ខ្មែរប៉ុស្ដិ៍ Close

អ្នកស្រុកក្នុងតំបន់អង្គរ រក្សាបានទំនៀមចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 35
អ្នកស្រុកក្នុងតំបន់អង្គរ រក្សាបានទំនៀមចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា អ្នកស្រុកក្នុងតំបន់អង្គរ រក្សាបានទំនៀមចាប់ត្រីរួមគ្នាសម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

ក្រោយពីបញ្ចប់ការងារច្រូតកាត់ ប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតារៀងរាល់ខែមាឃ តាមទម្លាប់មិនដែលអាក់ខាន។ ពិធីចាប់ត្រីរួមគ្នានេះធ្វើឡើងនៅក្នុងបឹងបុរាណមួយដែលអ្នកភូមិអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។

លោកមេភូមិ ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ១កើត ខែមាឃ តែត្រូវពន្យារពេលមកដល់៥រោច ខែមាឃនេះវិញ មូលហេតុទឹកក្នុងបឹងច្រើន ថែមទាំងមានភ្លៀងកក់ខែថែមទៀត ដែលនាំឱ្យពិបាកក្នុងការចាប់ត្រីបន្តិច ដោយការនេសាទប្រើតែឧបករណ៍បុរាណសុទ្ធសាធ។ លោកឱ្យដឹងទៀតថា ឆ្នាំនេះត្រីក្នុងបឹងសម្បូរ ហើយប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមអភិរក្សកាន់តែបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ គណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ ជំនួសការហ៊ុំសម្រាស់ នៅឆ្នាំនេះ គណៈកម្មការរៀបចំកម្មវិធីបានសម្រេចជីកស្រះមួយនៅក្នុងផ្ទៃបឹងដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ជាដើម នៅក្នុងពីធីឡើងមាឃ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារ។

លោកមេភូមិបញ្ជាក់ថា រាល់ឆ្នាំ ត្រីចាប់រួមបានមិនក្រោមមួយរយគីឡូនោះឡើយ និងអនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោងបានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។

លោក ភក្តិ ភណ្ឌ អ្នកចូលរួមចាប់ត្រីម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋភូមិបង្កោងបានសម្តែងការសប្បាយចិត្ត ដោយភូមិរបស់ខ្លួនរក្សានូវទំនៀមដែលមានតាំងពីយូរមកហើយ។ លោក ភក្តិ ភណ្ឌ បញ្ជាក់ថា លោកតែងតែមកចូលរួមចាប់ត្រីនៅបឹងនេះមិនដែលខកខាន ក្រៅពីបានរកត្រីក៏បានជួបជុំបងប្អូនក្នុងភូមិសប្បាយរីករាយ ហើយត្រីដែលរកបានមួយផ្នែកនឹងធ្វើទឹកនំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃក្នុងថ្ងៃឡើងមាឃ និងមួយផ្នែកទៀតសម្រាប់ក្រុមគ្រួសារ។

លោក គួយ សង្វារ ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាលដែលបានមកមើលព្រឹត្តិការណ៍ចាប់ត្រីរួមគ្នាត្រៀមឡើងមាឃរបស់អ្នកភូមិបង្កោងបានឱ្យដឹងថា នេះជាលើកទីមួយសម្រាប់រូបលោកដែលបានឃើញទំនៀមចាប់ត្រីរួមគ្នាដែលជាទំនៀមរបស់អ្នកស្រុកអង្គរ។ ទិដ្ឋភាពសប្បាយរីករាយ ប្រជាជនក្នុងភូមិបានជួបជុំគ្នា ដោយមេភូមិដឹកនាំធ្វើតមិនដាច់ និងរីកចម្រើនបន្ថែមទៀត។ លោក សង្វារ ចង់ឱ្យមានពិធីនេះនៅតែរក្សាបានគង់វង្ស ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ទាំងអស់គ្នា៕

អត្ថបទទាក់ទង