តើរាជរដ្ឋាភិបាលបានលើកទឹកចិត្ដ និងធ្វើអ្វីខ្លះក្នុងការការពារទឹកដី និងអភិវឌ្ឍប្រទេស?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងមួយចំនួនបានស្រែកថា បន្ដិចទៀតទឹកដីខ្មែររលាយ រលត់ហើយ បាត់ហើយ។ ត្រង់នេះសម្ដេចធិបតី បញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ រាជរដ្ឋាភិបាលលើកទឹកចិត្ដប្រជាពលរដ្ឋមានកូនកាន់តែច្រើន និងមានសុខភាពល្អ រៀនឱ្យមានចំណេះដឹង។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបណ្ដោយឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ។
សម្ដេចធិបតី បានបន្ដថា កន្លងមករដ្ឋាភិបាលបានការពារជាតិ និងការដោះស្រាយកិច្ចការចរចារព្រំដែនបញ្ចប់ដោយការទទួលខុសត្រូវ អភិវឌ្ឍតំបន់ព្រំដែន ហើយខាងក្នុងប្រទេសអភិវឌ្ឍឱ្យកាន់តែរឹងមាំ។
សម្ដេចធិបតី បានបញ្ជាក់ថា កូនខ្មែរមានទាំងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយនៅក្នុងប្រទេសមានជម្រើសការងារច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំពង្រីក ប៉ុន្ដែមិនបិទច្រកពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេសនោះទេ៕