លោកស្រី Angelina Jolie បង្ហោះសារអំពីវិបត្តិជនភៀសសឹកកម្ពុជា ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន
លោកស្រី Angelina Jolie ដែលជាតារាសម្តែងហូលីវូតដ៏ល្បី និងជាអ្នកធ្វើការងារលើវិស័យសប្បុរសធម៌មនៅកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះសារនៅលើគណនី Instagram របស់គាត់ ដោយបានរំលឹកពីតម្លៃនៃជីវិតមនុស្សដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងទំនាក់ទំនងដ៏យូរអង្វែងរបស់គ្រួសារលោកស្រីជាមួយប្រទេសកម្ពុជា។
លោកស្រី Angelina Jolie បានចាត់ទុកប្រទេសកម្ពុជា ជា «ប្រទេសពិសេសមួយ» ទាំងសម្រាប់លោកស្រីផ្ទាល់និងកូនៗ។ លោកស្រីបានសរសេរថា៖ «កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងតាមបណ្តោយព្រំដែនកម្ពុជា ដែលបានបំផ្លាញសុវត្ថិភាពនិងស្ថិរភាពរបស់មនុស្សជាច្រើន។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០ នាក់នៅតែបន្តភៀសខ្លួន និងមិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ»។
តារាសម្តែងដែលបានឈ្នះពានរង្វាន់អូស្ការរូបនេះបានបន្តថា ប្រទេសកម្ពុជាបានស្ថិតនៅក្នុងចំណុចស្នូលនៃជីវិតរបស់លោកស្រីអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានកត់សម្គាល់ថា កូនចិញ្ចឹមរបស់លោកស្រីឈ្មោះ Maddox បានកើតនៅប្រទេសកម្ពុជា ហើយកិច្ចការមនុស្សធម៌របស់គ្រួសារលោកស្រី បានផ្តោតជាចម្បងនៅតាមតំបន់ព្រំដែនតាមរយៈមូលនិធិ Maddox ។
លោកស្រីបានសង្កត់ធ្ងន់ក្នុងសំណេររបសលោកស្រីថា៖ «កម្ពុជាតែងតែជាប្រទេសពិសេសមួយសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ នេះគឺជាប្រទេសកំណើតរបស់កូនប្រុសខ្ញុំ ផ្ទះរបស់យើងគឺនៅទីនេះ ហើយអស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលពួកយើងបានសហការជាមួយក្រុមការងារដែលដឹកនាំដោយប្រជាជនមូលដ្ឋានផ្ទាល់លើកិច្ចអភិរក្ស និងការអភិវឌ្ឍសហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការកណ្តាលនៅចំកន្លែងព្រំដែន ដែលជម្លោះថ្មីៗនេះបានកើតឡើង»។ លោកស្រី Jolie បានពន្យល់ថា ការប្រយុទ្ធគ្នានេះបានបង្ខំឱ្យមូលនិធិធ្វើការជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេចេញពីតំបន់នោះ ដែលជាបទពិសោធន៍មួយ លោកស្រីបានចាត់ទុកថាវាគឺជា «ការរំលឹកដ៏ឈឺចាប់មួយអំពីការវិលត្រឡប់មកវិញនៃជម្លោះយ៉ាងលឿន»៕




