ខ្មែរប៉ុស្ដិ៍ Close

អនាគតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 53
អនាគតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន អនាគតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន

លោក Wendi Wiliyanto បានសរសេរថា «សមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងជាប់គាំង ហើយសហគមន៍សេដ្ឋកិច្ចអាស៊ានក៏កំពុងបាត់បង់សារៈសំខាន់របស់ខ្លួនផងដែរ ក្នុងនាមជាក្របខណ្ឌដ៏ល្អប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់»។

យោងតាមទិន្នន័យពីរបាយការណ៍ទស្សនវិស័យអភិវឌ្ឍអាស៊ាន (ASEAN Development Outlook) «ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសជាសមាជិកអាស៊ានកាលពីឆ្នាំ ២០១៩ មានចំនួន ៣,២ ទ្រីលានដុល្លារ»។ តួរលេខនេះបានធ្វើឱ្យអាស៊ានក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ របស់ពិភពលោក ហើយអាចនឹងក្លាយទៅជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅត្រឹមឆ្នាំ ២០៣០។

ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចរបស់អាស៊ាន សមត្ថភាពរបស់ស្ថាប័ននេះក្នុងការជះឥទ្ធិពលទៅលើសមាហរណកម្មសេដ្ឋកិច្ច គឺជាបញ្ហាសំខាន់។ នៅពេលដែលប្រទេសនានាធ្វើសមាហរណកម្មបានកាន់តែច្រើន កិច្ចសហប្រតិបត្តិការនឹងមានភាពកាន់តែខ្លាំងក្លា ហើយវានឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចរបស់អាស៊ាន។

នេះជាមូលហេតុដែលនាំមកនូវការបង្កើត «សហគមន៍សេដ្ឋកិច្ចអាស៊ាន – AEC» ដើម្បីជួយជំរុញភាពស្អិតរមួត និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចដើម្បីជួយលើកកម្ពស់ការប្រកួតប្រជែង និងការកសាងភាពធន់នៅក្នុងអាស៊ាន។ សហគមន៍ AEC មានគោលបំណងធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

លំហូរដោយសេរី នៃទំនិញ, សេវាកម្ម, ការវិនិយោគ, ដើមទុន និងកម្លាំងពលកម្មនៅ ក្នុងអាស៊ាន នឹងជំរុញឱ្យមានការរីកចម្រើននូវបណ្តាញផលិតកម្មក្នុងតំបន់ ហើយនឹងពង្រឹងការរួមចំណែករបស់អាស៊ាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់អាស៊ាននៅមានកម្រិតទាប បើប្រៀបធៀបជាមួយនឹងភាពជាដៃគូផ្សេងទៀតនៅក្នុងតំបន់ ហើយការធ្វើពាណិជ្ជកម្មក្នុងតំបន់ក៏បានរងនូវការជាប់គាំងផងដែរអស់រយៈពេលជិត ២ ទសវត្សរ៍កន្លងមកនេះ។

ជំនួសឱ្យការបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់រវាងគ្នាទៅវិញទៅមក ប្រទេសជាសមាជិកអាស៊ានបានពឹងផ្អែកកាន់តែខ្លាំងទៅលើបណ្តាប្រទេស ដែលមិនមែនជាសមាជិកអាស៊ានឱ្យ មកធ្វើជាដៃគូចម្បងរបស់ពួកគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។

មូលហេតុនៅពីក្រោយបញ្ហានេះគឺ «ទីផ្សាររបស់ប្រទេសជាសមាជិកអាស៊ាន មិនមានការអភិវឌ្ឍខ្លាំងដូចបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ាន ជាពិសេសគឺប្រទេសចិន និងសហរដ្ឋអាមេរិក»។ ដូច្នេះ ការបង្កើតជាទីផ្សារតែមួយដែលជាគោលបំណងដ៏សំខាន់នៃការបង្កើតសហគមន៍ AEC នឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន បូករួមទាំងការផ្លាស់ប្តូរទិដ្ឋភាពការងារនៅក្នុងតំបន់។

ការចល័តកម្លាំងពលកម្ម ជាពិសេសពីតំបន់ដែលសំបូរទៅដោយកម្មករជំនាញ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធភាព ក៏ដូចជាការជួយសម្របសម្រួលដល់ការផ្ទេរចំណេះដឹងនិងកំណើនបច្ចេកវិទ្យា។ ជាក់ស្តែង ប្រទេសជាសមាជិកអាស៊ានទាំងអស់បាននិងកំពុងជួបប្រទះនឹងកង្វះកម្លាំងពលកម្មជំនាញ ដែលជាហេតុធ្វើឱ្យពួកគេបាត់បង់ឱកាស ក្នុងការទទួលបាននូវអត្ថប្រយោជន៍។

កង្វះកម្លាំងពលកម្មជំនាញនៅក្នុងបណ្តាប្រទេសអាស៊ានក៏នឹងធ្វើឱ្យបញ្ហាវិសមភាពប្រាក់ឈ្នួលរវាងប្រទេសជាសមាជិកទាំងអស់កាន់តែមានភាពធ្ងន់ធ្ងរផងដែរ។ ជាឧទាហរណ៍ «នៅក្នុងប្រទេសថៃ ប្រាក់ចំណូលប្រចាំខែរបស់ប្រជាជនមានចំនួនច្រើនជាងប្រទេសកម្ពុជា និងឡាវ រហូតដល់ទៅ ៣ ដង ខណៈដែលប្រទេសសិង្ហបុរីក៏បាននិងកំពុងផ្តល់ប្រាក់ឈ្នួលយ៉ាងខ្ពស់ដើម្បីទាក់ទាញកម្លាំងពលកម្មជំនាញពីគ្រប់ប្រទេសអាស៊ានទាំងអស់»។

ប្រការនេះនឹងធ្វើឱ្យប្រទេសអាស៊ានមួយចំនួនតូចមានកម្លាំងពលកម្មជំនាញច្រើនលើសលុប ខណៈដែលប្រទេសផ្សេងៗទៀតនឹងប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មជំនាញកាន់តែធ្ងន់ធ្ងរ។ ការធ្វើចំណាកស្រុកច្រើនហួសកម្រិតក៏អាចនឹងកើតមានផងដែរដែលអាចបង្កការគំរាមកំហែងដល់លទ្ធភាពក្នុងការទទួលបានការងារសម្រាប់ប្រជាជនក្នុងស្រុក។

សហគមន៍ AEC ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់យន្តការសេដ្ឋកិច្ចដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅនយោបាយ។ បណ្តាប្រទេសអាស៊ានមានទំនោរងាកទៅរកការធ្វើពាណិជ្ជកម្មដែលមាន លក្ខណៈគាំពារនិយម ដោយសារតែរចនាសម្ព័ន្ធដែលមានលក្ខណៈបក្ខពួកនិយមបានជះឥទ្ធិពលទៅលើការសម្រេចចិត្តផ្នែកគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

បញ្ហានេះបានជះឥទ្ធិពលមិនល្អទៅលើក្របខណ្ឌដំបូងរបស់សហគមន៍ AEC ដែលមិនបានរួមបញ្ចូលនូវគោលការណ៍ស្តីពីលំហូរទំនិញ និងសេវាកម្មដោយសេរី។ បើទោះបីជាសហគមន៍ AEC ទទួលបានជោគជ័យក្នុងការកាត់បន្ថយពន្ធពាណិជ្ជកម្មក៏ដោយ ក៏គោលនយោបាយមិនមែនពន្ធគយ ដូចជាកូតា និងតម្រូវការបច្ចេកទេសនៅតែត្រូវបានគេរក្សាទុកដើម្បីការពារទីផ្សារក្នុងស្រុក។ ជាលទ្ធផលគោលបំណងរបស់សហគមន៍ AEC ក្នុងការធ្វើសេរីភាវូបនីយកម្មការវិនិយោគ និងជំរុញលំហូរមូលធនបានវិវឌ្ឍទៅមុខយ៉ាងយឺតៗ។

ប្រទេសអាស៊ានមួយចំនួនបានដាក់ចេញនូវការរឹតត្បិត ដោយយល់ព្រមទទួលយកតែសេវាកម្មដែលមានវិជ្ជាជីវៈ (Professional Service) ពីប្រទេសអាស៊ានផ្សេងទៀតប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យសហគមន៍ AEC មិនមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ហើយនេះគឺជាមូលហេតុដែលនាំ មកនូវការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។

ការបង្កើតភាពជាដៃគូ RCEP ពិតជាមានសារៈសំខាន់ណាស់។ សមាជិកភាពនៃកិច្ចព្រមព្រៀងនេះរួមមានប្រទេសអាស៊ានទាំងអស់ បូករួមនឹងប្រទេសជាដៃគូពាណិជ្ជកម្មសេរីរបស់អាស៊ានចំនួន ៥ ដែលមានដូចជាអូស្ត្រាលី,នូវែលសេឡង់, ចិន, ជប៉ុននិងកូរ៉េខាងត្បូង។

ដោយសារតែវិសាលភាពដ៏ធំនិងការផ្តល់សច្ចាប័នដោយផ្អែកទៅលើកិច្ចព្រមព្រៀង, កិច្ចព្រមព្រៀង RCEP ទទួលបានជោគជ័យច្រើនក្នុងការបង្កើតឱ្យមានទីផ្សារបើកចំហ, លើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន។

រួមបញ្ចូលគ្នា ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP មានទំហំស្មើនឹង ៣១% នៃការវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក។ ដូច្នេះ «ការចូលរួមនៅក្នុងកិច្ចព្រមព្រៀង RCEP ពិតជាបានផ្តល់នូវឱកាសវិនិយោគ និងការធ្វើសេរីភាវូបនីយកម្មកាន់តែរឹងមាំដល់ប្រទេសជាសមាជិកអាស៊ានក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេ ជាងអ្វីដែលសហគមន៍ AEC បានផ្តល់ឱ្យ»។

អ្វីដែលសំខាន់នោះគឺ «កិច្ចព្រមព្រៀង RCEP ក៏បានបើកឱ្យមានការធ្វើចំណាកស្រុកឆ្លងតំបន់ និងការផ្ទេរបច្ចេកវិទ្យាជាមួយបណ្តាប្រទេសដែលមិនមែនជាអាស៊ាន ដែលអាចធ្វើឱ្យប្រទេសជាសមាជិកទាំងអស់ទទួលបាននូវបច្ចេកវិទ្យាកាន់តែទំនើប និងជំនាញក្នុងការបង្កើនសេដ្ឋកិច្ចរបស់ពួកគេ»។ និយាយក្នុងន័យម្យ៉ាងទៀត «កិច្ចព្រមព្រៀង RCEP គឺជាយន្តការមួយ ដែលអាចធ្វើឱ្យ សហគមន៍ AEC បាត់បង់សារៈសំខាន់»។

ជាការពិតណាស់ ការដែលកិច្ចព្រមព្រៀង RCEP បានផ្តល់នូវអានុភាពបន្ថែមដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានទាំងអស់ ក៏ប៉ុន្តែវាក៏ បានបង្កើតជាបញ្ហាប្រឈមសម្រាប់សហគមន៍ AEC និងអាស៊ានផ្ទាល់ផងដែរ។

ស្ថាប័នរបស់អាស៊ានចាំបាច់ត្រូវតែរក្សាមជ្ឈភាពរបស់ខ្លួន ដើម្បីអាចឱ្យតំបន់នេះមានលទ្ធភាពក្នុងការគ្រប់គ្រងលើអនាគតរបស់ខ្លួនឯងបាន។ ប៉ុន្តែនេះមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅក្នុងបរិយាកាសដ៏ធំទូលាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសេរីជាមួយបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ាន និងដែលត្រូវបានសម្របសម្រួលដោយកិច្ចព្រមព្រៀងភាពជាដៃគូដាច់ដោយឡែកពីសហគមន៍ AEC៕ Policy Forum

អត្ថបទទាក់ទង