ខ្មែរប៉ុស្ដិ៍ Close

អ្នកស្រី ស៊ុយហ្សាន ការប៉ឺឡែស អតីត​ប្រធាន​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 102
អ្នកស្រី ស៊ុយហ្សាន ការប៉ឺឡែស អតីត​ប្រធាន​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ RFI

ថ្ងៃព្រហស្បតិ៍​ ទី៣មិថុនា វិទ្យុ​ RFI សូម​ណែនាំ​លោកអ្នក​នាង​ឲ្យ​ស្គាល់ អ្នកស្រី ស៊ុយហ្សាន ការប៉ឺឡែស អតីតប្រធានស្ថាបនិក​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ​ពុទ្ធសាសនបណ្ឌិត្យ ដែល​ជា​ជំរំ​សម្បុក​ពុទ្ធ​សាសនា និង ​អក្សរសាស្ត្រ​ខ្មែរ​ សម័យ​ទំនើប។​

ក្នុង​ខ្សែ​អាត់​សំឡេង​នេះ លោក ស សុខនី ប្រធាន​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ សម័យ​សព្វ​ថ្ងៃ នឹង​លើកឡើង​ពី​ស្នាដៃ​សំខាន់ៗ​ ដែល​ជាមត៌ក​របស់អ្នកស្រី ស៊ុយហ្សាន ការប៉ឺឡែស (Suzanne Karpelès, ១៨៩០- ១៩៦៨)។​ ក្រោម​កិច្ច​ដឹកនាំ​របស់​អ្នកស្រី គឺ​មាន​បោះពុម្ព​ផ្សាយ​​ឯកសារ​ជាច្រើន រាប់​តាំងពី​ ព្រះត្រៃបិដក, វចនានុក្រម,​ កម្ពុជសុរិយា… សូម្បីតែ​ច្បាប់​ក្រុម​ង៉ុយ​ ជាគតិ​អប់រំ​ដ៏​ល្បីល្បាញ​ ក៏​​អ្នកស្រី​ ស៊ុយ​ហ្សាន ការប៉ឺឡែស នេះហើយ​ដែល​ជាអ្នក​ជំរុញ​ផ្តួច​ផ្តើម​​​ឲ្យ​មន្ត្រី​ពុទ្ធសាសនបណ្ឌិត្យ​​កត់​ត្រា​ទុក​ជា​ក្បួន​គម្ពីរ​​បន្សល់មកដល់​​បច្ចុប្បន្ន។​

នាអំឡុង​ដើមសម័យ​​សង្គ្រាមលោកលើកទី២ កាសែត​នគរ​វត្ត ក្នុង​អត្ថបទជាច្រើន​របស់ខ្លួន​ បាន​ហៅ ស៊ុយហ្សាន ការប៉ឺឡែស ថា​«អ្នកក្រមុំ» និង​លើក​​​សរសើរ​«អ្ន​កក្រមុំ»នេះ​ជាខ្លាំង ដែលនាង​បាន​ជួយ​ឈឺ​ឆ្អាល​រឿង​ខ្មែរ។​​ ចំណែក​ក្នុង​សៀវភៅ​មគ្គុទេសក៍​នគរ លោកអាចារ្យ ប៉ាង ខាត់ គ្រូ​ភាសា​សំស្រ្តឹត បាន​សរសេរថា «អ្នកស្រី ការប៉ឺឡែស​ អគ្គលេខាធិការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ មាន​សេចក្តីរាប់​អាន​ជាតិ​ខ្មែរ​ ស្មោះត្រង់ ប្រាថ្នា​ឲ្យ​ជាតិ​ខ្មែរ​ភ្ញាក់​កំណើត ខំប្រឹង​ប្រែង​រៀនសូត្រ​ ឲ្យ​បាន​ចេះ​ដឹង​ ឲ្យ​បាន​ចម្រើន​ និង​មាន​អារ្យ​ធម៌​ដូច​សម័យ​នគរ…»។

សូមអញ្ជើញ​ចុច​​ស្តាប់​សំឡេង​ទាំងស្រុង និង​សូមអានអត្ថបទ​បន្ថែម​៖

​- «​ប្រវត្តិ​សង្ខេប​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ» ផ្សាយ​ឆ្នាំ​២០០៥ ដែល​ចងក្រងដោយ Penny Edwards និង​អ្នកស្រាវជ្រាវ​ខ្មែរមួយ​ក្រុម ។

-បណ្ឌិតសភាចារ្យ ឃីង ហុកឌី ស្តីពី «​អ្នកស្រី ស៊ុយហ្សាន ការប៉ឺឡែស និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ» ក្នុង​ទស្សនាវដ្តីសិក្សាចក្រ លេខ ៨-៩, ឆ្នាំ​២០០៦-៧។

-Jean Filliozat, Suzanne Karpelès, BEFEO, ​ លេខ​៥៦, ១៩៦៩។

-« អក្សរសិល្ប៍​និង​ប្រវត្តិបោះពុម្ព​ផ្សាយ​វណ្ណកម្ម​ខ្មែរ» ដោយ​បណ្ឌិតសភាចារ្យ ឃីង ហុកឌី​ ក្នុងសៀវភៅ « អក្សរសិល្ប៍​សន្តិភាព » ផ្សាយ​ចេញពី គ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ ឆ្នាំ​២០២១៕ ហេង ឧត្តម / RFI