សម្តេចតេជោ ហ៊ុន សែន៖ គ្មានការបិទប្រទេស ឬបិទទីក្រុងដូចឆ្នាំមុនទេ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារមានមតិមួយចំនួនបានលើកឡើងថា អាចនឹងមានការបិទប្រទេស ឬបិទទីក្រុងម្តងទៀតនោះ សម្តេច បានអះអាងថា នឹងគ្មានការបិទប្រទេស ឬបិទទីក្រុងដូចឆ្នាំមុនទេ សុំកុំមានការព្រួយបារម្ភ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបិទប្រទេសឬបិទទីក្រុងលើកមុននោះ ដោយសារប្រជាពលរដ្ឋយើងមិនទាន់បានចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ បានច្រើននៅឡើយ ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋយើងបានទទួលវ៉ាក់សាំងបានច្រើនរួចមកហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើមានការឆ្លងនៅទីតាំងណាមួយគឺគ្រាន់តែយកអ្នកជំងឺទៅសម្រាកព្យាបាលបានហើយ មិនចាំបាច់បិទទីតាំងទាំងមូលនោះឡើយ៕