ខ្មែរប៉ុស្ដិ៍ Close

សណ្តាប់ធ្នាប់ពិភពលោកថ្មីកំពុងចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
សណ្តាប់ធ្នាប់ពិភពលោកថ្មីកំពុងចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សណ្តាប់ធ្នាប់ពិភពលោកថ្មីកំពុងចាប់ផ្តើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

នៅទីនេះនិងនៅពេលនេះ សណ្តាប់ធ្នាប់អន្តរជាតិថ្មីកំពុងតែដំណើរការទៅមុខ។ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ពិភពលោកដែលពោរពេញទៅដោយការបែកបាក់ និងបណ្តាមេដឹកនាំពិភពលោកត្រូវមកជួបប្រជុំគ្នានៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជិតមួយសប្តាហ៍កាលពីពេលថ្មីៗនេះ។

មេរៀនដ៏មានតម្លៃជាច្រើនអាចត្រូវបានទាញចេញពីកិច្ចប្រជុំកំពូលទាំង៣ ដែលកម្ពុជា ឥណ្ឌូណេស៊ី និងថៃ បានធ្វើជាម្ចាស់ផ្ទះ។ ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបង្ហាញឱ្យឃើញអំពីគ្រោះថ្នាក់នៃសង្គ្រាមសម័យទំនើប ជាពិសេសនៅក្នុងចំណោមប្រទេសដែលអាចត្រូវបានអូសទាញចូលទៅក្នុងភាពច្របូកច្របល់។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ និងសង្រ្គាមត្រជាក់បណ្តាប្រទេសជាមិត្តនិងសម្ព័ន្ធមិត្តត្រូវបាន កំណត់អត្តសញ្ញាណយ៉ាងច្បាស់។

នៅក្នុងភាពវឹកវរស្រដៀងគ្នានេះ សត្រូវតែងត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។ ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមដ៏ធំបំផុតនៅអឺរ៉ុបបើគិតចាប់តាំងពីឆ្នាំ ១៩៤៥ មក ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ បានបង្ហាញថា «សព្វថ្ងៃនេះឥទ្ធិពលនៃសង្គ្រាមអាចបង្កនូវផលប៉ះពាល់យ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែងនៃពិភពលោក មិនថានៅក្នុងប្រទេសជាមិត្ត ឬជាសត្រូវឡើយ ដោយសារតែពិភពលោកមានទំនាក់ទំនងរវាងគ្នាកាន់តែរឹងមាំ»។

បើទោះបីជាគំនិតស្តីពីបដិសាកលភាវូបនីយកម្ម (Deglobalization) និងការផ្តាច់ទំនាក់ទំនង កំពុងទទួលបានភាពទាក់ទាញទាំងនៅភាគបូព៌ា និងភាគខាងលិចក៏ដោយ ក៏ការតភ្ជាប់ពហុកម្រិតនឹងមិនអាចរងនូវការបំផ្លាញទាំងស្រុងនោះទេ។ សង្រ្គាមនៅអ៊ុយក្រែនបានបំផ្លាញខ្សែច្រវ៉ាក់ផលិតកម្មនៅគ្រប់វិស័យទាំងអស់ដែលជាហេតុធ្វើឱ្យតម្លៃទំនិញកើនឡើង និងបានផ្តល់អត្ថប្រយោជន៍ដល់បណ្តាក្រុមហ៊ុន និងសហគ្រាសពាណិជ្ជកម្ម ក៏ប៉ុន្តែបានបង្កការលំបាកដល់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ។

ជាងនេះទៅទៀត សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណតម្លៃប្រជាធិបតេយ្យនិងសេរីភាព ជាមួយនឹងការយល់ឃើញថា «ប្រព័ន្ធនយោបាយបែបនេះនឹងនាំមកនូវសុភមង្គល តម្លាភាព ការគោរពសិទ្ធិមនុស្ស និងសេរីភាពដល់ប្រជាជនទាំងអស់នៅក្នុងពិភពលោក»។ ប៉ុន្តែ ពិភពលោកដែលត្រូវបានបែងចែកដោយលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ គឺជាគំនិតដ៏អាក្រក់។

«មិនមែនគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់សុទ្ធតែមានសេរីភាពទាំងស្រុងនោះទេ ហើយមិនមែនគ្រប់ប្រទេសផ្តាច់ការទាំងអស់សុទ្ធតែផ្តាច់ការទាំងស្រុងនោះដែរ»។ បន្ថែមពីលើនេះ ប្រទេសភាគច្រើននៅលើពិភពលោកកំពុងឈរនៅចំកណ្តាលរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ ដោយក្នុងនោះប្រជាធិបតេយ្យត្រូវបានអនុវត្តនៅក្នុងវិស័យមួយចំនួន ខណៈដែលភាពផ្តាច់ការត្រូវបានអនុវត្តនៅក្នុងវិស័យមួយចំនួនទៀត។ «និយាយមួយបែបទៀត ប្រទេសមួយចំនួនកំពុងប្រកាន់យករបៀបដឹកនាំកូនកាត់»។

ទោះជាមានប្រព័ន្ធនយោបាយបែបណាក៏ដោយ ក៏គ្រប់ប្រទេសទាំងអស់សុទ្ធតែចង់បានពិភពលោកមួយប្រកបដោយសន្តិភាព។ សម្រាប់កិច្ចប្រជុំកំពូលទាំងអស់ មេរៀនដ៏សំខាន់បំផុតគឺ «សិល្បៈនៃការស្តាប់» ហើយបន្ទាប់មកគឺ «ការរក្សាតុល្យភាពផលប្រយោជន៍របស់មនុស្សគ្រប់គ្នា» បូករួមនឹង «ការផ្តល់ការសម្របសម្រួលចាំបាច់មួយចំនួន»។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អ្នកនយោបាយបាននិយាយជាមួយគូប្រកួតប្រជែងរបស់ពួកគេ និងបានចុះកិច្ចព្រមព្រៀងដើម្បីចៀសវាងពីការកើតមានជម្លោះ និងសង្រ្គាមបន្ថែមទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ «ម្ចាស់ផ្ទះទាំង ៣ មានកម្រិតរួបរួម និងការអភិវឌ្ឍផ្នែកលទ្ធិប្រជាធិបតេយ្យខុសៗគ្នា ក៏ប៉ុន្តែពួកគេបានបង្កើតឱ្យមានលទ្ធផលប្រហាក់ប្រហែលគ្នា»។ នៅក្នុងកម្រិតកំពូលបំផុតគឺ «ប្រទេសឥណ្ឌូណេស៊ី» ដែលបានទទួលលទ្ធិប្រជាធិបតេយ្យពេញលេញចាប់តាំងពីការផ្លាស់ប្តូរចេញពីការគ្រប់គ្រងរបស់បុរសតែមួយ គឺអតីតប្រធានាធិបតី Suharto ក្នុងឆ្នាំ ១៩៨៨។

ចាប់តាំងពីពេលនោះមក លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតលំដាប់ទី៣ របស់ពិភពលោកបានខិតខំតស៊ូរស់រានមានជីវិត តាមរយៈការទប់ទល់ប្រឆាំងនឹងរាល់គ្រប់បញ្ហាទាំងអស់ ហើយសព្វថ្ងៃនេះវាបានក្លាយជាលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកមួយ។ នៅកោះបាលីកាលពីខែមុន លទ្ធិប្រជាធិបតេយ្យដែលមានអាយុកាល ២៤ ឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីបានយកឈ្នះលើរដ្ឋប្រហារដ៏ធំបំផុតមួយតាមរយៈការធ្វើឱ្យតួឯកទាំងអស់នៅក្នុងសង្គ្រាមអ៊ុយក្រែនយល់ព្រមទទួលយកសេចក្តីប្រកាសរបស់មេដឹកនាំ G20 ។

បន្ទាប់មក ប្រទេសថៃគឺជាប្រទេសមួយដែលត្រូវបានញាំញីដោយបញ្ហាក្នុងស្រុកអស់រយៈពេលជាច្រើនទសវត្សរ៍។ ជារឿយៗ លោកខាងលិចបានចាត់ទុក «ទឹកដីនៃស្នាមញញឹម» ជា «ទឹកដីនៃភាពរញ៉េរញ៉ៃ និងការ រំលោភសិទ្ធិមនុស្ស» ជាពិសេសគឺករណីដែលមានជាប់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ បាតុកម្មដែលជាព្រឹត្តិការណ៍ប្រចាំថ្ងៃចាប់តាំងពីឆ្នាំ ២០១០ មក នៅតែបន្តកើតមានឥតឈប់ឈរក្រោមហេតុផលសេដ្ឋកិច្ច, នយោបាយ, សង្គម និងបក្ខពួកនិយម។

នៅក្នុងតំបន់ ថៃគឺជាប្រទេសពិសេសប្លែកពីគេ ដោយសារតែប្រទេសនេះគឺជាប្រទេសតែមួយគត់ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគម។ ដូច្នេះប្រទេសនេះនៅខ្វះបទពិសោធន៍ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ហើយនៅពេលដែលជនជាតិថៃនិយាយអំពីសេរីភាព ពួកគេចង់សំដៅទៅលើសេរីភាពដែលមិនស្ថិតក្រោមការត្រួតត្រា និងការធ្វើអន្តរាគមន៍ពីបរទេស។

ជាញឹកញយ ប្រទេសថៃតែងដើរតាមផ្លូវរបស់ខ្លួន ដោយសារទំនៀមទំលាប់ដែលមិនប្រថុយប្រថានខ្លាំង និងការអនុវត្តការទូតប្រកបដោយមោទនភាព។ នៅមុនកិច្ចប្រជុំ Apec ឆ្នាំ ២០២២ ការរំពឹងទុកមានកម្រិតទាបណាស់ ដែលថា «ប្រទេសថៃនឹងអាចសម្រេចបាននូវជំហរដ៏រឹងមាំ ដូចដែលបានធ្វើឡើងដោយកិច្ចប្រជុំ G20 ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិស្បៀងអាហារ និងថាមពល ក៏ដូចជាការគំរាមកំហែងផ្សេងៗទៀតចំពោះជីវភាពរស់នៅរបស់ប្រជាជន»។

ប៉ុន្តែប្រទេសថៃ បានដំណើរការលើសពីការរំពឹងទុក ដោយសារតែសមាជិកទាំងអស់បានសហការគ្នា និងមិនចង់ឃើញកិច្ចប្រជុំ Apec ២០២២ ដួលរលំ។ លោក Biden ដែលខកខានមិនបានមកចូលរួម បានបាត់បង់ឱកាសដែលមេដឹកនាំផ្សេងទៀតបានទទួល។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាល Biden មិនបានចាត់ទុកប្រទេសថៃជាប្រទេសដែលមានស្តង់ដារស្របគ្នាជាមួយនឹងទីក្រុងវ៉ាស៊ីនតោននោះទេ។

សម្រាប់ករណីកម្ពុជា «បើទោះបីជាវាមានទស្សនៈអវិជ្ជមានមួយចំនួនចំពោះលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ ក៏លោក ហ៊ុន សែន ពិតជាបានកាន់តំណែងជាប្រធានអាស៊ានបានយ៉ាងល្អបំផុត»។ សព្វថ្ងៃនេះ មជ្ឈភាពអាស៊ានមានភាពរឹងមាំជាងពេលណាៗទាំងអស់។ «ទំនាក់ទំនងរបស់លោក ហ៊ុន សែន ជាមួយបណ្តាមេដឹកនាំដែលបានស្គាល់លោក ពិតជាបានជួយបន្ធូរបន្ថយភាពតានតឹង»។

ការអញ្ជើញរបស់លោក ហ៊ុន សែន ឱ្យប្រទេសអ៊ុយក្រែនចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការគឺជាវិធានការដ៏អស្ចារ្យមួយ។ «ជំហររបស់លោក ហ៊ុន សែន បើទោះបីជាខុសប្លែកពីប្រទេសឥណ្ឌូចិន ២ ផ្សេងទៀតក៏ដោយ ក៏វាពិតជាទទួលបាននូវការអបអរសាទរ ជាពិសេសពីប្រធានាធិបតី Biden»។

បើទោះបីជាលោកខាងលិចចង់ ឬមិនចង់ទទួលស្គាល់ក៏ដោយ ក៏សណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយបាននិងកំពុងលេចចេញជារូបរាងហើយ ដោយផ្អែកលើកម្មវិធីនិងសកម្មភាព នៃយន្តការដឹកនាំរបស់អាស៊ាន។ កាលពីមុន សកម្មភាពទាំងនេះមិនទទួលបាននូវការគោរព ឬការទទួលស្គាល់ដែលសមនឹងទទួលបាននោះទេ ដោយសារតែកង្វះវិបត្តិធ្ងន់ធ្ងរ ដូចជាសង្រ្គាមនៅអ៊ុយក្រែនជាដើម។

ភ្លាមៗនោះ អាស៊ានបានលេចមុខជាថ្មីនៅលើផែនទីយុទ្ធសាស្ត្រសកល និងបានក្លាយជាចំណុចស្នូលសម្រាប់គ្រប់ប្រទេសទាំងអស់។ កិច្ចប្រជុំថ្នាក់តំបន់លែងផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ទៀតហើយ ដោយក្នុងនោះ ទាំងប្រធានាធិបតី Emmanuel Macron និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman សុទ្ធតែបានបញ្ជូនសញ្ញាបែបនេះ។

មេដឹកនាំទាំងពីរ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចូលរួមនៅក្នុងកិច្ចប្រជុំ Apec ក្នុងនាមជាភ្ញៀវរបស់ប្រទេសថៃ។ អាកប្បកិរិយារបស់លោក Macron នៅក្នុងអំឡុងដំណើររបស់លោកបានទទួលនូវការកោតសរសើរទាំងពីប្រទេសជាម្ចាស់ផ្ទះ និងពីប្រជាជន។ សម្រាប់អារ៉ាប៊ីសាអូឌីត ពិភពលោកមិនបន្តស្ថិតនៅក្នុងចរន្តរបស់តំបន់មជ្ឈិមបូព៌ា និងនៅក្នុងភូមិសាស្ត្រនយោបាយដែលដឹកនាំដោយអាមេរិកនោះទេ។ ព្រះអង្គម្ចាស់យល់ថា «ប្រទេសថៃក៏ដូចជាសមាជិកអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត គឺជាទីកន្លែងដ៏ល្អសម្រាប់ការបង្កើតមិត្ត, ការវិនិយោគ និងការទទួលបាននូវភាពរុងរឿងរួមគ្នា»។

ដោយសារតែការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន និងទីតាំងនៅកៀកជិតគ្នា តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជារនាំងសុវត្ថិភាពមួយ ដែលនឹងធានាថា «ការប្រកួតប្រជែងរវាងមហាអំណាច ជាពិសេសសហរដ្ឋអាមេរិកនិងចិន នឹងមិនបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ឡើយ»។ ប្រធានាធិបតីចិន Xi Jinping មានឱកាសបង្ហាញអំពីភាពល្អូកល្អឺនផ្នែកការទូត និងទំនាក់ទំនងផ្ទាល់ខ្លួននៅក្នុងអំឡុងពេល ៣ ថ្ងៃរបស់លោកនៅទីក្រុងបាងកក។

នៅក្នុងកិច្ចប្រជុំកំពូលទាំងអស់ មហាអំណាចទាំងអស់បានធ្វើសកម្មភាពប្រកបដោយការគោរព។ អ្នកវិភាគនយោបាយមានការលើកឡើងខុសៗគ្នា ក៏ប៉ុន្តែសារដដែលៗដ៏ច្បាស់លាស់មួយគឺ «ឥឡូវនេះតំបន់អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយដែលកំពុងលេចឡើង ទាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅខាងក្រៅតំបន់»។

សំណួរដ៏សំខាន់មួយគឺថា «តើតំបន់អាស៊ីអាគ្នេយ៍នៅក្រោមដំបូលអាស៊ាន នឹងអាចពង្រឹងចំណុចខ្វះខាតមួយចំនួនរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅពេលអនាគតក្នុងយុគសម័យក្រោយវីរុសរាតត្បាតបានដែរឬទេ»។ ដូច្នេះនៅក្រោមភាពជាប្រធានរបស់ឥណ្ឌូណេស៊ី អាស៊ានត្រូវតែព្យាយាមដោះស្រាយជម្លោះផ្ទៃក្នុងឱ្យបានល្អប្រសើរជាងមុន ជាពិសេសបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងឡើងវិញនូវជំហរ និងតួនាទីរបស់ខ្លួនជាមួយមហាអំណាចពិភពលោក៕

Kavi Chongkitavorn/Bangkok Post

អត្ថបទទាក់ទង