ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលរំពឹងអាចបង្កើនទំហំនាំចេញលើសពី២ប៊ីលានដុល្លារ និងបង្កើតការងារថ្មីជាង២២ពាន់កន្លែង ក្នុងពេល៥ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 44
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលរំពឹងអាចបង្កើនទំហំនាំចេញលើសពី២ប៊ីលានដុល្លារ និងបង្កើតការងារថ្មីជាង២២ពាន់កន្លែង ក្នុងពេល៥ឆ្នាំ កម្ពុជាកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលរំពឹងអាចបង្កើនទំហំនាំចេញលើសពី២ប៊ីលានដុល្លារ និងបង្កើតការងារថ្មីជាង២២ពាន់កន្លែង ក្នុងពេល៥ឆ្នាំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ មានការរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក្រោមអធិបតីភាពដឹកនាំរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ២០០នាក់ ដែលជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ វិស័យឯកជននាពេលនេះ គឺដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម ក្នុងគោលដៅឱ្យការរៀបចំសេចក្តីព្រាងនេះមានភាពគ្រប់ជ្រុងជ្រោយ។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្មក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែនិងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) ហើយដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។

វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង, ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» និង «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានរៀបចំឡើងបានរំលេចអំពីចក្ខុវិស័យរយៈពេលវែង និងតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អន្តរក្រសួងអនុវត្តដែលជាគំនិតផ្តួចផ្តើមដោយផ្តោតលើលទ្ធផល ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកវិនិយោគក្នុងផ្នែកមួយចំនួន ដូចជា ធនធានមនុស្ស និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, ការសម្រួលពាណិជ្ជកម្ម, និងភាពអំណោយផលធុរកិច្ច និងវិនិយោគ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ, ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធមើលឃើញពីភាពចាំបាច់ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងនេះ ដោយចាប់ផ្តើមពីការរៀបចំយុទ្ធសាស្ត្ររួម រហូតដល់ការដាក់ចេញ និងអនុវត្តផែនការសកម្មភាព ហើយកិច្ចប្រជុំនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងស្មារតីនៃការពិគ្រោះយោបល់ និងភាពជាដៃគូ ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីវិស័យឯកជនលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។

លោករដ្ឋមន្រ្តីបានជម្រាបជូនអង្គប្រជុំផងដែរថា បន្ទាប់ពីទទួលបានមតិយោបល់ និងធាតុចូលពីអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក សេចក្តីព្រាងផែនទីបង្ហាញផ្លូវ នឹងត្រូវបញ្ជូនទៅគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសម្រាប់ជំហានបន្ទាប់នៃការរៀបចំសេចក្តីព្រាងនេះ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងលើកផ្តួចផ្តើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក ដែលមានតំណាងមកពីផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់ការណែនាំលើការអនុវត្តផែនទីបង្ហាញផ្លូវ។

ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្តល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាការឹអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។

វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្សប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្មដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល ។

ជាការគូសបញ្ជាក់នូវកាលានុវត្តភាពដ៍ល្អសម្រាប់កម្ពុជាក្នុងវិស័យទាំងនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Tina Redshaw បានមានប្រសាសន៍ថា «ចក្រភពអង់គ្លេសមានក្តីសោមនស្សក្នុងការចួលរួមចំណែកគាំទ្រការរៀបចំពង្រាងផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ និងទាក់ទាញការវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៍ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩, ការកែទម្រង់សេដ្ឋកិច្ច និងបង្កើនការងារដែលមានភាពធន់នឹងវិបត្តិនិងដែលផ្តល់ប្រាក់ឈ្នួលប្រសើរជាងមុនសម្រាប់ពលករកម្ពុជា»Fresh News

អត្ថបទទាក់ទង