ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ ឧបាយកលដ៏ពិសពុលនៅពីក្រោយការពង្រាយ «អ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត»!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 61
ទស្សនៈកូនខ្មែរ៖ ឧបាយកលដ៏ពិសពុលនៅពីក្រោយការពង្រាយ «អ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត»! ទស្សនៈកូនខ្មែរ៖ ឧបាយកលដ៏ពិសពុលនៅពីក្រោយការពង្រាយ «អ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត»!

ដោយសារតែនិន្នាការ នយោបាយងប់ងល់ និងដោយសារការដាក់ខ្លួនបម្រើនយោបាយបរទេសដាច់ថ្លៃ អង្គការសង្គមស៊ីវិលមួយចំនួន តួយ៉ាងដូចជាអង្គការ Comfrel ដែលបង្កើតឡើងដោយលោក គល់ បញ្ញា និងអង្គការ Nicfec ជាដើម មិនដែលញញើតឡើយនឹងអំពើល្មើសច្បាប់។ ជាក់ស្តែង ពេលនេះអង្គការទាំងពីរ និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនទៀតបានបដិសេធមិនចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះទេក្រោមហេតុផលថា គណបក្សដែលខ្លួនគាំទ្រផ្កាប់មុខនោះមិនបានចូលរួមបោះឆ្នោត។ ប៉ុន្តែឥឡូវនេះ ស្រាប់តែពួកគេប្រកាសដាក់ពង្រាយអ្នកសង្កេតការណ៍ដែលខ្លួនហៅថា «អ្នកស្ម័គ្រចិត្ត» នៅតាមការិយាល័យបោះឆ្នោត ។

នៅពីក្រោយការពង្រាយ «អ្នកសង្កេតការណ៍ស័្មគ្រចិត្ត» របស់ក្រុមនេះមានបិទបាំងដោយឧបាយកលទុច្ចរិតយ៉ាងពិសពុលបំផុតពោលគឺ សកម្មភាពនេះមានគោលដៅដើម្បី៖

ទី១៖ បិទបាំងលុយរបស់ពួកបរទេសដែល នៅពីក្រោយខ្នងគឺសហភាពអឺរ៉ុប ។

ទី២៖ គឺដើម្បីបិទបាំងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិឲ្យចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ស័្មគ្រចិត្តនេះ ។

ទី៣៖ គឺជាសកម្មភាពប្រមូលកម្លាំងដើម្បីអុកឡុកពេលបោះឆ្នោត និង

ទី៤៖ កម្លាំងទាំងនោះនឹងត្រូវគេប្រើប្រាស់ក្នុងករណីដែល ពួកគេត្រូវការធ្វើសកម្មភាព បង្កចលាចលក្រោយពេលបោះឆ្នោត ។ គួរដឹងថា គោលដៅរបស់ក្រុមនេះគឺ បង្កហេតុ រំខាន, អុកឡុក, បំផ្លាញ និងទីបំផុតគឺបដិសេធលទ្ធផលបោះឆ្នោត ហើយបង្កចលាចលសង្គម។ ឧបាយកល ទុច្ចរិតទាំងនេះគឺជាអំពើខុសច្បាប់ និងជាការបង្កហេតុដ៏ធ្ងន់ធ្ងរ បំផុតដែលពួកគេបានរៀបចំទុកជាស្រេច ។

ប្រសិនបើយើងវិភាគអំពី ចរិតលក្ខណៈរបស់ Comfrel និង Nicfec ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេយើងនឹងបានឃើញ យ៉ាងច្បាស់អំពីចេតនាទុច្ចរិតរបស់អង្គការទាំងនេះយ៉ាងច្បាស់លាស់។ សួរថា ប្រសិនបើធ្វើជាអង្គការសង្គមស៊ីវិលឯករាជ្យ ហេតុអ្វីបានជាត្រូវយកគណបក្សនយោបាយមួយមកធ្វើជាលក្ខខ័ណ្ឌនៃការចូលរួមសង្កេតការណ៍? ក្នុងឋានៈជាអង្គការជំនាញខាងបោះឆ្នោត ហើយឯករាជ្យ កិច្ចការសំខាន់របស់ Comfrel ក៏ដូចជាអង្គការជំនាញបោះឆ្នោតផ្សេងទៀតដែរ គឺការតាមដានដំណើរការរៀបចំបោះឆ្នោតថា តើការបោះឆ្នោតនោះប្រព្រឹត្តទៅបានល្អ ត្រឹមត្រូវ គ្មានហិង្សា ស្របតាមគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្សដែរឬទេ? ត្រង់គណបក្សណាចូលរួម ឬមិនចូលរួមគឺជាសិទ្ធិរបស់បក្សនយោបាយស្របច្បាប់ដែលមិនពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលឡើយ។ នេះប្រសិនបើពួកគេជាអង្គការជំនាញដែលគ្មាននិន្នាការនយោបាយ។ ប៉ុន្តែ ប្រសិនបើអង្គការមួយ យកគណបក្សមួយ មកចងភ្ជាប់ជាមួយខ្លួន តើអង្គការនោះអាចហៅខ្លួនឯងថា ឯករាជ្យ និងវិជ្ជាជីវៈបានដែរឬទេ? ចម្លើយគឺមិនអាចជាដាច់ខាតពីព្រោះថា នោះគឺជាទង្វើរបស់អង្គការដែល បម្រើឲ្យនយោបាយសុទ្ធសាធ និងមានរបៀបវារៈនយោបាយនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ។

ម្យ៉ាងទៀត បើសិនជាប្រកាសថា មិនចូលរួមសង្កេតការណ៍ការបោះឆ្នោតក៏ហីយទៅចុះ ហើយក៏គ្មានអ្នកណាទៅចាប់បង្ខំអង្គការទាំងនោះដែរពីព្រោះនេះជាសិទ្ធិសេរីភាពរបស់ពួកគេ។ ប៉ុន្តែ មិនចូលសង្កេតការណ៍ ស្របតាមច្បាប់កំណត់ មិនចុះឈ្មោះជាមួយ គ.ជ.ប តែបែរទៅដាក់អ្នកសង្កេតការណ៍ក្រៅច្បាប់ តើមានន័យយ៉ាងដូចម្តេច? មានន័យថា អង្គការនេះធ្វើសកម្មភាពប្រឆាំងនឹងច្បាប់កម្ពុជាទាំងស្រុង។ ដូច្នេះ គោលដៅទុច្ចរិតរបស់អង្គការ Comfrel គឺចង់ប្រើអ្នកសង្កេតការណ៍ក្រៅច្បាប់ទាំងនោះដើម្បីសម្រេចផែនការ ដ៏ពិសពុលដូចបានលើកឡើងខាងលើ។

Comfrel ទំនងជាគិតថា ខ្លួនឯងឆ្លាត ប៉ុន្តែក្រឡាឆ្ពិនភ្នែកនៅលើគោកបែបនេះ មិនអាចគេចផុតពីក្រសែភ្នែកក្រុមអ្នកតាមដានការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាមហាជនខ្មែរបានឡើយ។ អ្វីដែលពួកគេបាន និងកំពុងធ្វើ គឺបង្ខូចតម្លៃការបោះឆ្នោតតាមរយៈការធ្វើឲ្យមានសំឡេងនៅមុនការបោះឆ្នោតថា មានអង្គការមួយចំនួនមិនចូលរួមសង្កេតការណ៍ដែលធ្វើឲ្យបរិយាកាសបោះឆ្នោតមើលទៅហាក់ដូចជាមានបញ្ហា និងមិនពេញលេញ។ ក្នុងគោលដៅដូចគ្នានេះដែរ លោក គល់ បញ្ញា ដដែលបានប្រើប្រាស់អង្គការមួយទៀតឈ្មោះ ANFREL ហើយទើបតែបានចេញរបាយការណ៍ប្រឌិត និងគ្មានវិជ្ជាជីវៈមួយពោរពេញទៅដោយការធ្វើបូរេវិនិច្ឆ័យអំពីដំណើរការ និងលទ្ធផលការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ដើម្បីធ្វើឲ្យមានសំឡេងវាយតម្លៃអវិជ្ជមានខុសការពិតនៅមុនការបោះឆ្នោតចូលមកដល់។

បន្ទាប់មក នៅក្រោយបោះឆ្នោត ពួកគេនឹងចេញរបាយការណ៍ មួយទៀតដោយប្រើប្រាស់អ្នកសង្កេតការណ៍ក្រៅច្បាប់ និងការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានសំឡេងបង្កាច់បង្ខូចលទ្ធផល នៃការបោះឆ្នោត។ គោលដៅរបស់ពួកគេស្ថិតក្នុងសេណារីយោរួមមួយដោយមានពួកបរទេសស្បែកសរជាអ្នកផ្គត់ផ្គង់លុយកាក់ និងបញ្ជាពីក្រោយខ្នង នោះគឺការបំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យ សេរីពហុបក្ស និងបំផ្លាញរបបរាជានិយមនៅកម្ពុជាតែម្តង ដើម្បីជួយគណបក្សមួយដែលស្លាប់បាត់ទៅហើយនោះឲ្យរស់ឡើងវិញ។

ក្នុងគោលដៅតែមួយ និងសេណារីយោតែមួយ ពួកគេក៏បានបង្កើតព័ត៌មានក្លែងក្លាយមួយទៀតដ៏គួរឲ្យខ្មាសអៀនក្នុងគោលដៅបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ នោះគឺព័ត៌មានដែលថា ទឹកខ្មៅជ្រលក់ម្រាមដៃអាចធ្វើឲ្យមនុស្សស្លាប់បាន។ ព័ត៌មាននេះធ្វើឲ្យគេនឹកឃើញកាលពីការបោះឆ្នោតឆ្នាំ ២០១៣ ដែលអង្គការ Comfrel បានប្រើប្រាស់វិធីបែបនេះរួចទៅហើយ។ កាលណោះ គេប្រឌិតព័ត៌មានថា ទឹកខ្មៅជ្រលក់ដៃអាចលុបជ្រះ ដើម្បីបំពុលបរិយាកាសបោះឆ្នោត ក្នុងគោលបំណងធ្វើឲ្យពលរដ្ឋបាត់ជំនឿលើការបោះឆ្នោត ហើយចោទថា គ.ជ.ប លួចបន្លំ សន្លឹកឆ្នោតជាដើម។ ការប្រឌិតព័ត៌មានស្តីពីទឹកខ្មៅជ្រលក់ម្រាមដៃ ធ្វើឲ្យមនុស្សស្លាប់គឺស្ថិតក្នុងសេណារីយោរួមជាមួយក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

សរុបទៅ កលល្បិចរាក់កំផែលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់វិធីក្រៅច្បាប់ដើម្បីក្រឡុកសភាពការណ៍ បំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ សម្រាប់ក្រសែភ្នែកប្រជាពលរដ្ឋខ្មែរនាសម័យនេះ ជាពិសេសក្រសែភ្នែកអាជ្ញាធរ មាន សមត្ថកិច្ច។ ម៉្យាងវីញទៀត ផ្ទៃក្នុងរបស់អង្ការ Comfrel ក៍បានបន្តបញ្ជាក់អំពីការមិន ប្រែប្រួលនៃផែនការ ចុងក្រោយរបស់ Comfrel ដែលនៅតែបន្តជ្រកក្រោមផ្លាកអ្នកស្មគ្រ័ចិត្តឃ្លាំមើលការរំលោភសិទ្ធពលរដ្ឋ ដើម្បីការពារពួកប្រឆាំងផង និងក៏ដើម្បីត្រៀមជួយប្រមូលផ្តុំគ្នាប្រឆាំងនឹងការបោះឆ្នោត ដោយគ្រាន់តែធ្វើជាការជូនដំណឹងទៅគណកម្មាធិការបោះឆ្នោតខេត្តតែប៉ុណ្ណោះ ដែលជាទង្វើបង្កហេតុយ៉ាងច្បាស់ក្រឡែត ប្រឆាំងនឹងច្បាប់ដែលតម្រូវឲ្យសុំទៅ គជប ។ ដូច្នេះ វិធានការក្តៅក៏ត្រូវបានប្រកាសរួចហើយដោយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ជារួម ពីអំណឹះតទៅ មានតែកណ្តាប់ដៃច្បាប់ទេដែលត្រូវយកមកប្រើដើម្បីបង្ក្រាបពួកឧទ្ទាមជ្រុលនិយម ទាំងនោះបាន ដោយត្រូវជីកឬសគល់ឲ្យអស់ក្រុមបំផ្លាញជាតិ បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដែល មានបរទេស បញ្ជាពីក្រោយខ្នង។ ពួកគេកំពុងយល់ច្រឡំធំ ហើយកំពុងដេកស្រមើស្រមៃ រកនឹកដើម្បីបំផ្លាញកម្ពុជា ប៉ុន្តែអ្វីដែលពួកគេភ្លេចគឺ កម្ពុជាមានបុរសខ្លាំងម្នាក់ដែលកំពុងឈរយ៉ាងរឹងមាំការពារអធិបតេយ្យភាពឯករាជ្យភាពកម្ពុជាចេញពីការជ្រៀតជ្រែកពីបរទេស ក៏ដូចជាការពារសន្តិភាព ស្ថិរភាពសង្គម និងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញមិនឲ្យពួកឧទ្ទាមក្រៅច្បាប់បំផ្លាញបានឡើយ៕

ដោយ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង