ខ្មែរប៉ុស្ដិ៍ Close

ជីវប្រវត្តិ ​ព្រឹទ្ធាចារ្យ ឡុច ផ្លែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 33
ជីវប្រវត្តិ ​ព្រឹទ្ធាចារ្យ ឡុច ផ្លែង ព្រឹទ្ធាចារ្យ ឡុច ផ្លែង ជាអតីត អគ្គលេខាធិការ នៃអង្គការខេមរយានកម្ម ។ © Oudom HENG

នាទី​អារ្យធម៌ សូម​ណែនាំ​លោកអ្នកនាង​ឱ្យ​បាន​ស្គាល់​​ជីវប្រវត្តិ ព្រឹទ្ធាចារ្យ ឡុច ផ្លែង ដែល​ជា​អតីត អគ្គលេខាធិការ នៃអង្គការ​ខេមរយានកម្ម​ ។ លោកសាស្ត្រាចារ្យ​​ជាបុគ្គលសំខាន់​មួយ​រូប​ នៅក្នុង​ «ខេមរយានកម្ម» នេះ តាំងតែ​ពី​បង្កើត​ដំបូងឡើយ​ ហើយ​រហូត​ក្លាយ​ជា​ អគ្គលេខាធិការ ។​ ​តើលោក​ ឡុច ផ្លែង​ មាន​ប្រវត្តិ​ជីវិតគ្រួសារ ​យ៉ាងណាខ្លះ​?​

លោក ឡុច ផ្លែង ជាសាច់សារលោហិត ទាយាទ នៃ​ត្រកូល​ អភ័យវង្ស អតីត​ស្តេច​ត្រាញ់​បាត់ដំបង។ លោក​ប្រសូត្រ​នៅក្រុង​បាងកក ឆ្នាំ​១៩៣៤ ហើយទទួល​អនិច្ចកម្ម នៅ​ប៉ារីស ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​ ៨៦ឆ្នាំ​។ ​

កុមារ​ ឡុច ផ្លែង រៀន​សូត្រ​នៅ​ក្រុង​ទេព ឬក្រុង​ថេប ចេះ​ដឹងភាសា​សៀម​ច្បាស់លាស់។ នៅ​ពេល​សង្គ្រាម​លោកលើកទី២ ដោយ​បាន​ជំនួយ​ពីជប៉ុន ​សៀម​ បាន​ចូល​កាន់កាប់​ខេត្ត​បាត់ដំបង​ ជាថ្មី ហើយ​គ្រួសារ​ត្រកូល ឡុច ឬ អភ័យវង្ស ក៏បាន​ត្រឡប់​មក​ ក្រុង​បាត់ដំបង ​វិញដែរ។ គ្រានោះ លោក ផ្លែង បាន​បន្ត​ការសិក្សា​​នៅ​ ខេត្ត​បាត់​ដំបង និងតមកទៀត នៅ​​ភ្នំពេញ ខាង​​​គរុកោលសល្យ​។​

តាមការ​ស្រាវជ្រាវ ​របស់បណ្ឌិត​សភាចារ្យ​ ឃីង ហុកឌី គឺ លោក ឡុច ផ្លែង ធ្លាប់បាន​រៀន​ជាមួយលោក​ កេង វ៉ាន់សាក់ និង​អ្នកនិពន្ធ​ល្បី ញ៉ុក ថែម នាទសវត្សរ៍​១៩៥០-១៩៦០​។ នៅភ្នំពេញ លោក​​​ជួប​នឹង​អនាគត​ភាសាវិទូ លោក ឡុង សៀម ជាដើម។​ បន្ទាប់ពីបាន​សិក្សា​គរុកោសល្យ​នៅភ្នំពេញ លោក​​ចេញ​បង្រៀន​នៅ​បាត់​ដំបង​ ហើយត្រឡប់​ទៅបង្រៀន​នៅ​ក្រុង​ភ្នំពេញ​។​​ នៅភ្នំពេញ លោកគ្រូ ផ្លែង ​​ចូលរួម​សរសេរ​ ព្រឹត្តិបត្រ​អក្សរសាស្ត្រ​មនុស្ស​សាស្ត្រ, ព្រឹត្តិបត្ត​អារ្យធម៌, ទស្សនា​វដ្តី​​គ្រូបង្រៀន និងអត្ថបទ​សិក្សា​អក្សរសាស្ត្រ​អក្សរសិល្ប៍​ជាច្រើន។ ក្នុងនោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ខ្លាំង គឺលោក ឡុច​ ផ្លែង ​បានបំផុស​​ការពិចារណា សិក្សា​ប្រៀបធៀប​ ពី​ស្នាដៃរឿង​ «កាកី» ​ខ្មែរ​ និង «កាកី» ​​សៀម។​

ក្នុង​​សម័យ​សាធារណៈ​រដ្ឋខ្មែរ កេរ្តិ៍ឈ្មោះ ឡុច ផ្លែង បាន​ល្បី​សុសសាយ តាមរយៈ​កិច្ចការជាច្រើន​របស់​លោក​​នៅក្រសួង​សិក្សា​ធិការជាតិ​ និង​នៅ​ក្នុង​​ អង្គការ​ខេមរយានកម្ម​។ ប្រធានាធិបតី​ លន់ នល់ មាន​បំណង​ប្រាថ្នា​ចង់​តែងតាំងលោក ឡុច​ ផ្លែង ទទួល​តំណែង​ជារដ្ឋមន្ត្រី​ក្រសួង​ធម្មការ​។​ ​

មុខនាទី​ជារដ្ឋមន្ត្រី ត្រូវ​ខកខាន ព្រោះ​លោក ឡុច ផ្លែង បានទទួល​អាហារូបករណ៍​ពីរដ្ឋាភិបាល​បារាំង សម្រាប់​​បំពេញវិជ្ជា​ ថ្នាក់បណ្ឌិត នៅប៉ារីស​។​ ​ក៏ប៉ុន្តែ ​ស្រុក​ទេស​ត្រូវ​ធ្លាក់​ក្នុង​ភ្លក់ភ្លើង​សង្គ្រាម​ខ្មែរក្រហម។ ទីបំផុត លោកត្រូវ​ផ្ញើ​វាសនា​លើ​ដីស្រុក​គេ​ ដូច​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​។ នៅប៉ារីស លោក​ត្រូវ​ប្រកប​ជីវភាព​ថ្មី​ ដែល​ពុំមែន​ជាវិស័យ​អក្សរសាស្ត្រ ដែលោកស្រឡាញ់​ទេ​ តែ​គឺដើម្បីចាំបាច់​ចិញ្ចិមជីវិត​និងគ្រួសារ​។

តាមការបញ្ជាក់​របស់​បណ្ឌិត​ ឃីង ហុកឌី គឺ​ លោកគ្រូ ឡុច​ ផ្លែង ក៏​នៅតែបន្ត​ឆ្លៀត​គិតគូរ​ពីអក្សរសាស្ត្រ​ជាតិ ជានិច្ច​។ ​លោក​បន្ត​សរសេរសៀវភៅ និង​រៀបចំ​វចនានុក្រម​ខ្មែរ​ទំនើប​ ក្នុង​បំណង​ធ្វើ​ឱ្យអក្សរសាស្ត្រ​ខ្មែរ​មាន​ឯកភាព​ ជាពិសេសផ្នែក​​វាក្យសព្ទ ​​សម្រាប់ការ​ប្រែភាសា​បារាំងខ្មែរ។​ តែ​កិច្ចការ​នេះ ពុំទាន់​បាន​សម្រេច​ លោកក៏​ទទួល​អនិច្ចកម្ម​ នាឆ្នាំទៅមិញ​។​ លោកគ្រូ ផ្លែង ជា​មិត្តជិតស្និតមួយ​រូប​របស់ប្រវត្តិវិទូខ្មែរ ម៉ក់ ភឺន​ ដែល​លោកទាំងពីរ​រស់​ជិតគ្នា នៅ​សង្កាត់​ Lognes ជាប់ក្រុង​ប៉ារីស។​ លោក​ក៏​បាន​ប្រា​ស្រ័យទាក់ទង​ជាមួយ​អ្ន​កប្រាជ្ញ​ខ្មែរ​មួយ​រូបទៀត គឺ​លោក អូ ឈាង ពេល​ដែល​ជួយ​បំពេញ​កិច្ចការ​សារមន្ទីរ​ Guimet ក្រុងប៉ារីស​​។​

​លោក ឡុច ផ្លែង ជាពុទ្ធសាសនិក យ៉ាងមុត​មាំ។​ រយៈពេល​រស់​នៅ ​ប្រមាណ​៥០ឆ្នាំ​ លើទឹកដី​បារាំង​ ជាទី​ដែល​ផលិត​សុរាដ៏ល្បីលើលោក​ ក៏ប៉ុន្តែ លោក ឡុច ផ្លែង បានប្រកាន់​ខ្ជាប់​នឹង​គោលការណ៍​ជីវិត​ផ្ទាល់​ខ្លួន គឺ​ មិន​ផឹកស្រា មិន​ពីសាបារី​។

ក្នុង​ឯកសារ​សំណេរ​របស់បណ្ឌិត ឃីង ហុកឌី​ គឺ​ឲ្យដឹងថា ​បន្ទាប់ពីពេល​ចូលនិវត្តន៍​នៅឆ្នាំ​១៩៨៥ ព្រឹទ្ធាចារ្យ​ ឡុច ផ្លែង បាន​​ឆ្លៀត​បង្រៀន​​ភាសានិងអក្សរខ្មែរ នៅ​វិទ្យាស្ថាន​ជាតិ​ភាសា​និងអារ្យធម៌​បូព៌ាប្រទេស​ Inalco។ ការបង្រៀន​របស់​លោកគ្រូ​ ផ្លែង បាន​ចូលរួម​ចំណែក​​បណ្តុះ​ធនធាន​មនុស្ស​ ទាំង​ខ្មែរ ​និង បរទេស​យ៉ាង​ច្រើននាក់ ក្នុងវិស័យសិក្សា ​ស្រាវជ្រាវ​ អំ​ពី​ស្រុក​ខ្មែរ​៕​

សូម​ចុច​ស្តាប់​សំឡេង​ទាំងស្រុង ដែល​មាន​ព្រឹទ្ធាចារ្យ​ ឡុច ឆានឆៃ ជាប្អូន​រៀបរាប់​ពី​បងប្រុស​របស់​លោក។​

សូម​អញ្ជើញ​អាន​បន្ថែម៖

-KHING Hoc Dy, « In memoriam Loch Phleng (1934-2020) », Péninsule N°80-2020 (1), pp. 5-9.

-LOCH ChhanChhai, « Chronique des vice-rois de Battambang (XVIIIe-XXIe siècle) : du régent Bên de Battambang à la famille Aphaiwong du Siam », Péninsule N°68-2014 (1), pp. 9-103.

ហេង ឧត្តម / RFI