ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ ៖ លាងគូទខ្លួនឯងមិនជ្រះផង ចង់លាងគូទឱ្យគេ !

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 80
ទស្សនៈវិភាគ ៖ លាងគូទខ្លួនឯងមិនជ្រះផង ចង់លាងគូទឱ្យគេ ! ទស្សនៈវិភាគ ៖ លាងគូទខ្លួនឯងមិនជ្រះផង ចង់លាងគូទឱ្យគេ !

ហេតុតែមានអំនួតជ្រុលក្នុងខ្លួន មើលឃើញអ្នកដទៃអាក្រក់ទាំងអស់ ខណៈដែលខ្លួនឯងអាក្រក់ជូរជាតិជាងអ្នកណាៗទាំងអស់ ប៉ុន្តែមើលមិនឃើញ។ តាំងខ្លួនជាមនុស្សស្អាតស្អំ ត្រឹមត្រូវ ថ្លៃថ្នូរ ប៉ុន្តែការពិតស្អុយរលួយ ប្រព្រឹត្តល្មើសច្បាប់ និងមានគំនិតកខ្វក់បំផ្លាញជាតិ និងបំផ្លាញប្រទេសខ្លួនឯង។ ទាំងនេះគឺជាសារជាតិពិតរបស់ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី។

ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ ក្រោកឡើងបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយចោទប្រកាន់ថា ការដឹកនាំសព្វថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ និងជំពាក់បំណុលធនាគារ។ ការពិតនៅពីក្រោយការបំផុសបំផុល និងអំពាវនាវឱ្យប្រជាពលរដ្ឋបះបោរគឺមិនមែនដើម្បីជួយប្រជាពលរដ្ឋខ្មែរ ឱ្យមានជីវភាពល្អប្រសើរឡើងទេ វាគ្រាន់តែដើម្បីឆ្លៀតឱកាសបម្រើមហិច្ឆតាលោភលន់របស់ខ្លួន និងបក្ខពួកមួយក្តាប់តូចប៉ុណ្ណោះ។ ទណ្ឌិតរូបនេះ និងបក្ខពួកតែងយល់ថា ប្រសិនបើប្រទេសជាតិមានចលាចល ដូចការរុញច្រាន និងប៉ុនប៉ងរបស់ពួកគេមែននោះ ពួកគេនិងឆ្លៀតចាប់យកឱកាសនេះ ដើម្បីដណ្តើមអំណាចមកគ្រប់គ្រង ហើយចាប់ផ្តើមទាញយកលាភសក្ការៈពីការបែងចែកអំណាច និងទ្រព្យសម្បត្តិដែលពួកគេអាចប្រមូលបាន ពីការរំលំរំលាយគណបក្សកាន់អំណាចបច្ចុប្បន្ន។ ប៉ុន្តែត្រូវដឹងផងថា ការគិតទុកទាំងនេះ វាគ្រាន់តែជាការស្រមើស្រមៃ ដែលនៅសែនឆ្ងាយពីការពិត ខណៈដែលប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន មិនចេះតែរវើរវាយចង់បះបោរ ឱ្យជាប់គុកជាប់ច្រវ៉ាក់ រឺចង់ឱ្យប្រទេសជាតិរបស់ខ្លួន វឹកវរ វិនាស ហិនហោច ដូចការចង់បានរបស់ពួកក្បត់ជាតិនោះទេ។

ប្រទេសមានច្បាប់ ប្រជាពលរដ្ឋមានចំណេះដឹង ស្គាល់ខុសស្គាល់ត្រូវ ស្រលាញ់សន្តិភាព និងចង់បានការអភិវឌ្ឍទៅមុខបន្តទៀត។ គ្មានប្រជាពលរដ្ឋណា ដែលចង់ឃើញប្រទេសរបស់ខ្លួន ត្រូវប្រឈមនឹងវិនាសកម្ម ការបំផ្លិចបំផ្លាញ ភាពចលាចល ព្រាត់ប្រាស់ និងហិនហោចទ្រព្យសម្បត្តិដែលបានប្រឹងប្រែងខំរក និងសន្សំ តាំងពីចេញពីរបបប៉ុលពត ដែលម្នាក់ៗមានតែបាតដៃទទេនោះទេ។ ជាការពិតការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋខ្មែរ មិនមែនជារឿងចំលែកទេ។ ការចោទប្រកាន់ថា ការជំពាក់បំណុលនេះ ដោយសារប្រជាពលរដ្ឋក្រីក្រខ្លាំង ព្រោះតែការដឹកនាំរបស់បក្សកាន់អំណាចនោះ ក៏មិនត្រឹមត្រូវដែរ ពីព្រោះការពិតប្រជាពលរដ្ឋដែលមានលទ្ធភាពគ្រប់គ្រាន់ ទើបធនាគារហ៊ានឱ្យខ្ចីលុយ។ នៅតាមធនាគារនានា ដែលផ្តល់កម្ចីដល់ប្រជាពលរដ្ឋមិនមែនផ្តល់កម្ចី ក្នុងគោលដៅរុញឱ្យប្រជាពលរដ្ឋកាន់តែក្រីក្រនោះទេ ប៉ុន្តែគឺដើម្បីផ្តល់ជាដើមទុន បង្កើតមុខរបរបន្ថែម និងខ្លះដើម្បីសាងសង់ផ្ទះ ទិញសម្ភារៈទំនើបទាន់សម័យ ខ្លះទៀតដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។ ពលរដ្ឋភាគច្រើនដែលទៅខ្ចីលុយពីធនាគារ មិនមែនសុទ្ធតែជាអ្នកក្រខ្សត់នោះទេ ពោលគឺទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលរស់នៅបរទេស សុទ្ធតែដឹងច្បាស់ហើយថា ប្រជាពលរដ្ឋនៅប្រទេសនានាជុំវិញពិភពលោកនេះ ប្រទេសណាក៏មានពលរដ្ឋជំពាក់បំណុលធនាគារដូចគ្នា សូម្បីប្រទេសមហាអំណាច ដែលជាចៅហ្វាយនាយរបស់ទណ្ឌិត សម រង្ស៊ី ក៏ជំពាក់បំណុលចិនដែរ ហើយពលរដ្ឋខ្មែរមិនមែនតែអ្នករស់នៅក្នុងស្រុកទេ អ្នករស់នៅបរទេសក៏ជំពាក់លុយធនាគារដែរ។ សូម្បីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ក៏ប្រជាពលរដ្ឋគេជំពាក់បំណុលធនាគារដែរ ដូច្នេះមិនគួរគប្បី ទណ្ឌិត សម រង្ស៊ី ធ្វើជាល្ងង់មិនដឹងរឿងនេះ ហើយបែរជាភ្លីភ្លើទៅប្រកាសឱ្យប្រជាពលរដ្ឋខ្មែរក្នុងស្រុក បះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ព្រោះតែរឿងនេះទេ។

ទណ្ឌិតដែលរត់ចោលគុក តែងតែយល់ថា ខ្លួនឯងប្រៀបដូចជាតួឯក ដែលនិយាយអ្វីក៏ត្រូវ ធ្វើអ្វីក៏ត្រូវ ហើយមួយម៉ាត់ណា ក៏ដើម្បីបុព្វហេតុជាតិដែរ ប៉ុន្តែធាតុពិតនៅក្នុងផ្ទៃក្នុងបក្សខ្លួនវិញ គឺស្អុយរលួយ ប្រកួតប្រជែងគ្នាដណ្តើមតែអំណាច ដណ្តើមប្រជាប្រិយភាព បក្ខពួកនិយម និងពុករលួយទៀតផង។ សូមរំលឹកថា កាលពីចុងឆ្នាំ២០១៤ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ឈ្មោះ ឡាក់ សុភាព ត្រូវបានទណ្ឌិត សម រង្ស៊ី និងបក្ខពួកបណ្តេញចេញពីបក្សភា្លមៗ បន្ទាប់ពីទម្លាយរឿងអាស្រូវពីអំពើពុករលួយធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំ។ លោកស្រី ឡាក់ សុភាព គឺជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្ក្រោះជាតិ ដែលរងអំពើអយុត្តិធម៌ត្រូវបណ្តេញចេញដោយគ្មានហេតុផលសមរម្យ និងមិនមានការប្រជុំសម្រេចត្រឹមត្រូវតាមលក្ខន្តិករបស់គណបក្សឡើយ។ លោកស្រី ឡាក់ សុភាព ធ្លាប់បានបញ្ជាក់ជាសាធារណៈថា លោក កឹម សុខា បានសួរនាំទៅលោក សម រង្ស៊ី រឿងបាត់លុយបក្ស ៣០-៤០លានដុល្លារ ហើយលោក សម រង្ស៊ី ទំនងជាចង់លេបត្របាក់លុយនោះម្នាក់ឯង ដោយមិនបែងចែកគ្នា ទើបមានបញ្ហាផ្ទៃក្នុងផ្ទុះឡើង ប៉ុន្តែអ្នកដែលរងគ្រោះព្រោះអំពើពុករលួយនេះ បែរជាលោកស្រីទៅវិញ។ ក្រៅពីលុយ៣០-៤០លានដុល្លារ នៅមានលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យរាប់លានដុល្លារទៀត គឺសុទ្ធតែបាត់ទៅដោយគ្មានដំណឹង។ រឹតតែគួរឱ្យអាម៉ាស់នោះ ទណ្ឌិត សម រង្ស៊ី បានណែនាំឱ្យកូនចៅរបស់ខ្លួន ដើរប្រមូលលុយឱ្យបាន៣០ម៉ឺនដុល្លារទៀត ដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។ ពលរដ្ឋខ្មែរនៅតែមានចង្ងល់ថា ចុះលុយមុនៗបាត់ទៅណាអស់ហើយ? តើនេះមិនមែនជាការប្រព្រឹត្តអំពើពុករលួយស៊ីរូងផ្ទៃក្នុងបក្សទេរឺយ៉ាងណា? តើទណ្ឌិតរត់ចោលស្រុកម្នាក់នេះ មានសមត្ថភាពគ្រប់គ្រងប្រទេសឱ្យស្អាតស្អំម្តេចនឹងកើត បើសូម្បីបក្សតូចមួយ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធទៅហើយនោះ។ អួតថាចង់ឱ្យប្រទេសជាតិរីកចម្រើន ប្រជាពលរដ្ឋមិនជំពាក់បំណុលគេ ចុះម្តេចមិនសម្អាតអំពើពុករលួយក្នុងបក្សឱ្យស្អាតសិនទៅ។

សរុបមកទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មិនទាន់ទាំងចេះលាងគូទខ្លួនឯងឱ្យស្អាតផង បែរជាចង់លាងគូទឱ្យគេ។ ប្រកាសចង់ឱ្យប្រជាពលរដ្ឋខ្មែររួចបំណុល តែបែជាមកសុំប្រមូលលុយពីប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរមកប្រទេសខ្មែរទៅវិញ។ លុយប្រមូលបានច្រើនលើកច្រើនសារ ចេះតែបាត់ទៅៗគ្មានដំណឹង ឈ្លោះទាស់ទែងគ្នាតែរឿងបែងចែកលុយមិនស្មើ។ តើនេះឬអ្នកស្នេហាជាតិ ដែលចង់មកជួយប្រទេសជាតិនោះ។ សូមបញ្ជាក់ថា បើជនមានសារជាតិដូច សម រង្ស៊ី នេះ មិនមកជាន់ទឹកដីខ្មែរគឺវាប្រសើរជាង ព្រោះបើមកហើយបង្កតែរឿង មកប្រមូលតែលុយវេចទៅចែកគ្នាចាយនៅបរទេស ហើយបំផ្លាញតែជាតិបែបនេះ សូមចេញឱ្យឆ្ងាយកាន់តែល្អ៕

ដោយ៖ នាគសេន

អត្ថបទទាក់ទង