ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី ៤ មីនា ឆ្នាំ២០២១ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី ៤ មីនា ឆ្នាំ២០២១ នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី ៤ មីនា ឆ្នាំ២០២១ នេះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា លោកគ្រោងនឹងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសតាមបណ្តាញសង្គម Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖

«បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។

ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ»។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្លាប់បានបង្ហាញពីបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ជាជំនួយរបស់ចិនរួចម្តងមកហើយ។ តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ កំណត់អាយុក្នុងការចាក់ចន្លោះពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ។

ការសម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺជាលើកទឹកចិត្តមួយដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមចាក់វ៉ាក់សាំង ដើម្បីជួយការពារសុខភាពបន្ថែមពីការវាយប្រហារដោយជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង