លិខិតមិត្តអ្នកអាន ៖ «មានតែតុលាការទេដែលអាចបញ្ចប់ការតវ៉ាគ្មានហេតុផល និងខ្វះភាពឡូហ្ស៊ីករបស់អតីតបុគ្គលិកណាហ្គាវើលដ៏»
រហូតមកទល់ពេលនេះ ដំណោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងអតីតបុគ្គលិក ២០០នាក់ នៅតែបន្តអូសបន្លាយដោះស្រាយមិនចេញ បើទោះបីជាកិច្ចចរចារកដំណោះស្រាយក្រោមការសម្របសម្រួលពីក្រសួងការងារបានធ្វើឡើងជាច្រើនលើកហើយក៏ដោយ។
ចំណុចគន្លឹះដែលធ្វើឲ្យរាំងស្ទះដល់កិច្ចចរចានេះ គឺការទាមទាររបស់សហជីពកម្មករឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកទាំង ២០០នាក់ចុងក្រោយ ដែលមិនព្រមទទួលយកសំណង ឲ្យចូលធ្វើការវិញ ចំណែឯភាគីនិយោជកបដិសេធមិនព្រមទទួលយកកម្មករទាំងនោះចូលធ្វើការវិញជាដាច់ខាត។
ឥឡូវនេះ យើងសាកល្បងស្វែងយល់ពីជម្រៅនៃវិវាទការងារមួយនេះ។
ជាទូទៅ នៅក្នុងវិវាទការងារ សហជីពកម្មករច្រើនតែទាមទារឲ្យនិយោជកគោរពលក្ខខណ្ឌការងារ ឬទាមទារឲ្យនិយោជកផ្តល់អត្ថប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងជាពិសេសពេលនិយោជកបញ្ឈប់កិច្ចសន្យាការងារ ត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ទាំងឡាយឲ្យស្របតាមច្បាប់ការងារជាដើម។
ប៉ុន្តែ ចម្លែកអីតែអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយក្រុមនេះ បែរជានៅក្រាញននៀលទាមទារឲ្យនិយោជកយកខ្លួនចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ?
ការទាមទារបែបនេះត្រូវបានគេមើលឃើញថា ខ្វះភាពឡូហ្ស៊ីក និងហាក់មានរបៀបវារៈនៅពីក្រោយខ្នង ហើយចំណុចដែលគួរពិចារណាមានដូចតទៅ៖
ទី១៖ អតីតបុគ្គលិកទាំងអស់នោះធ្លាប់បានរិះគន់ក្រុមហ៊ុនណាហ្គាវើលដ៏ ថាជាក្រុមហ៊ុនបរទេសជិះជាន់កម្មករខ្មែរ និងជាក្រុមហ៊ុនដែលមិនបានផ្តល់ប្រយោជន៍ពិតប្រាកដដល់បុគ្គលិកកម្មករ។ ត្រង់នេះ សំណួរដែលចោទឡើងគឺ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀលចង់ធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលខ្លួនរិះគន់យ៉ាងខ្លាំងបែបនេះទៅវិញ?
បើក្រុមហ៊ុននេះអាក្រក់មែន គួរតែពួកគេត្រេកអរពេលក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារដោយផ្តល់សំណងនិងអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាមច្បាប់ការងារ ដើម្បីពួកគេអាចទៅរកការងារថ្មីធ្វើនៅក្រុមហ៊ុនណាដែលខ្លួនស្រឡាញ់ពេញចិត្ត។
«នៅលើពិភពលោកយើងនេះតើមានបុគ្គលិកកម្មករណាននៀលទាមទារចង់ធ្វើការនៅកន្លែងដែលខ្លួនយល់ឃើញថាជិះជាន់និងគ្មានប្រយោជន៍ដល់ខ្លួនបែបនេះ? ចម្លើយគឺគ្មានទេ។ ដូច្នេះ ករណីអតីតក្រុមហ៊ុនណាហ្គាវើលដ៏ គឺជារឿងដ៍ចម្លែក និងច្បាស់ណាស់ពិតជាមានអ្វីនៅពីក្រោយខ្នងហើយ។
សូមអាន៖ លិខិតមិត្តអ្នកអាន៖ «នៅលើលោកនេះ គ្មានអ្នកណាមានសិទ្ធិបង្ខំថៅកែឲ្យយកខ្លួនធ្វើការទេ»
ទី២៖ តើមានច្បាប់ណា ឬ មាត្រាណាដែលចែងអំពីការបង្ខិតបង្ខំឲ្យនិយោជកត្រូវទទួលយកបុគ្គលិកកម្មករដែលគេមិនពេញចិត្តអោយចូលធ្វើការវិញដែរឬទេ? ទោះច្បាប់ការងារនៅក្នុងប្រទេសណាក៍ដោយ ក៏មិនដែលបានចែងយ៉ាងដូច្នេះដែរ ពីព្រោះការជ្រើសរើសបុគ្គលិកគឺជាសិទ្ធិរបស់និយោជកដោយគ្មាននរណាអាចបង្ខិតបង្ខំបានឡើយ ជាពិសេសនិយោជិត ឬសហជីពមិនអាចបង្ខំឲ្យនិយោជកទទួលយកខ្លួនទៅធ្វើការដោយគ្មានការយល់ព្រមពីនិយោជកឡើយ។
បើដូច្នេះ តើសំអាងលើអ្វី ដែលសហជីពទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៏ ទទួលយកអតីតបុគ្គលិកដែលត្រូវបានគេបញ្ឈប់ឲ្យចូលធ្វើការវិញ?
ទី៣៖ បើគិតពីពេលវេលាដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះតវ៉ា គឺមានរយៈជាច្រើនខែមកហើយ។ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀលចង់បានការងារនៅក្នុងក្រុមហ៊ុនដែលគេមិនស្វាគមន៍ដោយប្រើរយៈពេលយូរយ៉ាងនេះ?
តើពួកគេបានថវិកាមកពីណាដើម្បីចិញ្ចឹមគ្រួសារ? បើការងារក៏គ្មាន ចំណែកឯពេលវេលាត្រូវចំណាយទាំងស្រុងទៅលើការតវ៉ាទៅហើយនោះ? តើនរណាជាអ្នកចិញ្ចឹមការតវ៉ានេះ? ហើយតើពួកគេមានបំណងអ្វី?
ទី៤៖ ទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋ កម្មករ និយោជិត ធ្វើការសម្តែងមតិ ប៉ុន្តែពួកគេមិនព្រមទៅតវ៉ានៅទីនោះឡើយ បែរជាមកតវ៉ាកន្លែងក្រុមហ៊ុនដែលនាំដល់ការរំខានដល់ដំណើរការរបស់ក្រុមហ៊ុន និងធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។
តើហេតុអ្វីបានជាពួកគេធ្វើយ៉ាងដូច្នេះ? តើជាការតវ៉ាដើម្បីរកដំណោះស្រាយការងារ ឬក៏ជាចេតនានៃការបង្កការរំខាន និងអុកឡុក?
ទី៥៖ ក្រសួងការងារបានសម្របសម្រួលឲ្យមានជំនួបចរចារកដំណោះស្រាយចំនួន ៨ លើកមកហើយ តែនៅតែគ្មានបានលទ្ធផលអ្វីឡើយ ពីព្រោះជារៀងរាល់លើក ដំណោះស្រាយត្រូវបានរាំងស្ទះនៅត្រង់ការទាមទារឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកទាំងនោះចូលធ្វើការវិញ។
ដូច្នេះ ទំនងជាដល់ពេលដែលគួរត្រូវប្រើជម្រើសចុងក្រោយហើយ នោះគឺការបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីសម្រេចសេចក្តី ពីព្រោះយន្តការ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការសម្របសម្រួលរបស់ក្រសួងការងារត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចដោះស្រាយបាន។ ក្នុងន័យនេះ មានតែតុលាការទេដែលអាចកាត់សេចក្តីជាចុងក្រោយ។
សរុបមកវិញ បើគ្មានរបៀបវារៈនៅពីក្រោយខ្នងទេ ការតវ៉ានេះក៏មិនអាចអូសបន្លាយរហូតដល់ពេលនេះបានឡើយ។ ការអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ច និងកិច្ឋខិតខំប្រឹងប្រែងរបស់ក្រសួងការងារដើម្បីសម្របសម្រួល ក៏បានធ្វើដល់កម្រិតហើយដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដោយសារតែចេតនាចង់បង្កការរាំងស្ទះពីសំណាក់អតីតបុគ្គលិកមួយក្រុមនេះ។
នៅពេលដែលយន្តការសម្របសម្រួលត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចរកច្រកចេញ បានដោយសារតែលក្ខខណ្ឌ មិនសមស្របនិងមិនសមហេតុផលនៃការទាមទារ មានតែវិធានការច្បាប់ទេ ពោលគឺយន្តការតុលាការតែមួយគត់ដែលអាចសម្រេចបិទបញ្ចប់រឿងនេះបាន៕
ដោយៈ អ្នកនយោបាយតុកាហ្វេ