ខ្មែរប៉ុស្ដិ៍ Close

លិខិត​របស់​ចៅចាក់ស្មុក៖ បក្សប្រឆាំងម៉ាឡេស៊ីមិនធ្វើអាយ៉ងបរទេស និងមិនក្បត់ជាតិដូចបក្សប្រឆាំងនៅកម្ពុជាឡើយ  

ដោយ៖ សន បទុម ​​ | ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 54
លិខិត​របស់​ចៅចាក់ស្មុក៖ បក្សប្រឆាំងម៉ាឡេស៊ីមិនធ្វើអាយ៉ងបរទេស និងមិនក្បត់ជាតិដូចបក្សប្រឆាំងនៅកម្ពុជាឡើយ    លិខិត​របស់​ចៅចាក់ស្មុក៖ បក្សប្រឆាំងម៉ាឡេស៊ីមិនធ្វើអាយ៉ងបរទេស និងមិនក្បត់ជាតិដូចបក្សប្រឆាំងនៅកម្ពុជាឡើយ  

មិនខុសពីលើកមុនៗឡើយ ក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាជាពិសេសទណ្ឌិត សម រង្ស៊ី បានលួចយកជ័យជម្នះរបស់បក្សប្រឆាំងម៉ាឡេស៊ីដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ម៉ាហាធៀ មហាម៉េដ ធ្លាប់ដឹកនាំប្រទេសជាង ២០ឆ្នាំ ក្នុងការបោះឆ្នោតកាល ថ្ងៃទី៩ ខែឧសភា មកធ្វើជាជ័យជម្នះរបស់ខ្លួន និងបង្ហាញអំនួតហួសពីការស្មានថា បក្សខ្លួនដឹកនាំនឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយគ្មានការអៀនខ្មាសឡើយ។

ជាង ២០ឆ្នាំ នៃជីវិតនយោបាយរបស់ខ្លួន ដែលភាគច្រើនចំណាយលើការគេចខ្លួនពីសំណាញ់ច្បាប់  សាធារណៈមតិស្តាប់ឮតែ សម រង្ស៊ី អួតអាង និងភូតកុហកប្រជាជនខ្មែរនិង ការភ្ជាប់ខ្លួននឹងមេដឹកនាំនៃប្រទេសផ្សេងៗ ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតដោយទាញចំណេញនយោបាយពីការដួលរលំនៃរបបដឹកនាំរបស់ស៊ូហាតូ នៅឥណ្ឌូណេស៊ី រហូតដល់ការឡើងកាន់អំណាចរបស់លោកស្រី អ៊ុងសានស៊ូជីនៅភូមា និងចុងក្រោយការឡើងមកកាន់អំណាចវិញរបស់លោកម៉ាហាធៀនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំងនៅកម្ពុជា រួមនឹងសម រង្ស៊ីផងនោះធ្វើនយោបាយតាំងពីមានបក្សរហូតដល់បក្សត្រូវបានរំលាយ ធ្វើតាំងពីមានសិទ្ធិធ្វើនយោបាយ រហូតដល់ត្រូវបានដកសិទ្ធិធ្វើនយោបាយ និងធ្វើតាំងពីមានសេរីភាពពេញលេញរហូតដល់ខ្លះជាប់គុក និងខ្លះទៀតនិរទេសខ្លួនឯងទៅ នៅក្រៅប្រទេសដោយសារតែប្រព្រឹត្តអំពើក្បត់ជាតិ ប្រឆាំងនឹងផលប្រយោជន៍ប្រជាជន និងបំផ្លាញជាតិតាមរូបភាពបដិវត្តន៍ពណ៌ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ទាំងនេះគឺជាសមិទ្ធផលរបស់បក្សប្រឆាំងនៅកម្ពុជា!

តាមពិតអ្វីដែល សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងលើកឡើងគឺគ្រាន់តែ ជាការលួងលោលចិត្តរបស់ខ្លួនប៉ុណ្ណោះ​ព្រោះបក្សប្រឆាំងនៅតាមបណ្តាប្រទេសមួយ ចំនួនមិនដូចទៅនឹងបក្សប្រឆាំងនៅកម្ពុជាឡើយ។ មិនដូចព្រោះបក្សប្រឆាំងភូមា ឬក៏បក្សប្រឆាំងនៅម៉ាឡេស៊ី មិនដែលអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសខ្លួន និងក៏មិនដែលអំពាវនាវឱ្យបរទេសផ្តាច់ជំនួយឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាដូចដែលក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាធ្វើដែរ។

បក្សប្រឆាំងភូមា ឬម៉ាឡេស៊ី មិនដែលឆ្កួតលេលាដូចសម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំងនាំគ្នាចុះហត្ថលេខាកាត់ទឹកដីនៃប្រទេសខ្លួនឱ្យជនបរទេសឡើយ។ បក្សប្រឆាំងភូមា និងម៉ាឡេស៊ី មិនដែលទៅឃុបឃិតជាមួយបរទេស ធ្វើអាយ៉ងបរទេសដើម្បីបំផ្លាញជាតិ ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំប្រទេសតាមរយៈការទទួលយកនូវផែនការបដិវត្តន៍ពណ៌ ដែលនាំដល់ការបំផ្លាញជាតិ និងប្រជាជនឡើយ។ បក្សប្រឆាំងភូមា ឬម៉ាឡេស៊ីមិនដូចនឹងក្រុមអ្នកនយោបាយប្រឆាំងកម្ពុជាដែលតែងតែដើរញុះញង់ប្រជាពលរដ្ឋ បង្កចលាចល និងភាពវឹកវរក្នុងសង្គមជាតិឡើយ។

នេះគឺជាភាពថ្លៃថ្នូរនយោបាយរបស់បក្សប្រឆាំងនៅតាមបណ្តាប្រទេសនានា មិនដូចនឹងក្រុមអ្នក នយោបាយអង្ករកំប៉ុងដូចជា ​សម រង្ស៊ី ដែលមានតែចរិតញុះញង់ឱ្យខ្មែរបែកបាក់ បែងចែកវណ្ណៈសង្គម និងជាគ្រោះថ្នាក់សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ សម រង្ស៊ី មិនដូចមេដឹកនាំនៃក្រុមប្រឆាំងនៅប្រទេសផ្សេងក៏ព្រោះតែជាជនក្បត់ជាតិ និងជាជនចង្រៃ និងជាសត្រូវរបស់សុខសន្តិភាព និងស្ថិរភាពជាតិ។

ម៉្យាងទៀត បក្សប្រឆាំងនៃប្រទេសដទៃខុសពីក្រុមប្រឆាំងកម្ពុជា គឺពួកគេមិនដែលធ្វើនយោបាយចង្រៃ ដោយអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត  ដែល​ជា​ការអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនឡើយ។ បក្សប្រឆាំងនៅបណ្តាប្រទេសផ្សេងក៏មិនមានជំងឺតួឯកដូចក្រុមសម រង្ស៊ី ដែលថា ទាល់តែមានក្រុមខ្លួន បានអ្វីមានលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌ ទាល់តែមានក្រុមខ្លួនបានរាជរដ្ឋាភិបាលថ្មីដែលបង្កើតឡើងត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងទាល់តែមានវត្តមានខ្លួនទើបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់។

តាមរយៈអ្វីដែលក្រុមបក្សប្រឆាំងក្រៅច្បាប់និយាយពេលនេះ គឺបង្ហាញថា កម្ពុជាបានអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ហើយការបោះឆ្នោតពិតជាសេរីត្រឹមត្រូវ ហើយការអនុវត្តល្អនេះនៅតែបន្តមានវត្តមានជានិច្ចនៅកម្ពុជា បើទោះបីជាគ្មានវត្តមានគណបក្សប្រឆាំង។

បក្សប្រឆាំង​នៅកម្ពុជាមានច្រើនទៀត មិនមែនមានតែតួឯកខ្មោចបក្សសង្គ្រោះជាតិតែមួយនោះ​ទេ។​ ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច គណបក្សជាច្រើនបានប្រកាសខ្លួនជាបក្សប្រឆាំង និងត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្នុងនោះក៏មានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វិរៈ និងលោក យ៉ង សាំងកុមារ ផងដែរ។

កំហុសយុទ្ធសាស្ត្រធ្ងន់បំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងដែលមានសម រង្ស៊ី ដឹកមុខ បន្ទាប់ពីធ្វើបក្សប្រហារជោគជ័យដណ្តើមការគ្រប់គ្រងខ្មោចបក្សសង្គ្រោះជាតិពីក្រុម កឹម សុខា បានសម្រេចតាមរយៈការបង្កើតចលនាសង្គ្រោះជាតិ ជាចលនាឧទ្ទាមខុសច្បាប់ដោយអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។

សម រង្ស៊ី និងក្រុមបក្សប្រឆាំងមើលឃើញជ័យជម្នះនៃបក្សប្រឆាំងម៉ាឡេស៊ីថាជាឱកាសម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរដែលខ្លួនប៉ងជាយូរមកហើយ ប៉ុន្តែធាតុ​ពិត នេះបង្ហាញអំពី ​« ការអកហ្ស៊ឺផ្នែកយុទ្ធសាស្រ្តនយោបាយ » របស់ក្រុមប្រឆាំងទៅវិញទេ។ អកហ្ស៊ឺក្នុងយុទ្ធសាស្ត្រនយោបាយ ដោយសារតែគណបក្សសង្រ្គោះជាតិ​ បានរលាយដោយសារសម្តីភ្លាត់ស្នៀតរបស់​ កឹម​ សុខា​ នៅអូស្រ្តាលី​ ហើយការណ៍នេះបានជួយឱ្យបក្សកាន់អំណាច​មានប្រៀបកាន់តែរឹងមាំ​លើទិដ្ឋភាពយុទ្ធសាស្រ្ត​  ហើយបានធ្វើឱ្យបក្សកាន់អំណាចដ៏យូរនេះ បន្តមានប្រៀបដឹកនាំប្រទេសប្រកបដោយភាពប្រាកដប្រជា​នាបន្ថែមទៀត!​ បន្ថែមលើនេះ​ បក្សប្រឆាំងបានប្រព្រឹត្តកំហុសផ្នែកយុទ្ធសាស្រ្តម្តងទៀត ដោយសម្រេចចិត្តមិនចូលរួមបោះឆ្នោត​។ មិនចូលរួមបោះឆ្នោតដែល សម រង្ស៊ី ប្រកាសថា ជាគន្លឹះថ្មីដែលទើបនឹងរកឃើញនោះ គឺ​មានន័យស្មើនឹងការបិទច្រកខ្លួនឯង​ ដើម្បីចូលរួមប្រកួតប្រជែងយកអំណាច​ និងបំផ្លាញចោលក្តីសង្ឃឹមនយោបាយរបស់ក្រុមប្រឆាំងនៅថ្នាក់ក្រោម​ ដោយបង្ហាញអំនួតខុសក្បួនយុទ្ធសាស្រ្តថា​ «កុំទៅ​បោះឆ្នោត។ នៅតែផ្ទះទៅ​ យើងឈ្នះហើយ»។

ប៉ុន្តែ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង កុំភ្លេចថា ការបោះឆ្នោតនៅកម្ពុជាមិនបានចែងថា ទាល់តែមានការចូលរួមពីមនុស្សប៉ុន្មានភាគរយទើបមានតម្លៃ គឺសូម្បីតែមានការចូលរួមតិចជាង ៥០% នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក៏នៅតែជាការបោះឆ្នោតដែលមានតម្លៃផ្លូវច្បាប់ដែរ។

ម្យ៉ាងទៀត កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព មិនចាំបាច់ត្រូវការប្រទេសណាមួយ ឬអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីដែលនឹងបង្កើតឡើង ដោយការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ ការទទួលស្គាល់់ពីប្រជាពលរដ្ឋដែលទៅបោះឆ្នោត គឺជាការស្រេច។

ដូច្នេះ ទាំងសម រង្ស៊ី និងគូកន កំពុងប្រព្រឹត្តកំហុសយុទ្ធសាស្ត្រធ្ងន់ធ្ងរបំផុត ហើយពួកគេអំពាវនាវមិនឱ្យពលរដ្ឋដែលគាំទ្រខ្មោចបក្សសង្គ្រោះជាតិទៅបោះឆ្នោត  គឺគ្រប់គ្រាន់ហើយត្រឹមបោះឆ្នោតក្នុងចិត្ត លទ្ធិប្រជាធិបតេយ្យក្នុងចិត្ត ជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងចិត្ត នោះ សម រង្ស៊ី ក៏នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍បន្តទៀតដែរ ។ យុទ្ធនាការនៅផ្ទះ ឈ្នះឯងរបស់ សម រង្ស៊ី គឺធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឯង នៅក្នុងការបោះឆ្នោតខាងមុខ។ បោះឆ្នោតក្នុងចិត្ត បាត់បង់ឱកាស ៥ ឆ្នាំក្នុងចិត្ត។

របរទណ្ឌិត សម រង្ស៊ី គឺមានតែបំផ្លាញជាតិ បំផ្លាញសិទ្ធិលទ្ធិប្រជាធិបតេយ្យ សម្តីញុះញង់ខ្មែរឱ្យឈ្លោះគ្នា តែប៉ុណ្ណោះ។ សូម សម រង្ស៊ី និងគូកន ឈប់យល់ច្រឡំទៀតទៅ តាមពិតប្រជាពលរដ្ឋខ្មែររង់ចាំឱ្យតែដល់ថ្ងៃបោះឆ្នោតនឹងទៅបោះឆ្នោតភ្លូកទឹកភ្លូកដីតែប៉ុណ្ណោះ!

ចុងក្រោយ សម រង្ស៊ី និងគូកន បានត្រឹមតែមើលជ័យជម្នះបក្សប្រឆាំងនៅតាមបណ្តា ប្រទេសនានា ប៉ុន្តែការពិតនេះ នឹងមិនអាចកើតមាននៅកម្ពុជាឡើយ ព្រោះបក្សប្រឆាំងនៅកម្ពុជាខុសពីបក្សប្រឆាំងនៅប្រទេសផ្សេង ដែលពោរពេញដោយហុសយុទ្ធសាស្ត្រ ល្មើសច្បាប់ និងញុះញង់បំបែកបំបាក់ជាតិ។ បើដូច្នេះ ទោះ សម រង្ស៊ី ស្លាប់ដូចខ្មោចបក្សសង្គ្រោះជាតិចាប់ជាតិសាជាថ្មី ក៏គ្មានវាសនានឹងទទួលបានជ័យជម្នះឡើយ៕

ដោយ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៨

លិខិត​របស់​ចៅចាក់ស្មុក៖ បក្សប្រឆាំងម៉ាឡេស៊ីមិនធ្វើអាយ៉ងបរទេស និងមិនក្បត់ជាតិដូចបក្សប្រឆាំងនៅកម្ពុជាឡើយ  

លិខិត​របស់​ចៅចាក់ស្មុក៖ បក្សប្រឆាំងម៉ាឡេស៊ីមិនធ្វើអាយ៉ងបរទេស និងមិនក្បត់ជាតិដូចបក្សប្រឆាំងនៅកម្ពុជាឡើយ 

 

អត្ថបទទាក់ទង