អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី៨ ជូនស្ត្រីមេម៉ាយជរាគ្មានទីពឹង ១គ្រួសារ នៅស្រុកកំពង់សៀម
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នាព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២ នេះ បានប្រគល់ផ្ទះមនុស្សធម៌ទី៨ ជូនលោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត «រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩» ដោយម្នាក់ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនអោយបាន ជាប់ជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលនឹងជំងឺកូវីដ-១៩នេះបានឡើយ។ ក្នុងកាល:ទេស:នេះទាំងអស់គ្នា ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ ៣កុំ » និងជំរុញសាច់ញាតិ បងប្អូន កូនចៅ អោយទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ និងធ្វើអោយសកម្មភាពសេដ្ឋកិច្ច បានដំណើរការល្អប្រសើរឡេីងវិញ។
គួរបញ្ជាក់ថា យាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹងរស់នៅជាមួយកូនប្រុសម្នាក់អាយុ ៣៥ឆ្នាំ ដែលមានសតិមិនគ្រប់ រីឯកូនប្រុស ស្រី២នាក់ទៀតមានគ្រួសាររស់នៅបែកគ្នា ខណ:ជីវភាពគាត់ ជួបការលំបាករកបានព្រឹកខ្វះល្ងាច។ ដោយស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី ទំហំ៤ម×៦ម ១ខ្នង តម្លៃប្រមាណជា១០លានរៀល ។ ក្នុងនោះក៏បានផ្ដល់ជូននូវអំណោយ សម្រាប់ឡេីងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល។ ដោយឡែក លោកយាយ លោកតា ដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ម៉ាស់ ព្រមទាំងថវិកាចំនួន ២០,០០០រៀល ផងដែរ៕