វិបត្តិនៅអ៊ុយក្រែនកើតឡើងនៅចំពេលវេលាដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចពិភពលោក
ពិភពលោកបានឆ្លងកាត់នូវភាពច្របូកច្របល់ជាច្រើនចាប់តាំងពីដើមសហស្សវត្សរ៍ថ្មីនេះ ដោយក្នុងនោះរួមមានវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨, វិបត្តិបំណុលអឺរ៉ុប និងវីរុសរាតត្បាតកូវីដ-១៩ ហើយវិបត្តិនៅ
អ៊ុយក្រែនអាចនឹងបង្កឱ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចក្នុងរយៈពេលដ៏យូរអង្វែង។
បរិយាកាសនៃសុខសន្តិភាពត្រូវបានគ្របដណ្តប់ទៅដោយការវាយប្រយុទ្ធគ្នា ដែលនឹងបង្កភាពអាប់អួរដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលបច្ចុប្បន្ននេះសុទិដ្ឋិនិយមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនឹងតម្រូវឱ្យផ្លូវឆ្ពោះទៅរកកំណើន ប្រកបដោយចីរភាព មានភាពរលូន។ ជាមួយនឹងហានិភ័យនៃភាពផុយស្រួយនៃទីផ្សារកំពុងតែកើនឡើងខ្ពស់ ការចំណាយរបស់ពលរដ្ឋនិងការវិនិយោគនឹងទទួលរងនូវផលប៉ះពាល់នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។
ប្រសិនបើវិបត្តិនេះមិនអាចត្រូវបានដោះស្រាយឱ្យបានឆាប់រហ័សនោះទេក្តីរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងនៅឆ្នាំក្រោយ នឹងដាំក្បាលចុះយ៉ាងគំហ៊ុកជាក់ជាមិនខាន ហើយគ្មាននរណាម្នាក់អាចរួចខ្លួនពីវិបត្តិនេះទេ។
បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជាអាមេរិកនិងចិនជាដើមនឹងត្រូវទទួល រងចំណែកប៉ះទង្គិចយ៉ាងធំនៅក្នុងវិបត្តិនេះ។
ជម្លោះដ៏ធំដំបូងគេ នៅលើទឹកដីអឺរ៉ុបបើគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក បានកើតឡើងដោយនឹកស្មានមិនដល់។ ជម្លោះនេះនឹងបង្កជាគ្រោះមហន្តរាយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ ហើយឥទ្ធិពលដ៏អាក្រក់របស់វាទៅលើសេដ្ឋកិច្ចពិភពលោកនឹងកើត មានឡើងយ៉ាងឆាប់រហ័ស។
ទំនុកចិត្តរបស់ពិភពលោកបាននិងកំពុងស្ថិតក្នុងកម្រិតទាបស្រាប់ ដោយសារតែវត្តមាននៃវីរុសរាតត្បាត, ការធ្លាក់ចុះដ៏គួរឱ្យកត់ សម្គាល់នូវកំណើន នៃការធ្វើពាណិជ្ជកម្មរបស់ពិភពលោកនៅប៉ុន្មានខែថ្មីៗនេះ និងដោយសារអាជ្ញាធររូបិយវត្ថុធំៗរបស់ពិភពលោកគ្រោងនឹងដកចេញវិញនូវការគាំទ្រផ្នែកគោលនយោបាយរបស់ពួកគេ។
ចេតនារបស់ធនាគារកណ្តាលអាមេរិកនៅក្នុងការ ដំឡើងអត្រាការប្រាក់នៅក្នុងខែមីនានេះនឹងបង្កជាបញ្ហាប្រឈមបន្ថែមទៀត។ នៅប៉ុន្មានខែចុង ក្រោយនេះ ខណៈពេលដែលអតិផរណាកំពុងកើនឡើង ហើយការបន្តធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់កំពុងបង្កផលប៉ះពាល់ដល់តម្រូវការ ក្ដីមន្ទិលបានចាប់ផ្តើមកើតមានជុំវិញការឆ្ពោះទៅមុខ នៃការងើបឡើងវិញ ប្រកបដោយចីរភាព នៃសេដ្ឋកិច្ចពិភពលោក។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ក្តីរំពឹងទុករបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចពិភពលោក មកនៅត្រឹមចំនួន ៤,៤%សម្រាប់ឆ្នាំនេះ ដែលជាការថយចុះក្នុងចំនួន ០,៥% ពីចំនួន ៤,៩% នៅក្នុងការព្យាករណ៍កាលពីខែតុលាឆ្នាំមុន។
អត្រានេះនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅពេលកើតមានវិបត្តិនៅអ៊ុយក្រែន ហើយអឺរ៉ុបគឺជាអ្នកដែលនឹងប្រឈមមុខ នឹងហានិភ័យជាងគេ ដោយសារតែទីតាំងដែលស្ថិតនៅកៀកនឹងជម្លោះនេះ។
ក្តីរំពឹងសម្រាប់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប អាចនឹងទទួលរង នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រទេសអាល្លឺម៉ង់ ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសនេះជាមួយនឹងរុស្ស៊ីដែលជាប្រទេសដែលកំពុងរងគ្រោះពីទណ្ឌកម្មសេដ្ឋកិច្ច។
វាមិនត្រឹមតែបង្កការខូចខាតដល់លំហូរនៃការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែហានិភ័យដែលថា «រុស្ស៊ីនឹងសងសឹកចំពោះការដាក់ទណ្ឌកម្មពីអន្តរជាតិ តាមរយៈការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នទៅឱ្យបណ្តាប្រទេសនៅអឺរ៉ុប» ក៏នឹងបង្កការបំផ្លាញដល់សកម្មភាពសេដ្ឋកិច្ចដែលអាចនឹងធ្វើឱ្យតំបន់នេះវិលទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយទៀត។
អឺរ៉ុបបានពឹងផ្អែកលើឧស្ម័នដែលនាំចូល ពីប្រទេសរុស្ស៊ីសឹងតែ ៤០% ហើយអាល្លឺម៉ង់ និងអ៊ីតាលី គឺជាប្រទេសដែលងាយរងគ្រោះជាងគេ ពីព្រោះអាល្លឺម៉ង់នាំចូលឧស្ម័នរបស់រុស្ស៊ីក្នុងបរិមាណ ៦៥% ហើយអ៊ីតាលី នាំចូល ៤៣%។
សូម្បីតែភាពរអាក់រអួលនៅក្នុងរយៈពេលខ្លីណាមួយនៅក្នុងការផ្គត់ផ្គង់ថាមពល ក៏អាចបង្កនូវផលវិបាកធ្ងន់ធ្ងរដល់ប្រតិបត្តិការឧស្សាហកម្ម, ការវិនិយោគថ្មីៗ, ការបង្កើតការងារ និងការចំណាយរបស់ពលរដ្ឋដែរ។
ភាពមិនប្រាកដប្រជា ដែលកាន់តែរីកធំឡើង នៅក្នុងតំបន់អឺរ៉ុបអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចដាំក្បាលចុះ ហើយ IMF អាចទម្លាក់ការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០២២ មកនៅត្រឹម ៣,៩% សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ។
សេដ្ឋកិច្ចនៅសហភាពអឺរ៉ុបបានងើបឡើងវិញយ៉ាងល្អ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ ២០២០ ដោយសារវិបត្តិកូវីដ-១៩។ ក៏ប៉ុន្តែវានៅតែមានសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយចំនួន។ ដោយសារអតិផរណាកំពុងងើបឡើងសារជាថ្មីម្ដងទៀត និងដោយ សារតែធនាគារកណ្តាលអឺរ៉ុបនឹងប្រកាន់យកនូវជំហររូបិយវត្ថុកាន់តែតឹងរ៉ឹងជាងមុន វាអាចនឹងធ្វើឱ្យតំបន់អឺរ៉ុបងាយរងគ្រោះខ្លាំងពីហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃអស្ថិរភាពហិរញ្ញវត្ថុពិភពលោក។
នៅក្នុងសេនារីយ៉ូដ៏អាក្រក់បំផុត ឥទ្ធិពលនៃជម្លោះនេះនឹងរីករាលដាលក្នុងទ្រង់ទ្រាយធំ និងនៅពាសពេញពិភពលោក ដោយសារតែភាពសំខាន់ខ្លាំងនៃសេដ្ឋកិច្ចរបស់អឺរ៉ុបចំពោះពិភពលោកទាំងមូល ហើយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចរបស់អាមេរិកនិងចិននឹងមិនអាចគេចរួចនោះទេ។
កំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំនេះអាចនឹងធ្លាក់ចុះមកនៅក្រោម ៤% ដូចការរំពឹងទុករបស់ IMF សម្រាប់ឆ្នាំ ២០២២ នេះ ខណៈដែលប្រទេសចិនក៏អាចនឹងជួបការលំបាកផងដែរក្នុងការ សម្រេចបាននូវកំណើនសេដ្ឋកិច្ចឱ្យលើស ៥%នៅឆ្នាំនេះ ប្រសិនបើហានិភ័យនៃឥទ្ធិពលអាក្រក់នេះនៅតែបន្តរីករាលដាល។
វិបត្តិនេះបានបង្កការលំបាកដល់ស្ថាប័នរូបិយវត្ថុនានានៅក្នុងពិភពលោកក្នុងការសម្រេចចិត្តថា «តើពួកគេត្រូវដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការកើន ឡើងអតិផរណា ឬមួយក៏ត្រូវថ្នមសភាពការណ៍សិន តាមរយៈការរក្សាអត្រាការប្រាក់ឱ្យ នៅថេរដដែល»។ មិនមានអ្នកឈ្នះនោះទេនៅក្នុងសង្គ្រាមនេះ ហើយនៅទីបំផុត ទំនុកចិត្តផ្នែកសេដ្ឋកិច្ចសកលនឹងក្លាយជាអ្នកចាញ់ដ៏ធ្ងន់ធ្ងរបំផុត៕ South China Morning Post