East Asia Forum ៖ ទំនាក់ទំនងដែលកាន់តែល្អូកល្អឺនរបស់រុស្ស៊ី ជាមួយអាស៊ាន
ប្រទេសរុស្ស៊ី និងអាស៊ានបានប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងផ្លូវការរវាងគ្នាកាលពីឆ្នាំ ២០២១។ គេពុំឃើញមានពិធីធំដុំណាមួយនោះទេ នៅឱកាសនោះ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងសុន្ទរកថាអបអរសាទរមួយ តាមរយៈអនឡាញទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានលើកទី៤ កាលពីខែតុលា។
ខណៈពេលដែលកិច្ចសហប្រតិបត្តិការរវាងពួកគេកាន់តែស៊ីជម្រៅ ពេលនេះភាគីទាំងពីរ កំពុងតែទទួលស្គាល់ថា ចំណុចដូចគ្នារវាងពួកគេមានទំហំធំធេងណាស់។
លោក ពូទីន បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ តែងតែងចែករំលែកជំហររបស់ពួកគេរៀងៗខ្លួន ជុំវិញបញ្ហាសកលនិងក្នុងតំបន់ ព្រមទាំងបានតស៊ូមតិសម្រាប់កិច្ចសហប្រតិបត្តិការស្មើភាពគ្នា, យុត្តិធម៌ និងប្រកបដោយផលប្រយោជន៍ជាមួយគ្នានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំកំពូល នោះបានទទួលស្គាល់ថា សន្តិសុខរបស់ជាតិមួយនឹងមិនអាចសម្រេចបានដោយ «ការចំណាយរបស់ជាតិដ៏ទៃនោះទេ» ហើយព្រមទាំងបានពង្រឹងតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការបង្កើតស្ថាបត្យកម្មសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងនៅមហាសមុទ្រឥណ្ឌាទៀតផង។
សេចក្ដីថ្លែងការណ៍នេះ គឺជាឯកសារមួយក្នុងចំណោមឯកសារផ្លូវការដំបូងគេរបស់រុស្ស៊ី ដែលមានរួមបញ្ចូលគ្នានូវខ្លឹមសារដែលទាក់ទងនឹងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា បើទោះបីជាមិនបានប្រើពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលរុស្ស៊ីនៅតែបដិសេធជាផ្លូវការក្ដី។
ទោះបីជាយ៉ាងនេះក្តី ទីក្រុងមូស្គូនៅតែបង្ហាញនូវការគោរពចំពោះគោលការណ៍នានានៃទស្សនទានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន (AOIP) ដែលជាចំណុចមានតម្លៃដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីដែលចៀសវាងបាននូវ «រចនាសម្ព័ន្ធជំនួស» ថ្មីណាមួយ។
ប្រទេសរុស្ស៊ីក៏បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលដឹកនាំដោយអាស៊ានថាជា គំរូនៃការសន្ទនាលើបញ្ហាសន្តិសុខ និងជាក្របខណ្ឌមួយសម្រាប់បង្កើតឱ្យមានស្ថាប័នថ្មីៗបន្ថែមទៀត។
ការទទួលយកបទដ្ឋានបែបនេះ សក្ដិសមឱ្យរុស្ស៊ីទទួលបានការយកចិត្តទុកដាក់ជាពិសេស ព្រោះប្រទេសនេះប្រឆាំងយ៉ាងដាច់អហង្ការចំពោះគំរូនៃ «សណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់» ដែលត្រូវបានលើកស្ទួយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ។
អ្វីដែលគេងឿងឆ្ងល់បំផុតនោះ គឺវិធីសាស្រ្តរបស់រុស្ស៊ីមិនសមស្របទៅនឹងវិធីដោះស្រាយជម្លោះរបស់ប្រទេសចិននោះទេ ដោយសារតែទីក្រុងប៉េកាំងប្រកាន់ជំហរដាច់ខាតចំពោះការបកស្រាយរបស់ខ្លួន និងគាំទ្រលើវិធីសាស្រ្តទ្វេភាគី។
ការខ្វែងគំនិតគ្នាបែបនេះ បានហុចឱកាសដល់រុស្ស៊ីក្នុងការដើរតួជាអ្នកសម្រុះសម្រួលឯករាជ្យមួយ។ ទីក្រុងមូស្គូបានបង្ហាញអំពីសក្តានុពលរបស់ខ្លួនជាអ្នកសម្រុះសម្រួលនៅអំឡុងពេលកើតមានភាពតានតឹងរវាងឥណ្ឌានិងចិន នៅតាមព្រំដែនក្នុងតំបន់ភ្នំហិមាល័យ កាលពីឆ្នាំ ២០២០។
រុស្ស៊ី និងអាស៊ានក៏បានបោះពុម្ពផ្សាយនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយមួយផងដែរ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេសម្រាប់ឆ្នាំ ២០២១-២០២៥។ ការអនុវត្តនេះពាក់ព័ន្ធនឹងការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាន និងអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) ដែលអង្គការតំបន់ទាំងពីរនេះ សុទ្ធតែផ្តោតទៅលើកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន, ការជួញដូរអាវុធខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដែលជាកត្តាជំរុញដល់ការរីករាលដាលនៃអំពើភេរវកម្ម។
ទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល សុទ្ធតែបានរងគ្រោះពីសកម្មភាពផ្តាច់ខ្លួន និងពីសកម្មភាពជ្រុលនិយម ដែលមានន័យថា ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា អាចរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតរបស់មនុស្សបាន។
បន្ទាប់ពីកើតមានចលាចលនៅក្នុងប្រទេសកាហ្សាក់ស្ថាននៅ ដើមឆ្នាំ ២០២២ នេះ ការចូលរួមពីសំណាក់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (Collective Security Treaty Organization) ក៏ទទួលបាននូវការពិនិត្យបន្ថែមផងដែរ បើទោះបីជាធម្មនុញ្ញរបស់អាស៊ាននៅតែទទូចមិនឱ្យមានការមិនធ្វើអន្តរាគមន៍ក៏ដោយ។
ផែនការនេះក៏ទទួលស្គាល់ផងដែរ នូវសារៈប្រយោជន៍នៃវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សម្រាប់ការសម្របសម្រួលដល់ការធ្វើសមយុទ្ធរួមគ្នា, ការផ្លាស់ប្តូរអ្នកឯកទេសផ្នែកយោធា និងការ
ស្រាវជ្រាវ។ ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅជិតកោះស៊ូម៉ាត្រាកាលពីខែធ្នូ ឆ្នាំ២០២១ គឺជាការសាកល្បងមួយសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀតរវាងរុស្ស៊ី និងអាស៊ាន។
ឥឡូវនេះ សមយុទ្ធរួមគ្នាអាចត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានពិសេសមួយ ដូចជាការល្បាតប្រឆាំងនឹងចោរសមុទ្រនៅច្រកសមុទ្រយុទ្ធសាស្ត្រម៉ាឡាកា និង Sunda ជាដើម។
វេទិកាតំបន់អាស៊ាននិងយន្តការ «ការទូតទប់ស្កាត់» ផ្សេងៗទៀត ក៏អាចជួយអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-អាស៊ានបានផងដែរ នៅក្នុងវិស័យសន្តិសុខដែនសមុទ្រ, វិស័យឱសថយោធា, ការប្រឆាំងភេរវកម្ម, ការរក្សា
សន្តិភាព, ការដោះមីន ការសង្គ្រោះនៅក្រោយវិបត្តិនិងវិស័យអ៊ីនធឺណិត។
ទោះយ៉ាងណាក៏ដោយ ភាគច្រើននៃវិស័យទាំងនេះ នឹងទាមទារឱ្យមានការកសាងទំនុកចិត្តសំខាន់ៗ មុននឹងវឌ្ឍនភាពធំៗត្រូវបានធ្វើឡើង។
រុស្សីក៏កំពុងខ្នះខ្នែងជំរុញឱ្យអាស៊ានប្រកាសចេញនូវសន្ធិសញ្ញាស្ដីពីតំបន់គ្មានអាវុធនុយក្លេអ៊ែររបស់ខ្លួន (ASEAN Nuclear Free Zone Treaty) ហើយរុស្ស៊ីក៏ប្រហែលជាបានជះឥទ្ធិពលវិជ្ជមានទៅលើប្រទេសចិនផងដែរ ជុំវិញបញ្ហានេះ។
បញ្ហាដែលលំបាក បំផុតនៅទីនេះគឺសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន (US–Philippine Mutual Defense Treaty) ក៏ប៉ុន្តែប្រទេសក្នុងតំបន់ផ្សេងទៀតអាចទទួលបានសុវត្ថិភាពបន្ថែមទៀត ពីសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែររបស់អាស៊ាន។
ដៃគូទាំងពីរនេះ ក៏បានចុះហត្ថលេខា លើផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ីផងដែរកាលពីឆ្នាំ ២០២១។ ប៉ុន្តែតួរលេខសេដ្ឋកិច្ចរវាងដៃគូទាំងពីរនេះ មានទំហំតិចតួចនៅឡើយ។
ទំហំពាណិជ្ជកម្មសរុបរវាងអាស៊ាន-រុស្ស៊ី បានឈានដល់កម្រិតកំពូល គឺដល់ ២៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៤ ហើយបន្ទាប់មកបានធ្លាក់ចុះមកនៅត្រឹម ១៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០។
ទោះជាយ៉ាងណា តួរលេខនេះមិនអាចប្រៀបធៀបជាមួយនឹងទំហំពាណិជ្ជកម្មរបស់អាស៊ានជាមួយចិនដែលមានចំនួន ៦៨៥ ពាន់លានដុល្លារ ឬអាស៊ានជាមួយសាធារណៈរដ្ឋកូរ៉េដែលមានទំហំ ១៥៥ ពាន់លានដុល្លារ បានឡើយ។
ដូចគ្នានេះដែរ គំនិតរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union) បានបង្កើតឱ្យមាន
អត្ថន័យនយោបាយច្រើនជាងសេដ្ឋកិច្ច ព្រោះថា រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបៀបនេះជាមួយវៀតណាម និងសិង្ហបុរីរួចហើយ ប៉ុន្តែមិនមានលទ្ធផលជាដុំកំភួនអ្វីទាំងអស់។
លក្ខណៈសំខាន់នៃតួនាទីរបស់ទីក្រុងមូស្គូនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតែជាសំណួរដ៏សំខាន់ដដែល។ សម្រាប់ករណីអាស៊ីអាគ្នេយ៍ រុស្ស៊ីមិនបានដើរតួជាអ្នកបង្កើតសន្តិភាពដូចប្រទេសចិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែរុស្ស៊ីក៏មិនបានបង្កបញ្ហាធ្ងន់ធ្ងរណាមួយដល់តំបន់នេះដែរ។
បញ្ហាដែលគេអាចចោទប្រកាន់រុស្ស៊ីបាននៅពេលនេះ គឺការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា បើទោះបីជាទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយរបបយោធានៃប្រទេសនេះ បានចាប់ផ្តើមតាំងពីយូរ ពោលគឺនៅមុនរដ្ឋប្រហារឆ្នាំ ២០២១ ក៏ដោយ។
រុស្ស៊ីបានចាប់ចិត្តនឹងគោលការណ៍នៃពហុភាគីនិយមដែលបង្កប់ក្នុងផ្នត់គំនិតរបស់អាស៊ាន។ ទីក្រុងមូស្គូបានតស៊ូមតិមិនឱ្យមានប្លុកយុទ្ធសាស្ត្រណាមួយនោះទេនៅតំបន់ប៉ាស៊ីហ្វិក ហើយប្រទេសនេះក៏កំពុងមានការសង្ស័យចំពោះកិច្ចសន្ទនាសន្តិសុខ Quad, AUKUS និងទម្រង់នៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលខ្លួនយល់ថា គឺជាការផ្តល់អំណាចដល់ក្រុម
ប្រឆាំង និងជាការធ្វើឱ្យប្រទេសនីមួយៗកាន់តែបែកខ្ញែកគ្នាឆ្ងាយទៅៗ។
ប៉ុន្តែអាស៊ាននៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការចាត់ទុកប្រទេសរុស្ស៊ីជាមជ្ឈមណ្ឌលអំណាចដាច់ដោយឡែកមួយ ដែលជារឿយៗប្លុកនេះតែងភ្ជាប់ខ្លួនឯងជាមួយប្រទេសចិន ហើយពេលខ្លះទៀតបានស្តីបន្ទោសរុស្ស៊ីថា បានបើកដៃឱ្យទីក្រុងប៉េកាំងធ្វើការអះអាងស្រេចនឹងចិត្តនៅក្នុងតំបន់អាស៊ី។
ខណៈពេលដែលការទទួលស្គាល់សម្ព័ន្ធភាព Quasi រវាងរុស្ស៊ី-ចិនកាន់តែស៊ីជម្រៅ វិមានគ្រីមឡាំងបាននិងកំពុងដាក់ចេញនូវវិធីសាស្រ្តចម្រុះបន្ថែមទៀតដល់ដៃគូរបស់ខ្លួន រួមទាំងឆន្ទៈក្នុងការធ្វើជាអ្នកសម្រុះសម្រួលដោយមិនលម្អៀងនៅក្នុងជម្លោះទៀតផង។
ទីក្រុងមូស្គូក៏ខិតខំចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការគ្រប់គ្រងវិបត្តិ និងយុទ្ធសាស្ត្រសម្រាប់របៀបវារៈ រសើបផ្សេងៗផងដែរ ដូចជា ការថយចុះនៃធនធាន, ការប្រែប្រួលអាកាសធាតុ, ការរុករកក្នុងវិស័យអវកាស, ការអភិវឌ្ឍផ្លូវទឹកនៅដែនសមុទ្រអាកទិក និងការស្តារឡើងវិញនៅក្រោយវីរុសរាតត្បាត Covid-19។
រុស្ស៊ី និងអាស៊ានគួរតែផ្តោតទៅលើបញ្ហាតូចចង្អៀតជាក់លាក់ទាំងនេះ ទន្ទឹមនឹងការពិភាក្សាជាបណ្តើរៗនូវរបៀបវារៈលម្អិតបន្ថែមទៀត ដែលចៀសវាងនូវប្រធានបទដែលមាន ភាពទូទៅពេក និងមានឥទ្ធិពលខ្លាំងពេក អំពីការប្រកួតប្រជែងជាសាកលរវាងសហរដ្ឋអាមេរិក និងចិន។
ដោយពិចារណាលើចំណុចនេះ របៀបវារៈរុស្ស៊ី-អាស៊ានសម្រាប់ឆ្នាំ ២០២២ ដែលលាតត្រដាងឡើងដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន លោក Alexander Ivanov មើលទៅសមហេតុផលណាស់។
ចំណុចស្នូលនៃរបៀបវារៈនេះ គឺជាផែនការក្នុងការបន្តជាថ្មីនូវកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងវិស័យសន្តិសុខអ៊ីនធឺណិតដែលមានភាពច្បាស់លាស់ និងមិនលម្អៀង៕ East Asia Forum