ខ្មែរប៉ុស្ដិ៍ Close

East Asia Forum ៖ ការការពាររបស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 130
East Asia Forum ៖ ការការពាររបស់កម្ពុជា East Asia Forum ៖ ការការពាររបស់កម្ពុជា

គោលនយោបាយការបរទេសរបស់កម្ពុជាត្រូវបានកែសម្រួលស្របតាមទស្សនៈពិភពលោករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានបទពិសោធន៍ជាក់ស្តែងជាង ៤ ទសវត្សរ៍នៅក្នុងវិស័យការទូត និងកិច្ចការបរទេស។ ការយល់ដឹងអំពីគោលនយោបាយការបរទេសរបស់កម្ពុជា បូករួមទាំងការសម្រេចចិត្តក្នុងការធ្វើជាសហប្រធាននៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបង្ហាញឱ្យឃើញអំពី «ការសម្រេចចិត្តប្រកបដោយភាពសត្យានុម័តរបស់លោក ហ៊ុន សែន»។

លោក ហ៊ុន សែន មិន​បានទទួលយកទស្សនៈស្អំពីពិភពលោកបែបឯក​ប៉ូល (Unipolar) ដែលគ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក ឬ​សណ្តាប់​ធ្នាប់​ពិភពលោកបែបទ្វេប៉ូល (Bipolar) ​រវាង​ចិននិង​សហរដ្ឋអាមេរិកនោះទេ។ លោកចង់ដាក់ឱ្យដំណើរការឡើងវិញ នូវស្មារតីនៃចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃក្រុមប្រទេស Global South (South–South Cooperation) ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស និងដើម្បីការពារនូវផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសកំពុងអភិវឌ្ឍ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីខែឧសភា ឆ្នាំ ២០២២ លោក ហ៊ុន សែន បាននិយាយថា «កម្ពុជាមិនចាប់អារម្មណ៍ក្នុងការកាន់ជើងភាគីណាមួយនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិននោះទេ បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីសំណាក់មហាអំណាចក៏ដោយ»។ ប៉ុន្តែ​លោក​ក៏បាន​ទទួល​ស្គាល់​ដែរថា «កម្ពុជា​កំពុងប្រឈម​មុខ​នឹង​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រជែង​គ្នា​ផ្នែក​ភូមិសាស្ត្រ​នយោបាយនេះ»។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោក ហ៊ុន សែន បានផ្តល់នូវការគាំទ្រដល់គំនិតផ្តួចផ្តើមពហុភាគីមួយចំនួន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហបស់ជប៉ុន ដែលជាយុទ្ធសាស្ត្រលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ ដោយនឹងមិនបង្កើតសម្ព័ន្ធភាពប្រឆាំងនឹងប្រទេសទី៣ ដែលនេះមានលក្ខណៈស៊ីសង្វាក់គ្នាជាមួយនឹងមជ្ឈភាពអាស៊ាន។

ក្នុងនាមជាសេដ្ឋកិច្ចតូចនិងបើកចំហ កម្ពុជាត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយតំបន់និងពិភពលោក ដើម្បីភាពស់រានមានជីវិត និងវឌ្ឍនភាពសេដ្ឋកិច្ចរបស់ខ្លួន។ អាស៊ាន​បានដើរ​តួនាទី​ជា​ច្រកមួយ ​ដែល​កម្ពុជា​អាច​តភ្ជាប់ខ្លួនជាមួយ​សេដ្ឋកិច្ច​ពិភពលោក។ អាស៊ានបានបន្តការពារសមាជិករបស់ខ្លួនពីឥទ្ធិពលនៃអន្តរាគមន៍ពីបរទេស ជាពិសេសពីប្រទេសមហាអំណាច តាមរយៈការសង្កត់ធ្ងន់លើគោលការណ៍ស្តីពីការមិនជ្រៀតជ្រែក និងបទដ្ឋាននៃការសម្រេចចិត្តដោយផ្អែកលើកុងសង់ស៊ីស។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ កម្ពុជាបាននិងកំពុងខិតខំពង្រឹងឯកភាពរបស់អាស៊ាន ក៏ដូចជាមជ្ឈភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់។ បើទោះបីជាកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយដ៏រឹងមាំជាមួយប្រទេសចិនក៏ដោយ ក៏វាមិនមែនមានន័យថា «កម្ពុជាបានពឹងផ្អែកទាំងស្រុងលើប្រទេសចិននោះដែរ»។

នៅចំពេលកើតមានការកើនឡើងនូវភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយនិងភូមិសាស្រ្តសេដ្ឋកិច្ច កម្ពុជាកាន់តែបង្កើនការការពាររវាងសហរដ្ឋអាមេរិក, ចិន និងស្ថាប័នក្នុងតំបន់។ កម្ពុជាគឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានបង្ហាញនូវការគាំទ្រចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហដែលដឹកនាំដោយជប៉ុន ដែលជាគំនិតផ្តួចផ្តើមដែលកម្ពុជាចាត់ទុកជាការបំពេញបន្ថែមទៅនឹងយន្តការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ភាគីទាំង ២ បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក្រោមក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់អគ្គសេនាធិការជប៉ុនក្នុងខែមេសា ឆ្នាំ ២០២២ វិស័យជាក់លាក់នៃកិច្ចសហប្រតិបត្តិការរួមមានប្រតិបត្តិការរក្សាសន្តិភាព, ជំនួយមនុស្សធម៌, ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការផ្លាស់ប្តូរការអប់រំ។

កងកម្លាំងស្វ័យការពាររបស់ជប៉ុន និងកងយោធពលខេមរភូមិន្ទបានព្រមព្រៀងធ្វើការជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ និងដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏ស្ថិតក្នុងកម្រិតដ៏ពេញលេញផងដែរ។

នៅ ១ ឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនក្នុងខែតុលា ឆ្នាំ ២០២០ កម្ពុជាបានឈានទៅសម្រេចកិច្ចព្រមព្រៀងមួយទៀតជាមួយសាធារណរដ្ឋកូរ៉េនៅក្នុងខែតុលា ឆ្នាំ ២០២១។ កម្ពុជាក៏កំពុងស្វែងរកឱកាសផងដែរដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដូចជាជប៉ុន, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។

បើទោះបីជាប្រទេសចិនគឺជាវិនិយោគិន និងជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក៏ដោយ ក៏សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅតែជាទីផ្សារនាំចេញដ៏សំខាន់ចំនួនពីររបស់កម្ពុជា ជាពិសេសសម្រាប់ផលិតផលវាយនភណ្ឌ។ កម្ពុជា​កំពុង​ព្យាយាម​រក្សា​ការ​ទទួល​បាន​ទីផ្សារ​អនុគ្រោះ​ទៅ​កាន់​ទីផ្សារ​ដ៏ធំទាំងពីរនេះ ទន្ទឹមនឹងការបន្តធានាឱ្យបាននូវសិទ្ធិក្នុងការ​ចូល​ទៅ​កាន់​ទីផ្សារ​មូលធននិង​ទីផ្សារទំនិញ​របស់​ចិន។

កម្ពុជា​បាន​ធ្វើជាសហប្រធាននៃសេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិនៅក្នុង​ខែមីនា ឆ្នាំ​ ២០២២ ដើម្បី​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន បើទោះបីជាកម្ពុជាបាន​ដឹងថា «រុស្ស៊ី​នឹង​ចាត់វិធានការឆ្លើយតប តាមរយៈការ​ដាក់ទណ្ឌកម្ម​លើកម្ពុជា​ក៏ដោយ»។ ការសម្រេចចិត្តរបស់កម្ពុជាត្រូវបានជំរុញដោយការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ពីរ នៃសណ្តាប់ធ្នាប់ដែលពឹងផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងនាម​ជា​ជនរងគ្រោះ​នៃ​នយោបាយរបស់​មហាអំណាច​នៅក្នុង​អំឡុង​សង្គ្រាម​ឥណ្ឌូចិន​ កម្ពុជា​មាន​បទពិសោធន៍​ដ៏ជូរចត់​ក្នុង​ការ​ប្រឈមមុខ​ជាមួយ​ប្រទេស​មហាអំណាច។ ករណីនេះបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោក ហ៊ុន សែន ក្នុងការមិនបោះបង់ចោលនូវគោលការណ៍ស្តីពីការជ្រៀតជ្រែកពីបរទេសនៅក្នុងនយោបាយក្នុងតំបន់ ជាពិសេសនៅពេលនិយាយដល់ប្រទេសចិននិងសហរដ្ឋអាមេរិក។

ក្នុងនាមជាអ្នកអនុវត្តជាក់ស្តែង លោក ហ៊ុន សែន បានកាត់បន្ថយហានិភ័យ តាមរយៈការការពារទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក, ចិន និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទន្ទឹមនឹងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិជាមួយនិងការព្យាយាមអនុវត្តកំណែទម្រង់នៅក្នុងប្រទេស និងការបង្កើតមិត្តនៅបរទេសដោយផ្អែកលើឯករាជ្យភាព។

កំណែទម្រង់ស្ថាប័នដែលកំពុងបន្ត និងការកសាងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកលើកិច្ចការបរទេសកំពុងផ្តល់នូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់។ យុទ្ធសាស្ត្រធ្វើពិពិធកម្មត្រូវបានអនុវត្តរួមគ្នាជាមួយនឹងការលើកកម្ពស់ពហុភាគីនិយម, ការបើកចំហ, បរិយាប័ន្ន និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។

ភាពរលូននៃសម្ព័ន្ធភាព, ភាពសម្បូរបែបនៃទំនាក់ទំនងជាមួយមហាអំណាចធំៗ (ដូចជាចិន, ឥណ្ឌា, រុស្សី និងសហរដ្ឋអាមេរិក) និងតួនាទីកាន់តែសំខាន់នៃស្ថាប័នក្នុងតំបន់ ដូចជាសហភាពអឺរ៉ុបនិងអាស៊ាននៅក្នុងប្រព័ន្ធអន្តរជាតិបានធ្វើឱ្យកម្ពុជាមានលំហយុទ្ធសាស្ត្រកាន់តែទូលំទូលាយ។

កម្ពុជាអាចបន្តកែសម្រួលឥរិយាបថគោលនយោបាយការបរទេសរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបានបន្តកើនឡើង។ ការរក្សាបាននូវឯករាជ្យភាព និងស្វ័យភាពជាយុទ្ធសាស្ត្រ គឺជារឿងដ៏លំបាកសម្រាប់រដ្ឋតូចៗដូចជាកម្ពុជា។

ប៉ុន្តែការមិនចូលបក្សសម្ព័ន្ធ (បើទោះជាមានទំនាក់ទំនងខ្លាំងជាមួយចិនក៏ដោយ) គឺជាមធ្យោបាយដ៏ចាំបាច់មួយដែលអាចឱ្យកម្ពុជាបន្តបោះជំហានទៅមុខឆ្ពោះទៅសករាជថ្មី ដែលពោរពេញទៅដោយភាពស្មុគស្មាញផ្នែកសេដ្ឋកិច្ច និងការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ៕

បណ្ឌិត ឈាង វណ្ណារិទ្ធ / East Asia Forum

អត្ថបទទាក់ទង