សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថានដើម្បីទីក្រុងស្អាត
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថានដើម្បីទីក្រុងស្អាត មិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាលឡើយដូចជាមិនត្រូវយកសំរាមទៅបោះចូលនៅក្នុងលូជាដើម។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ទីក្រុងភ្នំពេញយើងកាលពីទសវត្សឆ្នាំ១៩៨០ យើងពុំមានការឈឺក្បាលបញ្ហាសំរាមឬទឹកកខ្វក់ទេ ដោយសារស្ថានភាពយើងនៅពេលនោះ ពុំសម្បូរម្ហូបអាហារបរិភោគច្រើនបែបយ៉ាងដូចសព្វថ្ងៃនេះឡើយ៕