ប្រវត្តិពាក្យ នគរ អង្គរ និង អង្គរវត្ត
នាទី«អារ្យធម៌» នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ហេង ឧត្តម សូមលើកប្រធានបទស្តីពី «នគរ» «អង្គរ» និង «អង្គរវត្ត»។
ក្នុងសេចក្តីអធិប្បាយនេះ យើងសូមនិយាយត្រឹមតែការវិវត្តរបស់ពាក្យ នគរ អង្គរ និង អង្គរវត្ត តែប៉ុណ្ណោះ។ នគរ ក្លាយមកពី ភាសាសំស្ត្រឹត មានសេចក្តីថា ក្រុង និង រាជធានី។ វចនានុក្រមខ្មែរ ដឹកនាំរៀបចំដោយសម្តេច ជួន ណាត ផ្សាយដោយពុទ្ធសាសានបណ្ឌិត្យ និងក្នុងការសិក្សាស្រាវជ្រាវរបស់ អ្នកស្រីបណ្ឌិតសាស្ត្រាចារ្យ ពៅ សាវរស ក៏បានលើកឡើងពន្យល់ពាក្យ នគរ និង អង្គរ នេះច្រើនដែរ។ តឹងតាងដែលមានលេចផុសពាក្យ «នគរ» ដំបូងៗគេ គឺឆ្លាក់ចារច្រើនលើថ្មអំឡុងសម័យសតវត្សរ៍ទី៧។
ក្នុងសម្ភាសន៍នេះ គ្រូបង្រៀនភាសាវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ឈុនតេង លើកយកផ្ទាំងអក្សរថ្មចំណាស់មួយ មានកាលបរិច្ឆេទមុនសម័យអង្គរ មកបង្ហាញ ដែលមានសរសេរពាក្យ «នគរ» ហើយដែលអ្នកស្រាវជ្រាវខ្លះថា ជានគរបុរី ឬអង្គរបុរី។
ក្នុងសម័យអង្គរ សិលាចារឹកដែលមានចារពាក្យ «នគរ» ច្រើន គឺផ្ទាំងសិលាចារឹក ស្តុកកក់ធំ K.235 ឆ្នាំ១០៥២។ ជាសិលាចារឹកដ៏ល្បីល្បាញ ដែលអ្នកប្រាជ្ញ Georges Cœdès, Pierre Dupont អ្នកស្រីបណ្ឌិត ពៅ សាវរស បានសិក្សាវិភាគ ហើយបុរាណវិទូ Eric Bourdonneau ក៏លើកមកពិចារណាជាថ្មី នៅឆ្នាំ២០១៦។
ជាទូទៅ អ្នកស្រាវជ្រាវខាងភាសាវិទ្យា បានឯកភាពគ្នា ត្រង់ចំណុចថា «នគរ» ជាភាសាសំស្ត្រឹត អាចវិវត្តសូរ មកជា «អង្គរ» ក្នុងភាសាខ្មែរ ដោយសម្របតាមទម្លាប់និយាយរបស់មនុស្សខ្មែរ។ ក្នុងបទសម្ភាសនេះ គ្រូបង្រៀនភាសាវិទ្យា លោក វ៉ាន់ វី ពន្យល់ពីលក្ខណៈវិវត្តសូរសំនៀងនេះ។
ដោយឡែក បើតាមអ្នកស្រាវជ្រាវមួយចំនួនតូច គេយល់ថា ពាក្យ «អង្គរ» នេះ គឺសរសេរក្លាយពីភាសាបរទេស របស់ពួកអេស្ប៉ាញ ប័រទុយហ្គេ និងបារាំង ជាដើម។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ បណ្ឌិត ញឹម សុធាវិន្ទ ជាគ្រូបង្រៀនអារ្យធម៌ខ្មែរ នៅស្រុកជប៉ុន អះអាងថា តាមពិត ពាក្យ «អង្គរ» មានតឹងតាងរួចស្រេចទៅហើយ មុននឹងពួកបរទេសនោះ ចូលមកដល់ទៅទៀត។
បើតាមឯកសាររបស់អ្នកស្រីបណ្ឌិតពៅ សាវរស គឺច្រើនសតវត្សរ៍ក្រោយសម័យអង្គរ ទើបគេឃើញមានសំណេរពាក្យថា «អង្គរ» នៅលើសិលាចារឹក ពោលគឺនៅសម័យកណ្តាលសវតវត្សរ៍ទី១៦-១៧។
នាសព្វថ្ងៃសម័យទំនើប ពាក្យ «នគរ» និង «អង្គរ» គឺប្រើចម្រុះគ្នាយ៉ាងសម្បូរបែប។
ចំណែក ពាក្យថា «អង្គរវត្ត» វិញ គឺសំដៅដល់ «ប្រាសាទអង្គរវត្ត» បច្ចុប្បន្ននេះ។ ពីដើមឡើយ គឺសាសនឋាននេះ ស្ថាបនាកសាងឡើង ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញសាសនា។ ក៏ប៉ុន្តែ សួរថា ហេតុអ្វីបានជាពាក់ព័ន្ធនឹង វត្តអារាម ក្នុងពុទ្ធសាសនាទៅវិញ? លោក ហ៊ុន ឈុនតេង សូមបកស្រាយចំណុចនេះ នៅកៀកចុងបញ្ចប់នៃបទសម្ភាស។
សូមអញ្ជើញចុចស្តាប់សំឡេងទាំងស្រុង។ ហេង ឧត្តម / RFI