ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាមានស្រ្តីប្រមាណ ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 19
រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាមានស្រ្តីប្រមាណ ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយ រដ្ឋមន្ត្រីក្រសួងការងារ៖ កម្ពុជាមានស្រ្តីប្រមាណ ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ % ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជារបស់យើង។ ចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព គឺការគិតគូរ និងធានាថា នៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិន និងអាជីវករជាស្រ្តី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួន ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ ឧស្សាហកម្មទី៤ ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអះអាងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” រៀបចំធ្វើឡើងតាមប្រព័ន្ធវីឌីអូខនហ្វឺរិន (ZOOM) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីរាជការជានារីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុក វត្តមានចូលរួមទាំងអស់នេះ ជាការបញ្ជាក់ឱ្យឃើញពីស្មារតីនៃការទទួលខុសត្រូវរួមគ្នា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការប្រែក្លាយស្មារតីនៃទិវាអន្តរជាតិនារី៨មីនា ឱ្យក្លាយជាសកម្មភាពជាក់ស្តែង សម្រាប់ការលើកកម្ពស់សមធម៌យេនឌ័រនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ នានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរងគ្រោះ ពិសេស តាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា “ សាច់ប្រាក់ពលកម្ម ” ដើម្បីជួយកម្មករនិយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំ នាពេលអនាគត។ ក្នុងន័យនេះយើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់ លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។

សូមបញ្ជាក់ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិ៨មិនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ដោយឡែកសម្រាប់ឆ្នាំនេះ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា គឺប្រារព្ធឡើងក្នុងគោល បំណងបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជម្រុញឲ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទទាក់ទង