របៀបដែលអាស៊ានកំពុងសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរ
អាស៊ានត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច, អភិបាលកិច្ចល្អ និងសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីទទួលបានកំណើនយ៉ាងឆាប់រហ័សនាពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ពេលនេះប្រទេសទាំង១០ កំពុងប្រឈមមុខនឹងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង, ការបែកបាក់ផ្ទៃក្នុង និងភាពមិនប្រាកដប្រជាខាងផ្នែកសេដ្ឋកិច្ច។
កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍និងការអភិវឌ្ឍ បានធ្វើឱ្យអាស៊ានក្លាយជាប្លុកភូមិសាស្ត្រនយោបាយមួយដែលកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើន នៅអាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន និងបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំង ១០ នេះ ដែលជាលទ្ធផល គេឃើញមានដូចជា កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, លំហូរពាណិជ្ជកម្មនិងការវិនិយោគកាន់តែច្រើនព្រមទាំងការរីកចម្រើនខាងវិស័យអប់រំនិងបច្ចេកវិទ្យាទៀតផង។
លោកស្រី Mandhana ប្រធានការិយាល័យកិច្ចការអាស៊ីអាគ្នេយ៍ប្រចាំនៅកាសែត The Wall Street Journal បាននិយាយថា «ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថា តើមាគ៌ាដែលប្រទេសអាស៊ីជាច្រើន រាប់ចាប់ពីប្រទេសជប៉ុន, កូរ៉េខាងត្បូង, បណ្ដាប្រទេសខ្លានៅអាស៊ី, ប្រទេសចិននាពេលថ្មីៗនេះ និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានប្រកាន់ យកក្នុងរយៈពេលពាក់កណ្តាលសតវត្សចុងក្រោយនេះ (ការនាំចេញនូវមុខទំនិញដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច) នឹងនៅតែបន្តមានប្រសិទ្ធភាពសម្រាប់ប្រទេសឧស្សាហ៍កម្មថ្មីថ្មោងដែរឬក៏យ៉ាងណា។
មូលហេតុគឺថា រឿងរ៉ាវមួយចំនួនបានផ្លាស់ប្តូរហើយ ដូចជាប្រាក់ឈ្នួលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅគ្រប់ទីកន្លែង ពោលគឺពលរដ្ឋនៅតាមបណ្ដាប្រទេសនានានឹងមានវ័យកាន់តែចាស់ មុនពេលពួកគេក្លាយជាអ្នកមាន។
លោកស្រីបាន និយាយថា «អ្នកកំពុងមើលឃើញហើយ ការបង្វែរចេញពីវិស័យឧស្សាហកម្មក្នុងពេលថ្មីៗនេះនៅតាមបណ្ដាប្រទេសមួយចំនួន ដែលចំណែក GDP បានមកពីវិស័យនេះនៅប្រទេសទាំងនោះ មានកម្រិតទាបជាងអ្វីដែលអ្នកបានឃើញ នៅបណ្ដាប្រទេសឧស្សាហកម្មលោកខាងលិច ឬអាស៊ីក្នុងរយៈពេលពាក់កណ្តាលសតវត្សចុងក្រោយនេះ»។
អាស៊ានអាចរស់រានមានជីវិតបានជាច្រើនទសវត្សរ៍ បើទោះបីជាមានភាពចម្រុះខាងភាសា, នយោបាយ, សេដ្ឋកិច្ច និងវប្បធម៌នៅក្នុងតំបន់ក៏ដោយ។ លោកស្រី Mandhana បានធ្វើការកត់សម្គាល់អំពីជោគជ័យធំៗចំនួន២ ដែលទី១ គឺ «ពាណិជ្ជកម្មសេរី»។
លោកស្រីបានរៀបរាប់ថា «ចាប់ពីឆ្នាំ ១៩៩២ មក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅផ្ទៃក្នុងអាស៊ាន ហើយបន្ទាប់មក ប្លុកនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសមហាអំណាចធំៗផ្សេងទៀតនៅក្នុងតំបន់ ដែលរួមមានដូចជា ចិន, កូរ៉េខាងត្បូង, ឥណ្ឌា និងប្រទេសដទៃទៀត។
កិច្ចព្រមព្រៀងទាំងនោះបានជួយសម្រួល និងបានជួយលើកកម្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីខាងវិស័យផលិតកម្មដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានអភិវឌ្ឍ»។
កត្តាជោគជ័យទី២ គឺប្លុកនេះ «បានបង្កើតនូវវេទិកាសម្រាប់កិច្ចសន្ទនាដូចជាតាមរយៈវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាដើម។ វេទិកាទាំងនេះគឺជាឱកាសដ៏សំខាន់សម្រាប់ឱ្យមេដឹកនាំពិភពលោកចូលរួមជាមួយគ្នា, អាចប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងកម្រិតខ្ពស់បំផុត និងដើម្បីអាចរកបានដំណោះស្រាយទៅនឹងបញ្ហាលំបាកៗជាច្រើន»។
ទោះយ៉ាងណា មេដឹកនាំក្នុងតំបន់នេះមិនអាចដោះស្រាយបញ្ហាធំៗមួយចំនួន ដែលប៉ះពាល់ដល់តំបន់ខ្លួននោះទេ។ លោក Peter Schechter មកពីស្ថាប័ន Altamar បានលើកឡើងនូវសំណួរអំពីបញ្ហាភូមិសាស្ត្រធំៗចំនួន២ ដែលហាក់ដូចជាកំពុងបង្កបញ្ហាដល់ការរួបរួមគ្នារបស់អាស៊ាន ដែល៖
- ទី (១) ៖ គឺការកើនឡើងនូវភាពតានតឹងជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូង និង
- ទី (២) ៖ គឺការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។
លោកស្រី Mandhana បានឆ្លើយតបថា គេពិបាកក្នុងការធ្វើសកម្មភាពណាមួយចំពោះបញ្ហាទាំងនេះណាស់ ដោយសារតែ «អាស៊ានជាស្ថាប័នមួយដែលប្រកាន់យកគោលការណ៍កុងសង់ស៊ីស»។ ជាក់ស្ដែង «ការឆ្លើយតបទៅនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាមានសភាពទន់ខ្សោយ និងគ្មានប្រសិទ្ធភាពនោះទេ»។
ប៉ុន្តែកាលពីឆ្នាំទៅ ពួកគេបានបដិសេធមិនអញ្ជើញមេដឹកនាំរបបយោធាឱ្យមកចូលរួមប្រជុំនោះទេ ដែលនោះគឺជាការមាក់ងាយខាងការទូតយ៉ាងធ្ងន់ធ្ងរមួយ។ ក៏ប៉ុន្តែ វាមិនបានធ្វើឱ្យមានការផ្លាស់ប្ដូរណាមួយនៅមីយ៉ាន់ម៉ានោះឡើយ។
បើតាមលោកស្រី Mandhana «មានការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងកម្រិតយ៉ាងធំសម្បើមមួយរវាងកំណើនយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មរបស់ចិន ជាមួយនិងអាស៊ីអាគ្នេយ៍។ ចិនគឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចដ៏ធំសម្បើមមួយនៅជាប់និងតំបន់អាស៊ីអាគ្នេយ៍ ហើយតំបន់នេះចង់ភ្ជាប់ខ្លួនទៅនឹងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនេះ ដើម្បីទទួលបានផលប្រយោជន៍។
លោកស្រីបាននិយាយថា «ប៉ុន្តែក៏មានបញ្ហាលំបាកៗខ្លាំងណាស់ដែរក្នុងការធ្វើការជាមួយប្រទេសចិន។ ជាក់ស្ដែង បញ្ហាសមុទ្រចិនខាងត្បូង ធ្វើឱ្យគម្រោងរុករកប្រេងនិងឧស្ម័ន ឬទីតាំងធ្វើនេសាទ និងសិទ្ធិនេសាទរបស់ប្រទេសហ្វីលីពីននិងវៀតណាម ត្រូវស្ថិតក្រោមសម្ពាធនៃសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង។ ដូចខ្ញុំបាននិយាយហើយថា ការកសាងកោះសិប្បនិម្មិត និងការធ្វើយោធូបនីយកម្មនៅទីនោះ គឺជាក្ដីព្រួយបារម្ភដ៏ធំមួយ»។
ចំណែកសហរដ្ឋអាមេរិកដែលជាអ្នកព្រួយបារម្ភអំពីបញ្ហានេះវិញ រដ្ឋការនេះមានចេតនាបង្កើតទំនាក់ទំនងឱ្យកាន់តែ ប្រសើរជាងមុន ជា មួយនិងទស្សនកិច្ចកម្រិតខ្ពស់មកកាន់តំបន់នេះ។ ទោះជាយ៉ាងណា លោកស្រី Mandhana បានរៀបរាប់ថា «ប្រជាជាតិ នៅអាស៊ីអាគ្នេយ៍កំពុងរង់ចាំមើលថា តើសហរដ្ឋអាមេរិកនឹងផ្តល់អ្វីខ្លះដល់ពួកគេ ទាក់ទងនឹងឱកាសនៃកំណើនសេដ្ឋកិច្ចនិងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទាំងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគ និងទាំងទៅលើបញ្ហាអាកាសធាតុ ដែលរហូតមកដល់ពេលនេះ គេពុំទាន់ឃើញមាននៅឡើយទេ»។
លោកស្រី Mandhana បានពន្យល់អំពីរបៀបដែលយុវជននៅក្នុងតំបន់កំពុងកំណត់អំពីរូបរាង នៃអនាគតសម្រាប់តំបន់របស់ខ្លួន។ «មានមធ្យោបាយសំខាន់ៗចំនួន២ ដែលយើងអាចលើកមកបញ្ជាក់អំពីរឿងនេះបាន»។
ទី (១) ៖ គឺនៅលើវិស័យឌីជីថល។ យើងអាចមើលឃើញពីការកើនឡើងនៃនវានុវត្តន៍តាមបែបឌីជីថល, ចំនួនកាន់តែច្រើនឡើងនៃក្រុមហ៊ុនដែលរកស៊ីខាងឌីជីថល, ការទូទាត់តាមឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។
ទី (២) ៖ គឺនៅខាងផ្នែកនយោបាយ។ មនុស្សជំនាន់ក្រោយមានការខកចិត្តនឹងឥស្សរជននយោបាយធំៗនៅក្នុងប្រទេសរបស់ពួកគេ ដែលនេះគឺជាយុវជនសម័យសាកលភាវូបនីយកម្មដែលប្រើប្រាស់អ៊ីនធឺណិត និងដែលចង់បានអនាគតដាច់ដោយឡែកមួយផ្សេងសម្រាប់ខ្លួនគេ»។
ជាការពិត ការវិវឌ្ឍរបស់យុវជនបានបង្កឱ្យមានការតវ៉ាជាច្រើន។ ជាក់ស្ដែង ប្រទេសថៃកាលពីមុន គេមិនដែលដឹងមិនដែលឮ ឬមិនដែលបានសួរនាំអំពីរបបរាជានិយមនោះទេ។ «ការសួរនាំពីរបបរាជានិយមនៅក្នុងប្រទេសថៃ មិនត្រឹមតែធ្វើឱ្យអ្នកជាប់គុកនោះទេ ប៉ុន្តែអ្នកក៏ត្រូវបានសង្គមថៃរើសអើងយ៉ាងខ្លាំងទៀតផង»។
លោកស្រីបានបន្តថា ប៉ុន្តែឥឡូវនេះប្រជាពលរដ្ឋថៃបានចាប់ផ្ដើមចោទសួរទៅអាជ្ញាធរ នូវសំណួរមួយចំនួនដូចជា «តើគេយកលុយទាំងនោះទៅចាយនៅឯណា? តើពួកគេកំពុងធ្វើអ្វីនៅក្រៅប្រទេស …?
អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលគេមិនអាចសួរសំណួរទាំងនេះនៅទីសាធារណៈបាន ឬសូម្បីតែតាមរយៈការខ្សឹបខ្សៀវគ្នាក៏ដោយ» ៕ Bring News