ខ្មែរប៉ុស្ដិ៍ Close

ទំនុកចិត្តដ៏ទាបទៅលើប្រព័ន្ធ​ផ្សព្វផ្សាយធំៗនៅអាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 45
ទំនុកចិត្តដ៏ទាបទៅលើប្រព័ន្ធ​ផ្សព្វផ្សាយធំៗនៅអាស៊ីអាគ្នេយ៍ ទំនុកចិត្តដ៏ទាបទៅលើប្រព័ន្ធ​ផ្សព្វផ្សាយធំៗនៅអាស៊ីអាគ្នេយ៍

នៅពេលនិយាយអំពីទំនុកចិត្តរបស់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាស៊ីអាគ្នេយ៍ មិនមាននៅក្នុងប្រធានបទនេះទេ។ បើយោងតាមការបោះពុម្ពផ្សាយឆ្នាំ ២០២២ នៃរបាយការណ៍ស្ដីអំពីព័ត៌មានឌីជីថលរបស់វិទ្យាស្ថាន Reuters បានឱ្យដឹងថា ជំនឿចិត្តជាសាធារណៈទៅលើវិស័យព័ត៌មាន នៅតែមានកម្រិតទាបនៅឡើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន និងថៃ។

មានមនុស្សចំនួន ៩៣ ៤៣២ នាក់នៅ ប្រទេសចំនួន ៤៦ ត្រូវបានស្ទាបស្ទង់មតិលើរឿងនេះ។ ក្នុងចំណោមប្រទេសចំនួន ៥ នៅអាស៊ីអាគ្នេយ៍ ប្រទេសម៉ាឡេស៊ីមានកម្រិតនៃការជឿទុកចិត្តជាសាធារណៈទាបជាងគេបំផុតក្នុង ចំណោមសារព័ត៌មានធំៗ (៣៦% នៃអ្នកឆ្លើយតបបានបង្ហាញអំពីការជឿទុកចិត្ត) បន្ទាប់មកគឺប្រទេសហ្វីលីពីន (៣៧%), ឥណ្ឌូណេស៊ី (៣៩%) និងសិង្ហបុរី (៤៣%) ។

ប្រទេសថៃគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានអ្នកឆ្លើយសំណួរច្រើនជាងពាក់កណ្តាល (៥៣%) បាននិយាយថា ជារឿយៗពួកគេជឿជាក់លើព័ត៌មានភាគច្រើនបំផុត។

ការជឿទុកចិត្តរបស់សាធារណៈជន ទៅលើបណ្តាញព័ត៌មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែបានធ្លាក់ចុះទាំងអស់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ដែលកាលនោះ គេបានរកឃើញជាទូទៅថា ជំនឿទុកចិត្តលើព័ត៌មានបានធ្លាក់ចុះស្ទើរតែពាក់កណ្តាលក្នុងចំណោមប្រទេសទាំង ៤៦ ដែលបានស្ទង់មតិ។

ជាមធ្យម អ្នកឆ្លើយសំណួរចំនួន ៤២% បាននិយាយថា ពួកគេជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយធំៗ។ កម្រិតនៃការជឿទុកចិត្តរបស់សាធារណៈជនមាននិន្នាការធ្លាក់ចុះនៅពេលខ្លះ ហើយ «ជាការគួរឱ្យកត់សម្គាល់ គឺវាទាបជាងកាលពីឆ្នាំ ២០១៥ ទៅទៀត» ។

របាយ​ការណ៍​នេះ​បាន​កំណត់អំពីកត្តាធំៗចំនួន ២ ដែលបណ្ដាលឱ្យមានកម្រិតដ៏ទាបនៃការ​ជឿ​ទុក​ចិត្ត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗ គឺ៖ កង្វះការចាប់អារម្មណ៍​ចំពោះ​វិស័យព័ត៌មាននិង​តម្លៃ​របស់​វា និង​ការ​យល់​ឃើញ​យ៉ាង​ទូលំទូលាយ​អំពី​ភាព​លម្អៀង​ខាង​នយោបាយ​និង​សារព័ត៌មាន។

ការត្រួតពិនិត្យកាន់តែដិតដល់ជាងមុននៃប្រព័ន្ធអេកូព័ត៌មាននៅក្នុងប្រទេសទាំង៥ នៅអាស៊ីអាគ្នេយ៍ដែលបានស្ទង់មតិ បានបង្ហាញថា ក្នុងចំណោមពួកគេខ្លះ ផលប្រយោជន៍នយោបាយនិងផលប្រយោជន៍របស់ឥស្សរជនសាជីវកម្មគ្រាក់ៗ បានទៅកំណត់ទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងជាងមុនទៅទៀត។

នៅក្នុងប្រទេសផ្សេងទៀត ការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយដោយឥតឈប់ឈរ និងការរឹតត្បិតសិទ្ធិបញ្ចេញមតិបានបង្កើតឱ្យមានបរិយាកាសនៃការភ័យខ្លាចក្នុងចំណោមអ្នកកាសែត និងបង្កើតឱ្យមានទម្រង់ថ្មីនៃការសរសេរខ្លឹមសារព័ត៌មាននៅស្ទើរតែគ្រប់ស្ថាប័នផ្សព្វផ្សាយ។

របាយការណ៍របស់ Reuters បានគូសបញ្ជាក់អំពីការរីករាលដាលនៃឥទ្ធិពលរបស់ឥស្សរជនគ្រាក់ៗ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលចំនួន៨ ដែលគ្រប់គ្រងដោយឧកញ៉ាមួយចំនួន និងដែលប្រើសម្រាប់បម្រើផលប្រយោជន៍សាជីវកម្មរបស់ពួកគេ បានគ្របដណ្តប់លើទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

លើកលែងតែស្ថាប័នឯករាជ្យ Malaysiakiniមួយចេញ អង្គភាពសំខាន់ៗរបស់ម៉ាឡេស៊ីចំនួន៥ កំពុងដំណើរការបណ្តាញព័ត៌មានមួយចំនួនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណបក្សនយោបាយដែលបានគ្រប់គ្រងប្រទេសនេះអស់ជាច្រើនទសវត្សរ៍មកហើយ។

ថាមវ័ន្តនេះបានគូស បញ្ជាក់អំពីទំនាក់ទំនងរវាងនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការបង្ហាញយ៉ាងច្បាស់ថា ភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយមានការកើនឡើងហើយ។

ដាច់ដោយឡែកពីនេះ របាយការណ៍របស់ Reuters បានកត់សម្គាល់អំពីផែនការរបស់អង្គភាព Singapore Press Holdings ក្នុងការក្លាយជាក្រុមហ៊ុនមិនរកប្រាក់ចំណេញវិញម្ដង ដើម្បីសន្សំប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលជាវិធានការមួយដែលអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថា ស្ថិតនៅក្រោម «ឥទ្ធិពលរបស់រដ្ឋាភិបាលដែលមានកាន់តែខ្លាំងមកលើសារព័ត៌មាននៅក្នុងប្រទេសសិង្ហបុរី»។

ការបង្កើនការបង្រ្កាបនិងការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រព័ន្ធផ្សព្វផ្សាយ ក៏បានធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្វីលីពីន និងនៅប្រទេសថៃផងដែរ។ បើយោងតាមរបាយការណ៍ដដែលនេះ នៅក្នុងប្រទេសហ្វ៊ីលីពីន អ្នកសារព័ត៌មាន, អ្នកត្រួតពិនិត្យរកការពិត និងអង្គការរបស់ពួកគេ បានក្លាយជាគោលដៅនៃការវាយប្រហារដោយរដ្ឋាភិបាលតាមប្រព័ន្ធអ៊ីនធឺណិត និងនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃរបស់ពួកគេ។

របាយការណ៍ដដែលនេះបានកត់សម្គាល់ថា នៅក្នុងប្រទេសថៃ ការរឹតត្បិតសិទ្ធិបញ្ចេញមតិនៅតែ «ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី» ជាពិសេសនៅក្រោមការគ្រប់គ្រងរបស់រាជាធិបតេយ្យ និងរបបយោធា។ និន្នាការនេះបានពង្រីកទៅដល់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀតដែលមិនត្រូវបានស្ទង់មតិដោយ Reuters ដែលរួមមាន វៀតណាម, កម្ពុជា និងមីយ៉ាន់ម៉ា ដែលជំនឿចិត្តរបស់សាធារណៈជនលើប្រព័ន្ធផ្សព្វផ្សាយធំៗ ទំនងជាមិនមានភាពល្អប្រសើរនោះទេ ដោយសារតែយន្តការគាបសង្កត់ដែលប្រទេសទាំងនោះមាន។

នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ ដែលបានស្ទង់មតិអ្នកឆ្លើយតប តិចជាង ១/៣ បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយបានរេទៅតាមការប្រែប្រួលខាងនយោបាយនិងខាងសាជីវកម្ម។ គំនិតបែបនេះបានបង្ហាញចេញយ៉ាងច្បាស់ក្រឡែតនៅក្នុងប្រទេសម៉ាឡេស៊ីដែលមានអ្នកឆ្លើយសំណួរតែ ២០% ប៉ុណ្ណោះដែលបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់ពួកគេមិនរង «ឥទ្ធិពលពីអ្នកនយោបាយ» ហើយ ២៣% ទៀត បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយមិនបានរេទៅតាម «ឥទ្ធិពលនៃសាជីវកម្ម» នោះទេ។ ការ​យល់​ឃើញ​របស់​ពួក​គេ​គឺ​ស្រប​ទៅតាម​ការ​យល់​ឃើញ​របស់​ប្រជាជនអន្តរជាតិជាទូទៅដែរ។

ដោយយោងទៅតាមទស្សនៈយល់ឃើញបែបនេះ អ្នកអានដែលចេះប្រើអ៊ីនធឺណិត ជាពិសេស យុវជននៅក្នុងប្រទេសទាំង ៥ បានងាកមកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាជំនួសវិញដើម្បីតាមដានព័ត៌មាន។ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ជំនួស​បែប​នេះ​ មិន​មែន​ជា​ថ្នាំដ៏សក្ដិសិទ្ធក្នុងការ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋនិង​សាជីវកម្ម​ទៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗនោះទេ។

ស្ថាប័នស្រាវជ្រាវកាន់តែច្រើនឡើងៗបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាទីកន្លែងដែលរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ជាច្រើនប្រើប្រាស់ជាអាវុធ និងជាកូនអុកដ៏មានតម្លៃមួយសម្រាប់ការគ្រប់គ្រងដោយផ្ទាល់តាមបែបផ្តាច់ការ។ វិធីសាស្រ្តរបស់ពួកគេគឺការបង្ហោះរូបត្លុកបែបឌឺដង (Trolls) ដើម្បីបំភ្លៃព័ត៌មាននៅលើអនឡាញ ឬបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាដកចេញនូវការរិះគន់ដែលធ្វើឱ្យអាជ្ញាធរមិនពេញចិត្ត។

ទាំងអស់នេះគឺជាសញ្ញាណដ៏អាក្រក់ ដែលធ្វើឱ្យតំបន់មួយដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៤០០ លាននាក់ ងាយនឹងរងគ្រោះដោយលំហូរដ៏គំហុកនៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងការឃោសនាអកុសល។

វាក៏អាចបង្កើតឱ្យមានវដ្តដ៏កាចសាហាវមួយផងដែរ ពោលគឺកាលណាមនុស្សកាន់តែច្រើនធ្លាក់ទៅក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ នោះពួកគេក៏កាន់តែបាត់បង់ទំនុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយធំៗផងដែរ។ មានអំណះអំណាងដែលគាំទ្រដល់វដ្ដនេះនៅក្នុងរបាយការណ៍ឆ្នាំ ២០២០ ដោយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ, នយោបាយ និគោលនយោបាយសាធារណៈ Shorenstein នៃសាលា Harvard Kennedy ។

វិធីសាស្រ្តមួយដើម្បីស្តារទំនុកចិត្តសាធារណជនលើប្រព័ន្ធផ្សព្វផ្សាយឡើងវិញ គឺការជំរុញបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់នូវផលប្រយោជន៍សាធារណៈលើសពីអ្វីៗផ្សេងទៀត ដែលកំណត់ដោយភាពត្រឹមត្រូវ ភាពជាប់ពាក់ព័ន្ធ និងវត្ថុបំណងច្បាស់លាស់។ សារព័ត៌មានដែលគួរឱ្យទុកចិត្តជាងមុន និងកម្រិតខ្ពស់ជាងមុននៃចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលរដ្ឋាភិបាលនានានៅអាស៊ីអាគ្នេយ៍ ប្រើភាពបន្ទាន់ក្នុងការទប់ស្កាត់ការវាយលុកពីព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។

ស្ថានភាពដ៏គួរឱ្យសង្វេគនៃទំនុកចិត្តរបស់សាធារណជននាពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានការចូលរួមផ្លាស់ប្តូរពីគ្រប់ភាគីពាក់ព័ន្ធ, ពីអ្នកនយោបាយ រហូតដល់អង្គភាព សារព័ត៌មាន។ ទោះយ៉ាងណា សំណួរដែលសំខាន់បំផុតនោះគឺ​ថា តើគេត្រូវចាប់ផ្ដើមពីណាទៅណា និងថា តើអ្នកណាជាអ្នកធ្វើ​ការ​ដ៏លំបាកនេះ។

លើសពីនេះ ដើម្បីបង្កើតឱ្យមានវិស័យសារព័ត៌មានដ៏ល្អមួយ គេត្រូវបង់ថ្លៃធំណាស់ ហើយការបង្កើតនិងចែកចាយព័ត៌មានព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត បែរជាមានតម្លៃថោកទៅវិញ។ ប៉ុន្តែវាដល់ពេល ហើយដែលស្ថាប័ននយោបាយនិងសាជីវកម្មគ្រាក់ៗ ត្រូវដឹកដៃគ្នាឆ្ពោះទៅរកការរស់ឡើងវិញនូវសារព័ត៌មានដែលមានគុណភាពខ្ពស់, ឯករាជ្យ និងមានលក្ខណៈស៊ើបអង្កេតនៅក្នុងតំបន់ ជំនួសឱ្យការឃោសនាតាម
ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងបរិបទនេះ ប្រទេសឥណ្ឌូណេស៊ី ជាទីដែលភស្តុតាងនៃឥស្សរជននយោបាយនិងអ្នក មានគ្រាក់ៗកំពុងដាក់ពង្រាយកងទ័ពតាមអ៊ីនធឺណិតដើម្បីគ្រប់គ្រងមតិសាធារណៈកាន់តែកើនឡើងប្រហែលជាអាចឈានមុខគេក្នុងការ បញ្ឈប់ទំនោរនៃការ និទានព័ត៌មានមិនពិតតាមប្រព័ន្ធផ្សព្វផ្សាយ។ Fulcrum