ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 50
អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។

លោកបន្តទៀតថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។

អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរក៏សូមសំណូមពរដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នា ដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន