ឥទ្ធិពលសេដ្ឋកិច្ចរបស់តំបន់អាស៊ី បានរក្សាសេដ្ឋកិច្ចរុស្ស៊ីឱ្យបន្តដំណើរទៅមុខ
ប្រទេសចំនួន ៣៧ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ចាប់តាំងពីពេលកើតមានការឈ្លានពាននៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ វិសាលភាពដ៏ធំនៃយុទ្ធនាការដាក់ទណ្ឌកម្មនេះមិនធ្លាប់កើតមានពីមុនមកនោះទេនៅក្នុងប្រវត្តិសាស្ត្រនាពេលចុងក្រោយនេះ។ ទណ្ឌកម្មដែលបានគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុ, ថាមពល, បច្ចេកវិទ្យា, ការធ្វើដំណើរ, ការដឹកជញ្ជូនទំនិញ បច្ចេកវិទ្យាអវកាស និងមុខទំនិញ ត្រូវបានដាក់លើសេដ្ឋកិច្ចដ៏ធំបំផុតមួយក្នុងចំណោមសេដ្ឋកិច្ចធំបំផុតទាំង ១០ របស់ពិភពលោក។
ប៉ុន្តែសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ីមិនមានលក្ខណៈធ្ងន់ធ្ងរដូចយុទ្ធនាការដាក់ទណ្ឌកម្មប្រឆាំងនឹងសង្គ្រាមកាលពីមុនៗទេ តួយ៉ាងដូចជាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ាក់នៅក្រោយ Saddam Hussein បានឈ្លានពានគុយវ៉ែត នៅឆ្នាំ ១៩៩០។ ទោះជាយ៉ាងណាក៏ដោយ នៅ ១ ឆ្នាំក្រោយការដាក់ទណ្ឌកម្ម លទ្ធផលមួយចំនួនអាចមើលឃើញយ៉ាងច្បាស់។
ទណ្ឌកម្មបានបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់រុស្ស៊ីក៏ដូចជាទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ប៉ុន្តែទណ្ឌកម្មមិនបានធ្វើឱ្យរុស្ស៊ីដួលរលំនោះទេ ហើយក៏មិនបានជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះដែរ។ ការផ្តោតជាច្រើនបានកើតមានលើរបៀបដែលភាពមានប្រៀបរបស់ប្រាក់ដុល្លារអាមេរិក បានជួយសម្រួលដល់ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់លោកខាងលិច។
ប៉ុន្តែលទ្ធផលមិនប្រាកដប្រជានៃយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី បានបង្ហាញថា «ចរន្តទប់ទល់ដ៏ខ្លាំងក្លាមួយមិនសូវទទួលបានការកត់សម្គាល់នោះទេ ដែលនោះគឺការរះឡើងនៃអំណាចពាណិជ្ជកម្មនៅតំបន់អាស៊ីដែលបានជួយសម្រួលដល់ការប្តូរទិសដៅពាណិជ្ជកម្ម និងបានជួយកាត់បន្ថយឥទ្ធិពលទណ្ឌកម្មរបស់លោកខាងលិច»។
ទណ្ឌកម្មសេដ្ឋកិច្ចទំនើបត្រូវបានបង្កើតឡើងនៅដើមសតវត្សរ៍ទី ២០ នៅពេលដែលអឺរ៉ុបគ្រប់គ្រងសេដ្ឋកិច្ចពិភពលោក ហើយក្រោយមកត្រូវបានធ្លាក់ទៅក្នុងដៃរបស់អាមេរិកវិញ។ ភាពមានប្រៀបផ្នែកសេដ្ឋកិច្ចរបស់លោកខាងលិចបានជួយពង្រីកវិធានការដាក់ទណ្ឌកម្មនៅក្នុងអំឡុងសង្គ្រាមត្រជាក់។ ប៉ុន្តែចាប់ពីពេលនោះមក អំណាចសេដ្ឋកិច្ចសកលបានងាកឆ្ពោះទៅកាន់ទិសបូព៌ាវិញ។
នៅឆ្នាំ ២០២១ បណ្តាសេដ្ឋកិច្ចអាស៊ីមានចំណែកចំនួន ៣៩% នៃ Nominal GDP ពិភពលោកដែលបានធ្វើឱ្យវាក្លាយជាប្លុកសេដ្ឋកិច្ចធំជាងគេតែមួយគត់។ ការនាំចេញទំនិញរបស់តំបន់អាស៊ីមានចំណែក ៣៦% នៃការនាំចេញទំនិញសរុបនៅក្នុងពិភពលោក ខណៈដែលសេដ្ឋកិច្ចធំជាងគេទាំង៥ រួមគ្នានៅអាស៊ី គឺចិន និងហុងកុង, ជប៉ុន, កូរ៉េខាងត្បូង, សិង្ហបុរី និងឥណ្ឌា មានចំនួន ១/៤ នៃការនាំចូលទំនិញទាំងអស់នៅក្នុងសកលលោក។
សព្វថ្ងៃតំបន់អាស៊ីមានចំណែក ៣/៤ ហើយចិននិងឥណ្ឌាមានចំណែកពាក់កណ្តាលនៃកំណើន GDP ជាសកល។ យុទ្ធនាការដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២ លើរុស្ស៊ីបានបង្ហាញនូវផលវិបាកផ្នែកយុទ្ធសាស្ត្រដែលបង្កឡើងដោយការប្រែប្រួលនេះ។ ទណ្ឌកម្មលើរុស្ស៊ីត្រូវបានគេប្រើជាផ្នែកមួយនៃការវាយបំបាក់សេដ្ឋកិច្ចទាំងស្រុង នេះបើតាមការលើកឡើងរបស់មន្ត្រីម្នាក់នៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក។
ប៉ុន្តែនៅក្រោយវិបត្តិហិរញ្ញវត្ថុរយៈពេលខ្លី រុស្ស៊ីបានបង្វែរទិសដៅពាណិជ្ជកម្មភាគច្រើនរបស់ខ្លួនឆ្ពោះទៅរកសេដ្ឋកិច្ចអាស៊ី និងអាចជម្នះបាននូវទណ្ឌកម្មទាំងនោះ។ បណ្តាសេដ្ឋកិច្ចអាស៊ីបានដើរតួនាទីជាទិសដៅនាំចេញទំនិញរបស់រុស្ស៊ី ក៏ដូចជាប្រភពនាំចូលទំនិញថ្មីៗ។ ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន, ឥណ្ឌា, បណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ និងបណ្តាប្រទេសអាស៊ីកណ្តាល ពិតជាបានជួយសង្គ្រោះសេដ្ឋកិច្ចរបស់រុស្ស៊ី។
ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីជាមួយនិងចិនបានកើនឡើង ២៩% នៅឆ្នាំ ២០២២ និង ៣៩% នៅត្រីមាសទី១ នៃឆ្នាំ ២០២៣។ ទំហំពាណិជ្ជកម្មអាចឈានដល់ ២៣៧ ពាន់លានដុល្លារនៅត្រឹមចុងឆ្នាំ ២០២៣ ពោលគឺវាច្រើនជាងទំហំពាណិជ្ជកម្មទ្វេភាគីសរុបរបស់ចិនជាមួយបណ្តាសេដ្ឋកិច្ចមួយចំនួន ដូចជាអូស្ត្រាលី, អាល្លឺម៉ង់ ឬវៀតណាមទៅទៀត។ នៅឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសអារ៉ាប់រួម បានកើនឡើង ៦៨% ខណៈដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសតួកគីបានកើនឡើង ៨៧%។
ការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ីនិងឥណ្ឌាបានកើនឡើង ២០៥% ដល់ចំនួន ៤០ ពាន់លានដុល្លារ។ ការប្តូរទិសដៅនាំចេញទំនិញបានជួយសង្គ្រោះវិស័យថាមពលរបស់រុស្ស៊ី ដែលមានចំណែកយ៉ាងធំនៅក្នុងការធ្វើពាណិជ្ជកម្មរបស់ប្រទេសនេះ។ នៅខែមករា ឆ្នាំ ២០២២ បណ្តាប្រទេសអឺរ៉ុបបាននាំចូលប្រេងឆៅរុស្ស៊ីចំនួន ១,៣ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈអតិថិជនអាស៊ីបានទិញចំនួន ១,២ លានបារ៉ែលក្នុងមួយថ្ងៃ។
នៅត្រឹមខែមករា ឆ្នាំ ២០២៣ ការលក់ប្រេងឆៅរុស្ស៊ីទៅឱ្យអឺរ៉ុបបានធ្លាក់មក នៅក្រោម ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ក៏ប៉ុន្តែការនាំចេញទៅកាន់អាស៊ីបានកើនឡើងដល់ ២,៨ លានបារ៉ែលក្នុងមួយថ្ងៃ។ តម្រូវការរបស់តំបន់អាស៊ីបានកើនលើសការនាំចេញប្រេងទៅកាន់អឺរ៉ុបទៅទៀត។ ឥណ្ឌាបានក្លាយជាប្រទេសទិញប្រេងប្រេងឆៅរបស់រុស្ស៊ីធំជាងគេតែមួយគត់ ដោយបានទិញច្រើនជាង ១,៤ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីដើមឆ្នាំ ២០២៣ មក។
ក្រុមហ៊ុននាំចូលរបស់ចិនក៏តាមពីក្រោយមិនឆ្ងាយនោះដែរ ពោលគឺបានទិញប្រេងចន្លោះពី ៨០០ ០០០ ទៅ ១,២ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២២។ ក្នុងរយៈពេល ១ ឆ្នាំ ឥណ្ឌា, ចិន, ទួកគី និងបណ្តារដ្ឋនៅតំបន់ឈូងសមុទ្រ អាចជំនួសបានទាំងស្រុងនូវតម្រូវការរបស់អឺរ៉ុប សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី។ ប្រទេសនាំចេញទំនិញនៅអាស៊ីក៏បានបំពេញគម្លាតដែលបន្សល់ទុកឱ្យដោយក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាបច្ចេកវិទ្យាជាន់ខ្ពស់របស់លោកខាងលិច ក៏ដូចជាបរិក្ខាឧស្សាហកម្មទំនើបៗផងដែរ។
ពេលនេះ បណ្តាក្រុមហ៊ុនចិនមានចំណែក ៤០% នៃការលក់រថយន្តថ្មីៗ និង ៧០% នៃការលក់ទូរសព្ទស្មាតហ្វ៊ូននៅរុស្ស៊ី។ ការដកខ្លួនចេញរបស់លោកខាងលិចពីការវិនិយោគផ្ទាល់ពីបរទេស ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តនៅក្នុងស្រុកផងដែរ។ រុស្ស៊ីបានងាកទៅនាំចូលរថយន្តអឺរ៉ុបនិងជប៉ុនចាស់ៗតាមរយៈប្រទេសទី៣ ហើយរថយន្តថ្មីៗត្រូវបាននាំចូលជាចម្បងពីប្រទេសចិន។
ចិននិងទីក្រុងហុងកុងបានក្លាយជាអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏ចម្បងដែលរុស្ស៊ីបានចាប់ផ្តើមទិញស្តុកទុកនៅមុនសង្គ្រាម។ នៅឆ្នាំ ២០២២ បណ្តាក្រុមហ៊ុនរុស្ស៊ីបានងាកទៅទិញបន្ទះឈីបទំនើបៗកាន់តែច្រើន ដោយក្នុង នោះ តម្លៃនៃការនាំចូលបន្ទះឈីបនិងសម្ភារៈអេឡិចត្រូនិកបានកើនឡើង ៣៦% នៅចន្លោះខែមករាដល់ខែកញ្ញា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។
គេនៅរង់ចាំមើលថា «តើបណ្តាញនាំចូលទាំងនេះអាចបន្តមានប្រសិទ្ធភាពក្នុងរយៈពេលវែងដែរឬទេ»។ ប៉ុន្តែសម្រាប់រយៈពេលខ្លី ការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យារបស់លោកខាងលិច មិនបានបង្អាក់ដល់លទ្ធភាពរបស់រុស្ស៊ីក្នុងការទទួលបានបន្ទះឈីបនោះទេ។ ដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីនៅសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union) ក៏បានដើរតួនាទីក្នុងការជួយរុស្ស៊ីឱ្យគេចផុតពីការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាផងដែរ។
បណ្តាសេដ្ឋកិច្ចនៅអាស៊ីកណ្តាល បានដើរតួនាទីសកម្មក្នុងនាមជាច្រកនាំចូលនិងច្រកពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ ធនាគារអឺរ៉ុបដើម្បីស្ថាបនាឡើងវិញ និងការអភិវឌ្ឍ (European Bank of Reconstruction and Development) បានសន្និដ្ឋានថា «បើទោះបីជាការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ីជាមួយអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ការនាំចេញរបស់សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសទៅកាន់ប្រទេសអាមេនី, កាហ្សាក់ ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន.. បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរបត់ មួយដែលដើរទន្ទឹមគ្នាទៅនឹងការបង្វែរទិសដៅពាណិជ្ជកម្មទៅកាន់រុស្ស៊ី»។
លទ្ធផលបង្វែរទិសដៅពាណិជ្ជកម្មតាមរយៈតំបន់អាស៊ីកណ្តាលនេះមានលក្ខណៈគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងការនាំចូលគ្រឿងម៉ាស៊ីននិងផលិតផលគីមី។ នៅត្រឹមខែតុលា ឆ្នាំ ២០២២ ការកើនឡើងនៃការនាំចេញទៅកាន់ប្រទេសរុស្ស៊ីពីសំណាក់ប្រទេសចិន, បេឡារុស្ស, ទួកគី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងអាមេនីមានចំនួនជិតស្មើការធ្លាក់ចុះនៃការនាំចេញទំនិញរបស់អឺរ៉ុប, អាមេរិក និងចក្រភពអង់គ្លេស ទៅកាន់រុស្ស៊ី។
តាមរយៈការដើរតួនាទីជាអ្នកផ្គត់ផ្គង់ជំនួសទៅឱ្យរុស្ស៊ី, ជាអតិថិជនថ្មីសម្រាប់ផលិតផលរបស់រុស្ស៊ី និងជាអ្នកកំណត់តម្លៃប្រេងរុស្ស៊ីនៅលើទីផ្សារសកលលោក បណ្តាសេដ្ឋកិច្ចអាស៊ីអាចកាត់បន្ថយបានច្រើនគួរសមនូវផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច។ បើទោះបីទណ្ឌកម្មបានកាត់បន្ថយសក្តានុពលកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីក៏ដោយ ក៏សេដ្ឋកិច្ចនៅតែមានលំនឹងតាមរយៈការរៀបចំសម្ព័ន្ធភាពពាណិជ្ជកម្មសារជាថ្មី។
ការចូលរួមរបស់ជប៉ុន, កូរ៉េខាងត្បូង, កោះតៃវ៉ាន់ និងសិង្ហបុរីនៅក្នុងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងបច្ចេកវិទ្យា មិនបានបង្កផលប៉ះពាល់អវិជ្ជមាននោះទេ ដែលមួយផ្នែកគឺដោយហេតុថា ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្តារដ្ឋអាស៊ីបូព៌ាទាំងនេះជាមួយនិងរុស្ស៊ីនៅបន្តកើតមាននៅក្នុងវិស័យថាមពលនិងឧស្សាហកម្ម។
អំណាចពាណិជ្ជកម្មរបស់អាស៊ីក្នុងការទប់ទល់នឹងទណ្ឌកម្មមានប្រភពជាចម្បងមកពីប្រទេសចិន, ឥណ្ឌា និងបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល។ ថតភាពភូមិសាស្ត្រសេដ្ឋកិច្ចទាំងនេះច្បាស់ណាស់នឹងបង្កផលលំបាកដល់ការប្រើប្រាស់ទណ្ឌកម្មរបស់លោកខាងលិចនៅថ្ងៃអនាគត៕
East Asia Forum