ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាគ្រោងដាក់ឱ្យដំណើរការវង់ទស្សនានៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 30

ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន២ខ្សែ៖ គឺខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។

លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ខ្សែទស្សនានៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នឹងត្រូវរៀបចំ ចំនួន២ដំណាក់កាល រួមមានទី១៖ គឺរៀបចំ នៅប្រាសាទចៅសាយទេវតា ដើម្បីបង្ហាញទិសដល់ភ្ញៀវឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត ព្រោះកន្លងមក ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ និយមដើរចូលតាមច្រកខាងជើង ជាហេតុធ្វើឱ្យភ្ញៀវមិនបានទស្សនាគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗក្នុងប្រាសាទមួយនេះ។

ចំណែកដំណាក់កាលទី២ ក្នុងរយៈពេលវែង គឺនៅពេលដែលគម្រោងរៀបចំតំបន់ទ្វារជ័យ រហូតដល់ទំនប់បារាយណ៍ខាងកើតរួចរាល់ វង់ទស្សនាដែលនឹងដាក់ឱ្យដំណើរការនេះ ភ្ញៀវទេសចរត្រូវរក្សាទុកមធ្យោបាយធ្វើដំណើរនូវចំណតខ្លោងទ្វារជ័យ ដោយចាប់ផ្តើមទស្សនាចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា ទស្សនារហាត់ទឹក ដោយភ្ជាប់ជាមួយស្ទឹងសៀមរាប ស្ពានបុរាណ និងបន្ទាប់មក ត្រូវបន្តទស្សនាប្រាសាទចៅសាយទេវតាតាមច្រកខាងកើត។

ដោយខ្សែទស្សនាទាំងពីរខាងលើ គ្រោងដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ ព្រោះបច្ចុប្បន្នក្រុមការងារកំពុងគិតគូររៀបចំ ជាផ្ទាំងព័ត៌មាន បរិយាយអំពីចំណុចសំខាន់ៗ នៃរូបចម្លាក់ និងប្រាសាទ ស្លាកសញ្ញាបង្ហាញទិស និងភ្នាក់ងារសម្រាប់ជួយសម្រួលដល់ភ្ញៀវជាដើម។

ការរៀបចំខ្សែទស្សនា បាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទបុរាណ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្ត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គោរពតាមការណែនាំនៃវង់ទស្សនា ដែលបានរៀបចំឡើង៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា

អត្ថបទទាក់ទង