ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិបោះពុម្ពសៀវភៅខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 33
ប្រវត្តិបោះពុម្ពសៀវភៅខ្មែរ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៨៦១ លោក Amiral Charner ចេញពីក្រុងប៉ារីស ទៅកូសាំងស៊ីន ដោយយកម៉ាស៊ីនពុម្ពនេះទៅជាមួយនឹងឧបករណ៍ផ្សេងៗសម្រាប់បោះពុម្ពឯកសារ។ រូបថតដោយ កែវ ភីរិទ្ធ © Phirith KEO

វិទ្យុយើង សូមអត្ថាធិប្បាយ​ អំពី​ប្រវត្តិ​បោះពុម្ពផ្សាយ​សៀវភៅខ្មែរ​។​ ការបោះពុម្ព​វណ្ណកម្ម ជាក្រដាស​និង​ជា​​អក្សរខ្មែរ​​ កើត​ដំបូង​ឡើង​នៅ​ក្រុង​ព្រៃនគរ តាមរយៈ​ល្បើក​និរាស​របស់​កវី​ សើន ដៀប​ ដែល​​បោះផ្សាយអក្សរខ្មែរ «​សរសេរដៃ» ដំណាល់កាល​ដំបូងគេ​​​។​ តែ​បើ​និយាយ​ឱ្យ​ចំ វណ្ណកម្ម​​ ដែល​បោះពុម្ព​​ ជា «អក្សរពុម្ពខ្មែរ» ​ចេញ​ដំបូង គឺ​នៅ​ឆ្នាំ​១៩០៨ គឺ​នៅក្រោម​អាណត្តិ​ត្រួតការ​របស់ Adhémard Leclère​ រ៉េស៊ីដង់បារាំង​ប្រចាំនៅ​ភ្នំពេញ។ សៀវភៅនោះគឺ​ «បណ្តាំតាមាស»។ ​

រោងពុម្ព​ បាន​ចាក់គ្រឹះ​ដំបូង​នៅ​ដែន​ដី​ឥណ្ឌូចិន​ គឺ​​ជា​ស្នាដៃ​របស់​អាជ្ញាធរ​​​អាណានិគមបារាំង​ ដែល​ជាការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ ​ផ្សព្វផ្សាយ​​ឯកសារ​ផ្លូវការ​​នានា​។​ រោងពុម្ព​និងវប្បធម៌​​បោះពុម្ពផ្សាយ បាន​ជ្រៀត​ខ្លួន​ចូល​ស្រុក​ខ្មែរ​​ហាក់​​យឺត​ពេល​ជាង​ប្រទេស​ជិតខាង​បន្តិច ពិសេស​បើគេ​​ធៀប​នឹង​ប្រទេស​វៀតណាម​។

ការបោះពុម្ពផ្សាយនៅភ្នំពេញ គឺទើបតែចាប់បដិសន្ធិនៅប្រហែលចុងសតវត្សរ៍ទី១៩តែប៉ុណ្ណោះ ហើយគឺគេបោះពុម្ពបានតែពុម្ពអក្សរឡាតាំងទៅទៀត សម្រាប់បោះផ្សាយកាសែតផ្លូវការ ជាភាសាបារាំង ដែលបង្កើតឡើងដោយអាជ្ញាធរអាណាព្យាបាលបារាំង។ កាសែតដំបូងៗនៅភ្នំពេញ មានដូចជាកាសែតបារាំង ឈ្មោះ ឡឺ ប៉ឺទី កាំបូហ្សាំង Le Petit Cambodgien (១៨៩៩-១៩០០) ចេញដោយសរសេរដៃ រួចបានយកទៅផ្តិតបោះពុម្ពចេញជាក្រដាស។ គួរជ្រាបថា គ្មានរោងពុម្ពឯកជនណានៅស្រុកខ្មែរកើតឡើងមុនឆ្នាំ១៩១០ទេ។ នេះបើតាមការកត់សម្គាល់របស់បណ្ឌិត្យសភាចារ្យ ឃីង ហុកឌី។

ក្នុងខ្សែអាត់​សំឡេងនេះ បេក្ខជនបណ្ឌិត កែវ ភីរិទ្ធ ដែល​កំពុង​ស្រាវជ្រាវ​ពី​អក្សរសិល្ប៍​ឥណ្ឌូចិន ពន្យល់​ពី​ភាព​យឺតយ៉ាវ​ ការ​បោះពុម្ព​នៅស្រុក​ខ្មែរ​។​ និស្សិតថ្នាក់​បណ្ឌិត​រូបនេះ ស្រាវជ្រាវនៅមន្ទីរពិសោធន៍ផ្នែកសិក្សាភាសា និង អក្សរសាស្ត្របារាំង (CIELAM-Centre Interdisciplinaire d’Étude des Littératures d’Aix-Marseille) នៃសាលាបណ្ឌិតអ៊ិច-ម៉ាកសីយ៍ ជំនាញភាសា អក្សរសាស្ត្រ និងសិល្បៈ (École Doctorale 354 Aix-Marseille)។​

ចំណែក ​បេក្ខបណ្ឌិត លោក ទុយ ដាណែល សូម​ពន្យល់​ពី​ឧបសគ្គ ឬការប្រទាញប្រទង់គ្នា​ក្នុងមជ្ឈដ្ឋានសាសនា ជុំវិញ​ការបោះពុម្ពអត្ថបទនិងគម្ពីធម៌​ខ្មែរ។ លោកកំពុង​តែង​និក្ខេបបទ​​នៅវិទ្យាស្ថានជាតិភាសានិង​អារ្យធម៌​​បូព៌ា​ប្រទេស Inalco នៃក្រុង​ប៉ារីស​។

សូម​អានបន្ថែម៖

– សម្តេចសង្ឃរាជ ហួត តាត, កល្យាណមិត្តរបស់ខ្ញុំ, ភ្នំពេញ ឆ្នាំ​១៩៧០។

-បណ្ឌិតសភាចារ្យ ​ឃីង ហុកឌី, Littérature et Editions khmères, ​Bulletin de l’AEFEK លេខ​២០ និង​ aefek.fr។

– ដដែល, «អក្សរសិល្ប៍និងប្រវត្តិបោះពុម្ពផ្សាយវណ្ណកម្មខ្មែរ», នៅក្នុង​សៀវភៅ​ «អក្សរសិល្ប៍សន្តិភាព» បោះផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ព​ឯកសារខ្មែរ, ​២០២១។

-ដដែល, Ecrivains et Expressionslittéraires du Cambodge au XXème siècle, ប៉ារីស, ​L’Harmattan, ​១៩៩៣។ ហេង ឧត្តម / RFI

អត្ថបទទាក់ទង