ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន អបអរសាទរលោក បេន និងគ្រួសារ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកសារ 70
ក្រសួងបរិស្ថាន អបអរសាទរលោក បេន និងគ្រួសារ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ លោក នេត្រ ភក្ត្រា (ឆ្វេង) និងលោក ដាវិស បេន យ៉ូសែប (ស្ដាំ)

ក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរជាខ្លាំងជាមួយលោក ដាវិស បេន យ៉ូសែប ជនជាតិអាមេរិកាំង និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ បន្ទាប់ពីរូបលោក និងគ្រួសារ បានធ្វើពលីកម្មដើម្បីបុព្វហេតុព្រៃឈើកម្ពុជា នៅខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា៖ «នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ»

លោក នេត្រ ភក្ត្រា បានលើកឡើងថាការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក បេន និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះ គឺជាការតបស្នង និងការកោតសរសើរចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់ក្រុមគ្រួសារលោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិកកាំង ចំនួន៤នាក់ រួមមាន៖

  1. លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្ដី)។
  2. លោកស្រី ជាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។
  3. កុមារី ដាលិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។
  4. កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។

គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រីគួរជាទីស្រឡាញ់២រូប មករស់នៅក្នុងព្រៃដើម្បីការពារ អភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗ និងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារ និងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ៕

អត្ថបទទាក់ទង