ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារសំខាន់ ៤ចំណុច ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារសំខាន់ ៤ចំណុច ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន សម្តេចតេជោ ហ៊ុន សែន ថ្លែងសារសំខាន់ ៤ចំណុច ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ២០២២ ដោយបានថ្លែងសារសំខាន់ៗ ៤ចំណុច ដូចខាងក្រោម៖

* ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រតិបត្តិករជាតិនិងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋសិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលានៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណ។

* ទី២៖ អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្រ្តអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។

* ទី៣៖ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿងផ្ទុះទាំងនេះ។

* ទី៤៖ អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍគួរបន្តស្រាវជ្រាវវិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។

អត្ថបទទាក់ទង