ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 29
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនេះធ្វើឡើង ក្នុងពេលដែលលោកជំទាវចុះបំពេញបេសកកម្មការងារ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសបំពេញការងារ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ នៅចំណុចមណ្ឌលសុខភាពដារ មណ្ឌលសុខភាពគោលាប់ និងមណ្ឌលសុខភាពជ្រោយបន្ទាយ លោកជំទាវ ឱ វណ្ណឌីន បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំចំពោះការចាក់វ៉ាក់សាំងនេះ ដោយពួកគាត់ខ្លះគិតខុសថា វ៉ាក់សាំង ចាក់តែមួយលើកគឺរួចរាល់ហើយ ដែលការគិតនេះមិនត្រឹមត្រូវនោះទេ ពោលគេត្រូវតែចាក់គ្រប់ដូសតាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ តាមការកំណត់របស់ក្រុមគ្រូពេទ្យ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមណ្ឌលសុខភាពដែលនៅជិតផ្ទះ បងប្អូន ដើម្បីបង្កើននូវកងការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកជំទាវរដ្ឋលេខាធិការក្រសួង សុខាភិបាលបានបញ្ជាក់ថា អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺអេសដ៍ ឬជំងឺផ្សេងៗ ទៀតក៏ត្រូវតែទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ព្រោះជាការចាំបាច់ក្នុងការការពារខ្លួន។

លោកជំទាវ ឱ វណ្ណឌីន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាល ខេត្តក្រចេះ ពិសេសមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តការ ខិតខំប្រឹងប្រែង ដើម្បីជំរុញក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានច្រើន និងលឿនទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕ AKP

អត្ថបទទាក់ទង