ខ្មែរប៉ុស្ដិ៍ Close

អង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោងទីក្រុងឆ្លាតវៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
អង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោងទីក្រុងឆ្លាតវៃ អង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោងទីក្រុងឆ្លាតវៃ

នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរ៍ភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។

បន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរាលើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុនដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀត។

ឆ្លើយតបចំពោះការលើកឡើងខាងលើនេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ លោកអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម។ លោកអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕

អត្ថបទទាក់ទង