រាជរដ្ឋាភិបាល កំពុងខិតខំជំរុញការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអាទិភាពដើម្បីបង្កើនល្បឿនការអភិវឌ្ឍ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ដើម្បីឲ្យកម្ពុជាអាចសម្រេចបានតាមមហិច្ឆតា ប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំជំរុញការអនុវត្តដោយបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ។ លោកបានលើកឡើងយ៉ាងដូច្នេះនៅក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងតែអនុវត្តន៍នូវការកែទម្រង់មុតស្រួចក្រោមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា «កែទម្រង់ផ្ទៃក្នុង និងបង្កើតមិត្តខាងក្នុងស្មារតីឯករាជ្យ» ផងដែរ៕