ខ្មែរប៉ុស្ដិ៍ Close

ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 37
ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ! ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ!

«ធ្វើមន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រទេ» នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែប្រាប់ទៅមន្ត្រីគ្រប់រូប ឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាជន!

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋាន ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដូចទម្លាប់ដែលឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តាំងពីនៅជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតផ្លាស់មកជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក មិនដែលភ្លេចម្តងណាឡើយ ចំពោះការនាំយកអាហារសម្រន់ មកបរិភោគរួមជាមួយប្រជាពលរដ្ឋ ដោយភាពស្និតស្នាល មិនឆ្មើងឆ្មៃ។ សម្រាប់ថ្ងៃនេះ ក៏មានការ៉េម១០០០ដើម នំប៉័ង១០០០ ទឹកអំពៅ ទឹកសុទ្ធ ត្រូវបានចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលមកចូលរួមក្នុងកម្មវិធីគ្រប់ៗគ្នា និងមានក្រុមគ្រូពេទ្យរបស់អាវុធហត្ថរាជធានី ភ្នំពេញ បានចុះមកពិនិត្យសុខភាពព្រមទាំងបើកថ្នាំព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋក្នុងកម្មវិធីផ្ទាល់ផងដែរ។

ក្រលេកមើលទៅប្រជាពលរដ្ឋដែលមកចូលរួមទទួលស្វាគមន៍វត្តមានរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ម្នាក់ៗមានទឹកមុខ ញញឹមញញែម សប្បាយរីករាយ ឥតឧបមា ព្រោះរយៈពេលជាង០៤ឆ្នាំមកហើយ ដែលពួកគាត់តែងតែត្រូវបាន លោក រ័ត្ន ស្រ៊ាង យកចិត្តទុក្ខដាក់ពីសុខទុក្ខនិងដោះស្រាយរាល់បញ្ហា ជូនពួកគាត់ រហូតសូម្បីតែកូនៗពួកគាត់ ដែលនៅតូចៗ ក៏ស្គាល់លោក រ័ត្ន ស្រ៊ាង ច្បាស់ដែរ។

បន្ទាប់ពីបានទទួលទាននំប៉័ងការ៉េមទឹកអំពៅទឹកសុទ្ធ រួមជាមួយគ្នាប្រកបដោយភាពស្និតស្នាល និង បានឆ្អែតគ្រប់ៗគ្នារួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាប់ផ្តើមសំណេះជាមួយប្រជាពលរដ្ឋ ដោយបង្ហាញពី សុខសន្តិភាព សុវត្ថិភាពភូមិសង្កាត់និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំគ្នា ទទួលបានការរៀនសូត្រគ្រប់កម្រិត ពីបឋមដល់ឧត្តមសិក្សា ជ្រើសរើមុខរបរចិញ្ចឹមជីវិតស្របច្បាប់បានគ្រប់វិស័យក្នុងសេដ្ឋកិច្ចទីផ្សារសេរី, ធ្វើដំណើរឆ្ងាយជិត ក្នុងនិងក្រៅប្រទេសដោយតាមចិត្តចង់, មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនា និងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ថែរក្សាបាននូវវប្បធម៌និងបេតិកភ័ណ្ឌជាតិ ដូចជាប្រាសាទបុរាណវត្ថុ សិល្បៈចម្លាក់ តន្ត្រី គំនូរ និង រមណីយដ្ឋានប្រវត្តិសាស្ត្រគ្រប់ទីកន្លែង។ ទាំងអស់នេះហើយគឺជាអត្តសញ្ញាណនៃជាតិខ្មែរ យ៉ាងពិតប្រាកដ ដូច្នេះជនណាដែលព្យាយាមយកលទ្ធិបរទេសមកសាបព្រោះលើប្រជាជាតិខ្មែរ ដើម្បីលប់បំបាត់អត្តសញ្ញាណជាតិខ្មែរ និងប្រឆាំងជាមួយរាជរដ្ឋាភិបាលខ្មែរស្របច្បាប់នាពេលបច្ចុប្បន្ន គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា ដើម្បីឲ្យប្រទេសខ្មែរបន្តរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍ ព្រមទាំងលើកតម្កើងនិងថែរក្សាបាន នូវអត្តសញ្ញាណជាតិខ្មែរឲ្យនៅគង់វង្សរ៉ុងរឿងតរៀងទៅ សូមបងប្អូនទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ដាច់ខាតត្រូវតែទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន។

ជាចុងបញ្ចប់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រកាសរៀបរាប់ពីសមិទ្ធិផលដែលលោកបានជួយដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹសកន្លងមកជាច្រើន ដូចជាជីកប្រឡាយ ចាក់ផ្លូវបេតុង ជួសជុលសាលាបុណ្យភូមិ ដាក់លូរំដោះទឹកក្នុងភូមិ ធ្វើដេហ្កា ស្តារប្រឡាយ ដោះស្រាយបញ្ហាផ្សេងៗតាមសំណូមពរ ចាត់ឲ្យក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលអ្នកជម្ងឺក្រីក្រតាមភូមិនិងជូនទៅមន្ទីរពេទ្យចំពោះអ្នកគ្មានលទ្ធភាព ចូលរួមបុណ្យសពគ្រប់ក្រុមគ្រួសារ ដោយមិនរើសអើងនិន្នាការ ព្រមទាំងបានឧបត្ថម្ភអង្ករ ថវិកា ទឹកត្រីទឹកស៊ីអ៊ីវ ដល់ក្រុមគ្រួសារទីទាល់ក្រជួបការលំបាក ជារៀងរាល់ខែមិនដែលខាន ហើយក្នុងឱកាសជួបសំណេះសំណាលថ្ងៃនេះ បងប្អូនដែលមកចូលរួមកម្មវិធី ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកជូនទឹកក្រូចដបម្នាក់១កេស ថវិកា២ម៉ឺនរៀល ឯក្មេងៗចាប់ពីអាយុ៣ឆ្នាំដល់១៨ឆ្នាំ ទទួលបានសម្លៀកបំពាក់កីឡាម្នាក់មួយឈុត និង មានបាល់ទាត់ បាល់ទះចំនួន២០គ្រាប់ប្រគល់ជូនមេភូមិសម្រាប់បំផុសចលនាកីឡាដល់ស្រទាប់យុវវ័យនិងកុមារផងដែរ។

ប្រភព៖ PhnomPenhGRK

អត្ថបទទាក់ទង