ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បង្ហាញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 71
ក្រសួងសុខាភិបាល បង្ហាញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក្រសួងសុខាភិបាល បង្ហាញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស

ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញផ្សព្វផ្សាយជាសាធារណៈនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាផែនទីចង្អុលផ្លូវបម្រើដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។

ការរៀបចំផែនការមេចាក់វ៉ាក់សាំងនេះ មានគោលបំណងការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ-១៩ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវការឈឺសម្រាកពេទ្យ និងស្លាប់ ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច។

ក្នុងបុព្វកថានៃផែនការមេកម្រាស់២៦ទំព័រនេះ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានគូសរំលេចថា «ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស» នេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមនូវគោលការណ៍ នីតិវិធី យុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទាន់ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកស្រីបន្តថា ផែនការមេនេះត្រូវបានរៀបចំឡើង ដោយផ្អែកមូលដ្ឋានគ្រឹះនៃ «ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩» ដែលក្រសួងសុខាភិបាលបានដាក់ចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆតាដែលបានកំណត់នៅក្នុងផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋគោលដៅឱ្យបាន ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២។

លោកស្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សាភ្ជាប់ជាមួយការអនុវត្តវិធានការ «៣ កុំ និង ៣ ការពារ» និងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងផែនការមេនេះ បានដាក់ចេញគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបាន ១០លាននាក់ ឬ៦២ភាគរយ នៃប្រជាពលរដ្ឋសរុប និងអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ លើសពី ៩៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ បានចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២៕

ខាងក្រោមនេះ ខ្លឹមសារទាំងស្រុងនៃផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំដោយក្រសួងសុខាភិបាល៖

 

អត្ថបទទាក់ទង