ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ ពិភពលោកកំពុងគ្របដណ្តប់ដោយមនោគមន៍វិជ្ជាហិង្សានិយមជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងមនោគមន៍វិជ្ជាសន្តិភាពនិយម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 130
អ្នកវិភាគចៅចាក់ស្មុក៖ ពិភពលោកកំពុងគ្របដណ្តប់ដោយមនោគមន៍វិជ្ជាហិង្សានិយមជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងមនោគមន៍វិជ្ជាសន្តិភាពនិយម អ្នកវិភាគចៅចាក់ស្មុក៖ ពិភពលោកកំពុងគ្របដណ្តប់ដោយមនោគមន៍វិជ្ជាហិង្សានិយមជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងមនោគមន៍វិជ្ជាសន្តិភាពនិយម

ក្នុងសម័យកាលសង្គ្រាមត្រជាក់ពីអតីតកាល ពិភពលោកគ្របដណ្តប់ដោយមនោគមវិជ្ជាលោកសេរី និងមនោគមន៍វិជ្ជាកុម្មុយនិស្ត ប៉ុន្តែនៅក្នុងសង្គ្រាមត្រជាក់សម័យថ្មីនេះ ពិភពលោកត្រូវបានគេមើលឃើញថាបាននិងកំពុងតែផ្តោតលើមនោគមន៍វិជ្ជាហិង្សានិយមនិងមនោគមន៍វិជ្ជាសន្តិភាពនិយម។ មនោគមវិជ្ជាថ្មីទាំងពីរនេះបានដើរប្រណាំងគ្នា។ មនោគមវិជ្ជាហិង្សាជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានធ្វើឱ្យពលរដ្ឋនៅបណ្តាប្រទេសមួយចំនួនស្រក់ទឹកភ្នែក រងគ្រោះបាត់បង់ជីវិតមនុស្ស របួសពិការ និរាសព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាតិ និងឃ្លាតចាកចោលស្រុកទេស ខណៈ មនោគមវិជ្ជាសន្តិភាពនិយមដែលមនុស្សទូទៅប្រាថ្នាចង់បាន ធ្វើឱ្យពលរដ្ឋនៃប្រទេសមួយចំនួនទទួលបានមកវិញនូវស្នាមញញឹម ភាពសុខសាន្ត ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពលរដ្ឋរីករាយ។ អ្វីដែលគួរអនិច្ចា បណ្តាប្រទេសមួយចំនួនដែលធ្លាប់តែសុខសាន្តមានសន្តិភាពបែរជាធ្លាក់ចូលក្នុងមនោគមវិជ្ជាហិង្សាដោយសារតែការយល់ច្រឡំ និងការបោកបញ្ឆោតរបស់ក្រុមប្រទេសមួយចំនួនដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកគេ។

មនោគមន៍វិជ្ជាលោកខាងលិចបច្ចុប្បន្ននេះមិនមែនជាមនោគមវិជ្ជាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដ៏បរិសុទ្ធឡើយ តែធាតុសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យត្រូវបានគេប្រើជាឡប់ឡែបិទបាំងនូវមហិច្ឆតាគ្មានព្រំដែននៃក្រុមអ្នកតាំងខ្លួនជា មាតានិងបិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ។ មនោគមវិជ្ជានេះបានប្រែធាតុរបស់ខ្លួន និងធ្វើឱ្យមនុស្សមានការយល់ច្រឡំ និងក្លាយជាការបង្កើតឱ្យមានអ្នកឱកាសនិយម ព្រមទាំងបង្កើតភាពជ្រួលច្របល់ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលខ្វះសីលធម៌ និងគុណធម៌។ បុគ្គលមួយចំនួនបានលង់ខ្លួននឹងពាក្យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរហូតដល់ភ្លេចជាតិ និងភ្លេចកំណើតរបស់ខ្លួន និងហ៊ានធ្វើអ្វីៗទាំងអស់ទាំងងងឹតងងល់តាមការបញ្ចុះបញ្ជោល បោកបញ្ឆោត បំពាក់បំប៉នមនោគមវិជ្ជារបស់ប្រទេសបិតាប្រជាធិបតេយ្យមួយចំនួន។ មនោគមវិជ្ជានេះបាននិងកំពុងតែធ្វើឱ្យមនុស្សជាតិបែកបាក់គ្នាយ៉ាងខ្លាំង មានជម្លោះរវាងរដ្ឋ និងរដ្ឋ ជម្លោះរវាងពលរដ្ឋមួយក្រុមនិងពលរដ្ឋមួយក្រុមទៀត ជម្លោះពលរដ្ឋនិងរដ្ឋអំណាចក្នុងជាតិសាសន៍តែមួយ។ ពេលខ្លះ មនោគមវិជ្ជានេះបានរុញច្រានប្រទេសមួយឱ្យកើតហិង្សា បំផ្លាញសន្តិភាព បង្កើតភាពតានតឹងផ្នែកនយោបាយ បង្កភ្នក់ភ្លើងជាសង្គ្រាម ស្លាប់មនុស្សយ៉ាងរង្គាល ក្រោមទិសស្លោកដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្រោមឆ័ត្រនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បណ្តាប្រទេស មួយចំនួនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលក្រោយពីពលរដ្ឋមួយ ចំនួនចាញ់បោកមនោគមវិជ្ជាហិង្សាដោយការប្រើប្រាស់អំណាចប្រជាពលរដ្ឋ «បដិវត្តន៍ពណ៌»ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនក្រោកលល្បិចបរទេស ដូចជាលីប៊ី ស៊ីរី ទុយណេស៊ី យ៉េម៉ែន អ៊ីរ៉ាក់ជាដើម។ តាមរយៈទឡ្ហីករណ៍ទាំងនេះ បានចាប់ផ្តើមឱ្យគេចោទសួរអំពីភាពបរិសុទ្ធនៃគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់បស្ចឹមលោកថាពិតជាជួយលើកតម្កើងតម្លៃមនុស្ស និងគុណតម្លៃសិទ្ធិមនុស្សពិតប្រាកដឬទេ ខណៈមនោគមវិជ្ជានេះបាន ធ្វើឱ្យពិភពលោកបាត់សណ្តាប់ធ្នាប់ និងបង្កអំពើភាពតានតឹង និងហិង្សាជាញឹកញាប់។ តើគេគួរតែបន្តគោរពមនោគមវិជ្ជាហិង្សានិយមក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងបន្តយកមនោគមវិជ្ជាលោកខាងលិចនេះជាគំរូទៀតដែរឬទេ? ជាសំណួរដែលអាចនឹងអនុញ្ញាតឱ្យយើងពិចារណាពីលទ្ធផលនៃ បណ្តាប្រទេសមួយចំនួនដែលទទួលយកដោយភាន់ច្រឡំនូវ មនោគមវិជ្ជាហិង្សាជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្លែងក្លាយនេះ។ ប្រទេសមួយចំនួនដែលផ្លាស់ប្តូររបបដឹកនាំក្រោមមនោគមវិជ្ជាថ្មីនៃលោកខាងលិចបាននិងកំពុងស្តាយ ក្រោយ ដូចជាស៊ីរី លីប៊ីជាដើមដែលបានប្រែក្លាយប្រទេសពី សន្តិភាពនិងការអភិវឌ្ឍទៅជាសង្គ្រាមស៊ីវិល និងការបំផ្លិចបំផ្លាញរាប់ដល់ដី។ នេះក៏ជាលទ្ធផលនៃការរងគ្រោះក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បូរណភាពដែនដី និងអធិបតេយ្យភាពដែលមហាអំណាចតែងតែបង្រៀននិងសូត្រដាក់បណ្តាប្រទេសនៅលើលោក។

ប៉ុន្តែទន្ទឹមនឹងនេះ មនោគមវិជ្ជាសន្តិភាពនិយមក៏បាននិងកំពុងតែរីកដុះដាលនៅលើពិភពលោកដែរ ជាពិសេសក្នុងចំណោម បណ្តាប្រទេសដែលធ្លាប់រងគ្រោះ និងត្រូវបានបំផ្លិចបំផ្លាញដោយតែឥទ្ធិពលនៃសង្គ្រាមត្រជាក់ និងជ្រៀតជ្រែកផ្នែកនយោបាយ និងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលមហាអំណាចបស្ចឹមប្រទេសយល់ថាមិនបម្រើផលប្រយោជន៍ឱ្យខ្លួន។ សន្តិភាពដែលរកបានមកដោយពិបាកនេះត្រូវតែថែរក្សាឱ្យបានល្អ ហើយបណ្តាប្រទេសទាំងនោះខិតខំប្រឹងប្រែងការពារប្រឆាំងនឹងការជ្រៀតជ្រែកបរទេសក្នុងកិច្ចការផ្ទៃក្នុង និងខិតខំការពារខ្លួនទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេសសាជាថ្មី ព្រមទាំងនាំគ្នាផ្សព្វផ្សាយពីសន្តិភាពដល់ គ្រប់មជ្ឈដ្ឋានទាំងអស់។ នៅក្នុងចំណោមនោះ កម្ពុជាដែល ធ្លាប់ជាប្រទេសរងគ្រោះដោយការជ្រៀតជ្រែកបរទេស និងសង្គ្រាមស៊ីវិល បានខិតខំការពារសុខសន្តិភាព និងបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តមនោគមវិជ្ជាសន្តិភាពនិយម ខណៈក្រុមជនអគតិជាជនជាតិខ្មែរមួយចំនួនមិនឱ្យតម្លៃសន្តិភាព បម្រើឧបាយកលបរទេស បំផ្លាញប្រទេសជាតិរបស់ខ្លួន និងងុបងល់នឹងភាសាលួងលោម បោកបញ្ឆោតរបស់បរទេស គិតថាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ គឺជាកត្តាសំខាន់ជាងការបង្កើតសន្តិភាពនិងការថែរក្សាសុខសន្តិភាព។ ប៉ុន្តែពួកគេមិនបានគិតថាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចកើតមានឡើយនៅក្នុងប្រទេសដែលមានសង្គ្រាម និងប្រទេសមានអស្ថិរភាព នយោបាយ។ ការអភិវឌ្ឍក៏មិនអាចកើតឡើងក្រោមសំឡេងគ្រាប់កាំភ្លើង និងរណ្តៅគ្រាប់បែកបេ៥២ឡើយ។

មនោគមវិជ្ជាសន្តិភាពនិយមនេះបាននិងកំពុងស្វះស្វែងពង្រឹងអត្ថិភាពរបស់ខ្លួនឱ្យរឹងមាំ និងមានភាពយូរអង្វែង។ នៅក្នុងពិធីផ្តល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅសធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ»។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាស្ថាបនិកសន្តិភាពកម្ពុជា និងជាអ្នកការពារប្តូរផ្តាច់នូវសុខសន្តិភាពជូនជាតិមាតុភូមិបានចែករំលែកនូវបទពិសោធន៍ និងការខិតខំប្រឹងប្រែងជាច្រើនរបស់សម្តេច ដើម្បីពន្លត់នូវភ្លើងសង្គ្រាមប្រមាណ ៤ទសវត្សរ៍នៅកម្ពុជា ហើយជំនួសមកវិញនូវសុខសន្តិភាព ការអភិវឌ្ឍ និងការកសាងប្រទេសឱ្យមានភាពរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ។

សរុបមកវិញ មនោគមវិជ្ជាលោកខាងលិច ឬមនោគមវិជ្ជាកុម្មុយនិស្តបានប្រែរូប និងប្រែខ្លឹមសាររួចទៅហើយក្នុងបរិបទនៃសង្គ្រាមត្រជាក់ថ្មីលើការដណ្តើមប្រៀបភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ មនោគមវិជ្ជាលោកខាងលិចដែលពីមុនជាអ្នកលើកតម្កើងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បែរជាក្លាយជាមនោគមវិជ្ជាហិង្សានិយម និងអនាធិបតេយ្យនិយមក៏ព្រោះតែការបំពាក់សិទ្ធិនិងប្រជាធិបតេយ្យជ្រុលពេក និងជំរុញឱ្យក្រុមមនុស្សដែលមានចរិតស៊ីជោរ និងខ្វះគុណធម៌ និងសីធម៌ ចូលចិត្តប្រើប្រាស់ហិង្សានិយមតាមពាក្យសម្តី តាមរយៈសកម្មភាពជាក់ស្តែង ជំរុញឱ្យមនុស្សហ៊ានស្ម័គ្រស្លាប់ ហ៊ានចេញតវ៉ាប្រឆាំងរដ្ឋអំណាចដោយបំពានច្បាប់ជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមនុស្ស។ នេះគឺជាភាពគ្រោះថ្នាក់នៃមនោគមវិជ្ជាលោកខាងលិច។ ដូច្នេះជម្រើសនៃការប្រកាន់យកមនោគមវិជ្ជាសន្តិភាពនិយមដែលបណ្តាប្រទេសភាគច្រើនប្រកាន់យកក្នុងនោះរួមទាំងកម្ពុជាគឺដើម្បីទប់ស្កាត់នឹងមនោគមវិជ្ជាហិង្សានិយម ទប់ស្កាត់មហន្តរាយដល់ជីវិតមនុស្ស និងក៏ដើម្បីភាពសុខដុមរមណីយកម្មនៃសង្គមជាតិ ក៏ដូចជាចូលរួមបង្កើតសន្តិភាព ស្ថិរភាពសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

អត្ថបទទាក់ទង