដែលនឹងលាតត្រដាងឱ្យឃើញអំពីទស្សនៈរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាទំនុកចិត្តរបស់ពួកគេលើស្ថាប័នទាំងមូលផងដែរ៕

Leang Seakleng / The Diplomat