ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈយោគយល់គ្នាបន្ដរយៈពេល៥ឆ្នាំទៀត ដើម្បីការ​ពារបេតិកភណ្ឌវប្បធម៌ និងវត្ថុបុរាណ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
កម្ពុជា និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈយោគយល់គ្នាបន្ដរយៈពេល៥ឆ្នាំទៀត ដើម្បីការ​ពារបេតិកភណ្ឌវប្បធម៌ និងវត្ថុបុរាណ កម្ពុជា និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈយោគយល់គ្នាបន្ដរយៈពេល៥ឆ្នាំទៀត ដើម្បីការ​ពារបេតិកភណ្ឌវប្បធម៌ និងវត្ថុបុរាណ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះអនុស្សរណៈយោគ​យល់គ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើការហាមប្រាមនូវការនាំចូល​បុរាណវត្ថុរបស់ កម្ពុជា ដើម្បីថែរក្សា ការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សទុកសម្រាប់ឱ្យមនុស្ស ជំនាន់ ក្រោយបានស្គាល់។

ក្នុងពិធីចុះហត្ថលេខាលើ “ការបន្តអនុស្សរណៈយោគយល់រវាងរដ្ឋាភិបាលសហរដ្ឋ អាមេរិក និងព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូល​បុរាណវត្ថុ របស់កម្ពុជា” នៅសារមន្ទីរជាតិកម្ពុជា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា អនុស្សរណៈនេះ ដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសម្បត្តិ បេតិកភណ្ឌវ​​ប្បធម៌ខុសច្បាប់។ លោកជំទាវបានបញ្ជាក់ថា អនុស្សរណៈនេះគឺផ្តល់ថវិកាចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីមូលនិធិឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ដើម្បីការថែរក្សា សម្បត្តិវប្បធម៌ទៅដល់អាជ្ញាធរជាតិព្រះវិហារក្នុងគោលបំណងដើម្បី​ជួសជុលជណ្តើរខាងជើង នៃប្រាសាទព្រះវិហារដែលសាងនៅសតវត្សទី១១។​

លោកជំទាវរដ្ឋមន្រ្ដីបានរម្លឹកថា សហរដ្ឋអាមេរិក មានទំនាក់ទំនងដ៏យូរលង់ និងមាន ការសហការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ក្នុងការងារស្រាវជ្រាវ, អភិរក្ស និងជួសជុលសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ទាំងនៅក្នុងតំបន់អង្គរ និងនៅក្រៅតំបន់អង្គរអស់ រយៈពេលជាច្រើនឆ្នាំ។ លោកជំទាវបានបន្ដថា នេះបានបង្ហាញពីការបេ្តជ្ញា និងការខិតខំ ដើម្បី សហការ ពង្រឹងមិត្តភាព និងការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល សហរដ្ឋអាមេរិកដើម្បីគាំទ្រការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ជាប្រយោជន៍ដល់ប្រជា ជនខ្មែរ, សហគមអន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។ ​

ជាមួយគ្នានេះ ដោយការគោរពតាមអនុសញ្ញាអង្គការយូណេស្កូ​និងច្បាប់នានាផ្សេង ទៀតសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌,ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្កើន ប្រសិទ្ធភាពលើច្បាប់ជាតិ​និងបានអនុវត្តន៍កិច្ចព្រមព្រៀងទ្វេភាគីតម្រូវឱ្យប្រទេសជាច្រើនយល់ ព្រមលើការដាក់​កម្រិតហាមប្រាមនូវការនាំចូល​សម្បត្តិបេតិកភណ្ឌកម្ពុជា​និងដើម្បីចាត់វិធាន ការសមស្របប្រឆាំងនឹងការនាំចេញខុសច្បាប់។ ​

លោកជំទាវបានអះអាងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការការពារយ៉ាង សកម្មនូវសម្បត្តិវប្បធម៌ពីការលួច,ការចរាចរខុសច្បាប់​និងការជីកកកាយនូវស្ថានីយ៍បុរាណ វិទ្យានានា។ ទន្ទឹមនេះ ក្រោមកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់ស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូល​បុរាណវត្ថុរបស់កម្ពុជា, មានវត្ថុសិល្បៈបុរាណវិទ្យាជាច្រើនបានប្រគល់ត្រឡប់មកកម្ពុជាវិញ។

លោកជំទាវបានបន្ដទៀតថា នៅក្នុងបរិបទនេះ ការបន្តអនុស្សរណៈយោគយល់រវាង រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជានឹងដើរតួជាការបន្តយ៉ាងសំខាន់ និងការ ពង្រឹងនូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក។

លោកជំទាវមានជឿជាក់យ៉ាងមុតមាំថា តាមរយៈប្រព្រឹត្តិការណ៍ថ្ងៃនេះនឹងនាំឱ្យមាន ការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបេតិកភណ្ឌខ្មែរ​និងប្រាង្គប្រាសាទនៅកម្ពុជា ក៏ដូចជានាំ ឱ្យទេសចរពីប្រទេសរបស់លោកអ្នកមកកម្ពុជាកាន់តែច្រើនជាងមុន។

ឯកឧត្តម William (Bill) A. Heidt, ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំនៅ ព្រះរាជាណាចក្រ កម្ពុជា បានឱ្យដឹងថា ការចុះអនុស្សរណៈនេះគឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងល្អ និង យូរលង់រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយការចុះហត្ថលេខា លើឯកសារពីរសំខាន់នៅថ្ងៃ​នេះ បង្ហាញពីទំហំ និងសារៈសំខាន់​នៃទំនាក់ទំនងរវាងប្រទេស ទាំងពីនេះ។

​ឯកឧត្តមបានបន្ដថា សម្រាប់ឯកសារទី១ ដែលចុះហត្ថលេខានេះគឺជាថវិការបស់មូល និធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP)ចំនួន២០០.០០០​ដុល្លា​ ដល់អាជ្ញាធរជាតិ ព្រះវិហារ ដើម្បីជួសជុលជណ្តើរខាងមុខ​នៃប្រាសាទ។ គម្រោង​នេះនឹងជួយថវិកា​ដល់វិធាន ការបន្ទាន់មួយចំនួនទាក់ទងនឹងការរេចសឹកដ៏ច្រើន និងការធ្វើឱ្យមានលំនឹងជណ្តើរ ព្រមទាំង ការវាយតម្លៃ​ពីការជួសជុល និងការអភិរក្សដែលវាត្រូវការនៅពេលអនាគត។ ឯកឧត្ដមឯក អគ្គរដ្ឋទូតបានគូសបញ្ជាក់ថា“ក្នុងនាម ជាសមាជិកស្ថាបនិក​​នៃគណកម្មាធិការសម្របសម្រួល អន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ យើងមានក្តីរំភើបរីករាយសូមប្រកាសអំណោយជាលើក ដំបូងនេះ​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការងារអភិរក្ស​នៃប្រាសាទព្រះវិហារ​នេះ”។ ក្រៅពីការធ្វើឱ្យមានលំនឹង និងជួសជុលជណ្តើរ គម្រោង​នេះជួយបុគ្គលិកអ្នកធ្វើការជាជន ជាតិខ្មែរក្នុងការបង្កើនចំណេះដឹង និងជំនាញ​ក្នុងការងារជួសជុលប្រាសាទថែមទៀត។ ការងារ នេះនឹងពន្លឿនពេលដែលពួកគេមានសមត្ថភាព និងឯកទេសក្នុងការ​ដឹកនាំការងារអភិរក្ស នៅតាមទីតាំងប្រវត្តិសាស្រ្តរាប់ពាន់ នៅទូទាំងប្រទេស។

ឯកឧត្ដមបានបន្ថែមថា ប្រទេសកម្ពុជាបានទទួលអំណោយថវិកាពីមូលនិធី (AFCP) សម្រាប់អភិរក្សសម្លៀកបំពាក់របស់អ្នកទោស នៅសារមន្ទីរទួលស្លែង កែលម្អកម្មវិធី​សម្រាប់​សារមន្ទីរអង្គរបូរី ក្នុងខេត្តតាកែវ និងបន្តការជួសជុលប្រាសាទភ្នំបាក់ខែង នៅសួនឧទ្យាន អង្គរ។ តាមរយៈមូលនិធិនេះ បានផ្តល់ថវិកាចំនួនជាង៣.២ លានដុល្លាពីរដ្ឋាភិបាលសហរដ្ឋ អាមេរិក​សម្រាប់គម្រោង​ជួសជុលប្រាសាទភ្នំបាក់ខែង ចាប់តាំងពីឆ្នាំ២០០៤មក ដែលជាការ ជំរុញឱ្យមានអំណោយបន្ថែមពីវិស័យឯកជន និងសប្បុរសជន នៅក្នុងសហរដ្ឋអាមេរិក។

សម្រាប់ឯកសារទី២ ដែលបានចុះហត្ថលេខានេះគឺការបន្តរយៈពេល៥ឆ្នាំទៀត​នៃអនុ ស្សរណៈនៃការយោគយល់គ្នា ទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលវត្ថុបុរាណ ប្រភេទផ្សេងៗដែលមានប្រភពដើមពីប្រទេស​កម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានចាត់ទុកថា អនុស្សារណៈ​នេះទប់ស្កាត់ការលួច​នៅតាម កន្លែងប្រវត្តិសាស្រ្តល្អៗ ហើយធានាដល់ការបញ្ជូនត្រឡប់វិញនូវវត្ថុបូរាណដែលត្រូវបាន លួច។ ទន្ទឹមនេះ វត្ថុបុរាណចំនួនជាង ២០ ត្រូវបានបញ្ជូនត្រឡប់មក​វិញ រួមទាំងរូបចំលាក់ពី ប្រាសាទកោះកេរ ដែលត្រូវបានបញ្ជូនមកពី​ពីសារមន្ទីរ Cleveland Museum of Art និងសារមន្ទីរ Denver Art Museum ។​ លោកអ្នកអាចឃើញរូបចម្លាក់នៅក្នុងសារមន្ទីរ​ជាតិ នេះ។ “វាគឺជានិមិត្តរូបដ៏ល្អអស្ចារ្យ​នៃកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការធានាថា វប្បធម៌​របស់ប្រទេសកម្ពុជាត្រូវបានថែរក្សា សម្រាប់មនុស្សរាប់ជំនាន់ទៀត​នៅកម្ពុជា”។ នេះជាការ បញ្ជាក់បន្ថែមរបស់ឯកអគ្គរដ្ឋទូត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា នេះផុ្តល់ក្របខ័ណ្ឌសម្រាប់ការខ្ចីបណ្តោះ អាសន្ន​នូវវត្ថុបុរាណវប្បធម៌ខ្មែរ​ដល់សារមនី្ទរ និងស្ថាប័នវប្បធម៌សហរដ្ឋអាមេរិក និងក៏ជាការ ល្អសម្រាប់ទាំងប្រទេសកម្ពុជា​ ទាំងសហរដ្ឋ អាមេរិក ពីព្រោះតាមរយៈនេះ ជនជាតិអាម៉េរិក អាចឃើញវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ ប្រទេសកម្ពុជាដោយផ្ទាល់។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ទៅលើឯកសារចំនួនពីរ ទី១. ការបន្តអនុស្សារណ:យោគយល់គ្នា រវាងរដ្ឋាភិបាលសហរដ្ឋ អាមេរិក និងរាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទ វត្ថុបុរាណរបស់ប្រទេសកម្ពុជា។ ទី២. កិច្ចព្រមព្រៀង ស្តីពីការអភិរក្សជណ្តើរបូរាណខាងជើង របស់ប្រាសាទព្រះវិហារ ដែលបានសង់តាំងពីសតវត្សទី១១៕

អត្ថបទទាក់ទង