ខ្មែរប៉ុស្ដិ៍ Close

តើ​នរណា​ដែលអាចនឹងឈ្នះ​សង្រ្គាម​ស៊ីវិលដ៏​ក្ដៅ​គគុក​នៅ​មីយ៉ាន់ម៉ាបាន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 34
តើ​នរណា​ដែលអាចនឹងឈ្នះ​សង្រ្គាម​ស៊ីវិលដ៏​ក្ដៅ​គគុក​នៅ​មីយ៉ាន់ម៉ាបាន? តើ​នរណា​ដែលអាចនឹងឈ្នះ​សង្រ្គាម​ស៊ីវិលដ៏​ក្ដៅ​គគុក​នៅ​មីយ៉ាន់ម៉ាបាន?

ឆ្នាំ២០២១ និងការបះបោរដ៏ធំរបស់ប្រជាជនមីយ៉ាន់ម៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធា បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ទី2២ នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសនេះ។ អនាគតនៃការតស៊ូ ដែលបាននិងកំពុងទាញប្រទេសជាតិឱ្យធ្លាក់ចូលទៅក្នុងការបង្ហូរឈាម គឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បណ្តាញសារព័ត៌មានជាទូទៅ ​បាន​ពិពណ៌នា​​ជម្លោះ​នាពេលបច្ចុប្បន្ន​ថា​ជា «​ស្ថានភាព​ទាល់ច្រក» ក៏ប៉ុន្តែ ធាតុពិត គឺមានភាពស្រពិចស្រពិលនិងស្មុគស្មាញខ្លាំងដោយសារភូមិសាស្ត្រដ៏ធំទូលាយរបស់ប្រទេសមីយ៉ាន់ម៉ា និងកង្វះការរាយការណ៍ឯករាជ្យ ដែលជាហេតុធ្វើឱ្យការកំណត់បញ្ហាទាក់ទងនឹងសម្ភារៈធ្វើសង្គ្រាម និងកម្លាំងចិត្តសាស្ត្រក្លាយជារឿងដ៏លំបាក។

ចំណុចខ្លាំង និងចំណុចខ្សោយសំខាន់ៗរបស់តួអង្គធំៗដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចភូមា បានលេចរូបរាងឡើងយ៉ាងច្បាស់ ហើយនៅប៉ុន្មានឆ្នាំខាងមុខទៀត វានឹងបង្ហាញឱ្យគ្រប់គ្នាឃើញកាន់តែ ច្បាស់ថា «តើភាគីណាអាចនឹងទទួលបានជ័យជម្នះនៅក្នុងការតស៊ូនាពេលបច្ចុប្បន្ននេះ ខណៈដែលការសម្រុះសម្រួលពីខាងក្រៅ ទំនងជាមិនអាចកាត់បន្ថយភាពតានតឹង ឬអាចឈានទៅរកដំណោះស្រាយបាន នោះឡើយ»។

នៅផ្នែកម្ខាងនៃការបែងខ្ញែកគ្នាគឺជាកងកម្លាំងការពារប្រជាជន (People’s Defense Forces-PDFs) ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា បន្ទាប់ពីការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងរដ្ឋប្រហារបានរងនូវការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ។

ប៉ុន្មានខែក្រោយមក ពួកគេបានបន្តពង្រីកខ្លួន ដោយផ្អែកលើកំហឹងដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះការគាបសង្កត់ដ៏ឃោរឃៅរបស់របបយោធា ដែលព្យាយាមបង្កើនការបង្ក្រាបដើម្បីពង្រឹងការក្តោបក្តាប់អំណាចឡើងវិញនៅ ក្នុងឆាកនយោបាយជាតិ។

កងកម្លាំង PDF ប្រមាណពី ១៥០ ទៅ ២០០ ក្រុមត្រូវបានរាយការណ៍ថាបាននិងកំពុងដំណើរការនៅទូទាំងប្រទេស ដោយគ្របដណ្តប់លើទីប្រជុំជនសំខាន់ៗនៃភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ក៏ដូចជានៅក្នុងតំបន់ជនជាតិភាគតិចមួយចំនួនផងដែរ។

ប៉ុន្តែការរៀបចំឡើងវិញ និងការកាត់បន្ថយកម្លាំងដែលបានធ្វើឡើងចាប់ពីពាក់កណ្តាលឆ្នាំ បានធ្វើឱ្យចំនួនកងកម្លាំង PDF ធ្លាក់មកនៅប្រហែល ៥០ក្រុម ក៏ប៉ុន្តែសុទ្ធតែជាក្រុម ដែលត្រូវបានពង្រឹងយ៉ាងល្អ។

យុទ្ធនាការ​តស៊ូ​របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​ប្រទេសរងនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ការសម្លាប់ជាប្រចាំដោយខ្មាន់កាំភ្លើងរបស់ក្រុម PDF ដោយផ្តោតគោលដៅលើមន្ត្រីដែលត្រូវបានតែងតាំងដោយរបបយោធា និងអ្នកដែលពាក់ព័ន្ធ ដែលពេលខ្លះបានឈានទៅដល់ការបើកការវាយប្រហារលើមូលដ្ឋានយោធានិងប៉ុស្តិ៍ប៉ូលីស បានធ្វើឱ្យអាជ្ញាធរក្នុងតំបន់ជាច្រើនរងនូវការបំផ្លាញ។

ការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ (IEDs) នៅគ្រប់ទិសទីដែលពីដំបូងឡើយ បានកំណត់គោលដៅលើការិយាល័យរដ្ឋាភិបាល និងក្បួនដង្ហែរបស់កងទ័ពបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយ ដោយបានបន្តផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវរថភ្លើង, ស្ពាន និងប៉មបញ្ជូនសេវាទូរសព្ទចល័តដែលគ្រប់គ្រងដោយកងកម្លាំង Tatmadaw។

ក្រុមកងកម្លាំង KPDF

តំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing បានក្លាយជាចំណុចកណ្តាលនៃអរិភាពនាពេលបច្ចុប្បន្ន។ ក្នុងនាមជាតំបន់ជនបទដាច់ស្រយ៉ាល ដែលនៅតែប្តូរផ្តាច់គាំទ្ររដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោក ស្រី អង់សាន ស៊ូជី និងជាតំបន់ដែលសំបូរទៅដោយក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ទីក្រុង Sagaing និងទីប្រជុំជនជិតខាងនៃទីក្រុង Magway បានរួមរឹតទៅដោយភាពចលាចលយ៉ាងហិង្សា និងបានឈានទៅបង្កើតឱ្យមានកងកម្លាំងបះបោរក្នុងទម្រង់ជាកងកម្លាំង PDF ។

ចាប់តាំងពីដើមខែវិច្ឆិកាមក យុទ្ធនាការវាយលុករបស់យោធា ដែលមានឈ្មោះថា «Alaung Min Taya» បានរួមបញ្ចូលនូវការវាយឆ្មក់របស់យោធា, ការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការវាយ លុកដោយប្រើឧទ្ធម្ភាគចក្រ។ ក៏ប៉ុន្តែវិធានការទាំងនេះមិនបានទទួលជោគជ័យ ក្នុងការបញ្ឈប់ក្រុមប្រឆាំងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីកើតមានជម្លោះអស់រយៈ ពេល ៩ខែដែលបានវាយលុករដ្ឋ Chin នៅព្រំដែនភាគខាង លិចជាប់នឹងប្រទេសឥណ្ឌា និងរដ្ឋ Kayah នៅភាគខាងកើត ប្រទេសថៃ បូករួមនឹងការវាយលុកនៅតាមបណ្តាទីក្រុងសំខាន់ៗ នៅទូទាំងប្រទេស ការគាំទ្រដ៏ច្រើនលើសលប់ចំពោះកងកម្លាំង PDFs បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមចំនួន២ ។

ទី១ ៖ គឺ «សិទ្ធិក្នុងការប្រើប្រាស់អាវុធទំនើបៗឱ្យបានគ្រប់គ្រាន់»។ ចាប់តាំងពីខែមេសាមក ដោយបន្ថែមពីលើកាំភ្លើងបាញ់ប្រហារបែបប្រពៃណី ក្រុមជាច្រើនបានបំពាក់ទៅដោយអាវុធស្វ័យប្រវត្តិដែលបានបញ្ជា ទិញពីអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ដែលមានមូលដ្ឋាននៅតាមតំបន់ព្រំដែនរបស់មីយ៉ាន់ម៉ា។

កងទ័ពឯករាជ្យ «Kachin Independence Army»(KIA) ដែល មានកម្លាំងប្រមាណ ១០០០០ នាក់ ដែលមានទីតាំងឈរជើង នៅភាគខាងជើងរដ្ឋ Kachin បាននិងកំពុងផលិតអាវុធធុនតូចដោយខ្លួនឯង និងបានផ្តល់ជំនួយដល់កងកម្លាំង PDF មួយចំនួននៅក្នុងទីក្រុង Sagaing ។ នៅតំបន់ភាគខាងកើត អង្គការ EAO នៃជនជាតិភាគតិច Karen និង Karenni បានទទួលការផ្គត់ផ្គង់ពីការរត់ពន្ធពីប្រទេសថៃ។

ប៉ុន្តែ ការវាយប្រហាររបស់កងកម្លាំង PDF ទៅលើយោធាភាគច្រើន ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការលួចវាយឆ្មក់ (សង្គ្រាមឈ្លប) ខណៈដែលក្រុមទាំងនេះនៅតែបន្តប្រឈមមុខនឹងកង្វះការគាំទ្រផ្នែកសព្វាវុធ។គ្រាប់រ៉ុក្កែត Makeshift និងកាំភ្លើងត្បាល់ដែលត្រូវបានផលិតដោយក្រុមមួយចំនួនចាប់តាំងពីខែតុលា មិនបានជួយដោះស្រាយនូវបញ្ហាប្រឈមនោះទេ ហើយការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ (IEDs) ដែលជាអាវុធដ៏សំខាន់តែមួយគត់របស់កងកម្លាំង PDF ក៏នៅមានលក្ខណៈអន់ខ្សោយទាំងផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេស។

តម្រូវការសំខាន់ទី២ របស់កងកម្លាំង PDF គឺ «ការសម្របសម្រួល និងយុទ្ធសាស្រ្តដឹកនាំ»។ ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​មក បណ្តាក្រុម​នៅ​តាម​ទីប្រជុំជន​ជា​ច្រើន​បាន​បង្កើត​ទំនាក់ទំនង​ដោយ​ឯកឯង​ជាមួយក្រុម
ជិត​ខាង ក៏ប៉ុន្តែការធ្វើ សម្ព័ន្ធភាពសហប្រតិបតិ្តការទូលំទូលាយ ដែលអាចមានឥទ្ធិពលជាយុទ្ធសាស្ត្រ ក៍នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយនោះទេ។

ការពង្រឹងការតស៊ូទៅកាន់កម្រិតកាន់តែខ្ពស់ជាងនេះ នឹងត្រូវពឹងផ្អែកលើសមត្ថភាពគ្រប់គ្រងរបស់រដ្ឋាភិបាលស្រមោល គឺរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ជាពិសេសនៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកងកម្លាំង PDF ក្នុងស្រុកនិងដើម្បីផ្តល់ ឱ្យពួកគេនូវទិសដៅយុទ្ធសាស្ត្រ, មូលនិធិ និងប្រភពផ្គត់ផ្គង់អាវុធ។ ការខកខានក្នុងការធ្វើដូច្នេះ នឹងបន្តធ្វើឱ្យកងកម្លាំង PDFs ប្រឈមមុខនឹងភាពឯកោ និងការធ្លាក់ចុះនូវឥទ្ធិពលនិងកម្លាំង។

បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ចាប់តាំងពីខែកញ្ញា នៅពេលដែលមាន ការប្រកាសអំពី «សង្រ្គាមដើម្បីការពារប្រជាជន» ប្រឆាំងនឹងរបបយោធា រដ្ឋាភិបាលស្រមោល NUG បានទទួលនូវការគាំទ្រពីកងកម្លាំង PDF ជាច្រើន។ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ទេថា «តើកិច្ចខិតខំប្រឹងប្រែងទាំងនេះអាចមានសមត្ថភាពទប់ទល់នឹងរលកនៃការវាយឆ្មក់ដែលដឹកនាំដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការចាប់ខ្លួនដោយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុង Yangon ដែរឬក៏អត់»។

នៅផ្នែកម្ខាងទៀតនៃការបែងខ្ញែកគឺជា «កងកម្លាំង Tatmadaw ដ៏មានឥទ្ធិពល» ដែលត្រូវបានអ្នកបង្កើតគោលនយោបាយជាច្រើនទាំងនៅក្នុងតំបន់និងក្រៅតំបន់ ចាត់ទុកថាជា «ក្រុមដ៏ខ្លាំងដែលពិបាកនឹងផ្តួល»។

ទាំងអង្គភាពយោធា, ភាពស្អិតរមួត, ធនធាននិងសមត្ថភាព ក្នុងនាមជារដ្ឋទំនើបក្រោយសម័យអាណានិគមបានបង្ហាញឱ្យឃើញថា «របបយោធានឹងនៅតែអាចបន្តគ្រប់គ្រងអំណាចថ្នាក់ជាតិ»។ ជារួម វាគឺជារឿងដែលមិនអាចទៅរួចនោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលគ្មានការគ្រប់គ្រង របស់របបយោធា»។

មូលដ្ឋានដ៏រឹងមាំមួយចំនួនបានគូសបញ្ជាក់អំពីទស្សនវិស័យបែបនេះ ហើយមហាអំណាចធំៗ ដូចជាប្រទេសឥណ្ឌានិងចិន បានរៀបចំគោលនយោបាយរបស់ពួកគេចំពោះវិបត្តិនៅមីយ៉ាន់ម៉ាដោយផ្អែកលើមូលដ្ឋានទាំងនេះ។ ប៉ុន្តែនៅពេលដែលរបបយោធាបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម របបនេះនឹងប្រឈមមុខនឹងភាពងាយរងគ្រោះមួយ ចំនួនដែលអាចនឹងរុញច្រានឱ្យរបបយោធាឈានទៅរកការបែកបាក់ ឬដួលរលំ។

ទី១ ៖ គឺ​ «វិបត្តិ​កម្លាំង​ពលកម្ម»។ កងកម្លាំង Tatmadaw មិនដែលបានផ្សព្វផ្សាយអំពីកម្លាំងរបស់ខ្លួនជាសាធារណៈនោះទេ។ ក៏ប៉ុន្តែការរាយការណ៍នៅតាមប្រព័ន្ធផ្សព្វផ្សាយ បានលាតត្រដាងនូវកងកម្លាំងទ័ពចំនួនចន្លោះពី ៣៥ម៉ឺន ទៅ ៤០ម៉ឺននាក់។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណបែបនេះអាចជាការបំភាន់ដ៏គ្រោះថ្នាក់។

កងកម្លាំង Tatmadaw បានពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងផ្នែករដ្ឋបាល, បច្ចេកទេស, វេជ្ជសាស្រ្ត, អប់រំ, តុលាការ, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងកសិកម្ម ដោយភាគច្រើនមិនបានផ្តោតលើការបង្កើនកម្លាំងទ័ពដើម្បីត្រៀមការពារប្រឆាំងនឹងការបះបោរនោះទេ។

ការវិភាគមួយបានលើកឡើងថា «នៅពេលបច្ចុប្បន្ននេះ កងកម្លាំង Tatmadaw មានកងកម្លាំងតិចជាង ១០ម៉ឺននាក់ប៉ុណ្ណោះ និងត្រូវបានបែងចែកទៅតាមបញ្ជាការដ្ឋានថ្នាក់តំបន់ និងកងកំលាំងអន្តរាគមន៍នៃទីបញ្ជា
ការដ្ឋានកណ្តាលនៃកងពលតូចថ្មើរជើងទាំង១០ (LIDs)»។ ទាហានប៉ារ៉ា ដែលភាគច្រើនត្រូវបានប្រើនៅក្នុងប្រតិបត្តិការប្រយុទ្ធវាយលុក អាចមានចំនួនប្រហែល ៨ម៉ឺននាក់បន្ថែមទៀត។

សូម្បីតែនៅមុនពេលកើតមានរដ្ឋប្រហារ កងកម្លាំងទាំងនេះបានប្រឈមមុខនឹងបន្ទុកការងារយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះពួកគេត្រូវប្រឈមមុខនឹងក្រុមឧទ្ទាមជនជាតិភាគតិច នៃរដ្ឋ Rakhine, Kachin, Karen, Shan និង Wa ដែលនៅរាយប៉ាយនៅតាមតំបន់ព្រំដែន។ នៅឆ្នាំនេះភាពចលាចលដែលបានឈានទៅដល់ការបះបោរនៅទូទាំងប្រទេស បានធ្វើឱ្យកងកម្លាំង Tatmadaw រងនូវសម្ពាធកាន់តែខ្លាំង។

ជាលទ្ធផល របបយោធាបានដាក់បញ្ចូលអង្គភាពវិស្វកម្ម និងបុគ្គលិកទ័ពអាកាស ឱ្យមកបម្រើភារកិច្ចសន្តិសុខនៅក្នុងទីក្រុង, បានកោះហៅទាហានចូលនិវត្តន៍ និងបានកេណ្ឌកម្លាំងកងជីវពលស៊ីវិលដែលភាគច្រើនជាមនុស្សដែលមិនបានទទួលការបណ្តុះបណ្តាលហ្វឹកហាត់ និងមិនមានវិន័យ។

វិធានការដែលត្រូវបានដាក់ចេញកាលពីដើមខែធ្នូ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីវិសាលភាពនៃវិបត្តិ ដោយក្នុងនោះ របបយោធាបានកំណត់កាតព្វកិច្ចក្នុងការផ្តល់ការបណ្តុះបណ្តាលអំពីការប្រើប្រាស់អាវុធធុនតូច/ធុនស្រាលដល់កូនៗវ័យជំទង់និងភរិយារបស់បុគ្គលិកយោធា។

បញ្ហាធំទី២ របស់កងទ័ព Tatmadaw គឺជាប់ទាក់ទងនឹងបញ្ហាទំនុកចិត្ត។ ភ័ស្តុតាងមួយចំនួនបានបង្ហាញថា «នៅចុងឆ្នាំ២០២១ ទំនុកចិត្តរបស់កងទ័ពបានរងនូវភាពមិនច្បាស់លាស់ ជាពិសេសបន្ទាប់ពីបានប្រឈមមុខនឹងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកងទ័ពព្រៃ»។

បន្ថែមពីលើនេះរបាយការណ៍ថ្មីៗមួយចំនួនបានលើកឡើងអំពីមន្រ្តីនៅជួរក្រោយ ដែលបានសូកសំណូកជារូបិយប័ណ្ណអាមេរិក (លុយដុល្លារ) ដើម្បីជៀសវាងពីការផ្ទេរទៅកាន់សមរភូមិ ហើយបញ្ហានេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកង្វះទំនុកចិត្តនៅក្នុងការប្រយុទ្ធ។

បញ្ហាទី៣ របស់របបយោធាគឺ «ភាពស្របច្បាប់ក្នុងនាមជាស្ថាប័នជាតិ»។ ក្រៅពីភាពស្អប់ខ្ពើមរបស់ប្រជាជន និងការមើលងាយលើស្មារតីសមូហភាពរបស់កងទ័ព ការដួលរលំនៃភាពស្របច្បាប់ផ្នែកនយោបាយរបស់របបយោធាបានបង្កឱ្យមានសំណួរដ៏សំខាន់មួយពាក់ព័ន្ធនឹងផែនការរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

ផែនទីបង្ហាញផ្លូវស្តីពីស្ថិរភាពក្នុងស្រុក ដូចដែលបានលើកឡើងកាលពីពេលថ្មីៗនេះ ដោយមេដឹកនាំរដ្ឋប្រហារ Min Aung Hlaing ហាក់ដូចជាមានភាពផ្ទុយគ្នាខ្លាំងពីការបែកបាក់គ្នាដ៏ច្របូកច្របល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ពាក់ព័ន្ធនឹង ៖

  • បញ្ហាទី១ ៖ កងកម្លាំង PDF ត្រូវព្យាយាមបង្កើនការចូលទៅប្រើប្រាស់អាវុធដើម្បីពង្រឹងការវាយប្រហារជាយុទ្ធសាស្ត្រលើកងកម្លាំងសន្តិសុខដែលកំពុងរងនូវសម្ពាធការងារយ៉ាងធ្ងន់ធ្ងរ ហើយ
  • បញ្ហាទី២ ៖ គឺពាក់ព័ន្ធនឹងការកើនឡើង ឬការផ្ទុះឡើងវិញនូវជម្លោះជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយនឹងបង្កើនសម្ពាធទាំងផ្នែកប្រតិបត្តិការនិងសម្ពាធផ្លូវចិត្តលើរបបយោធា។

ការកើនឡើង​នៃ​អរិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ នឹងបង្ក​ជាការគំរាម កំហែងយ៉ាង​ពិត ប្រាកដ​នៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន៣ ដែរ ។ ទី១ ៖ គឺភាគឦសាននៃតំបន់ Kokang ដែលជាតំបន់ដាច់
ស្រយាលមួយនៅតាមបណ្តោយព្រំដែនចិន ក្នុងរដ្ឋ Shan ភាគខាងជើងដែលចាប់តាំងពីដើមខែវិច្ឆិកាមកក្រុមបះបោរក្នុងតំបន់បានរឹតត្បិតលើទីតាំងចំនួន២ របស់កងទ័ពជើងទឹកនៅក្នុងការ ប្រយុទ្ធគ្នាដ៏សាហាវ ដែលបានបង្កឱ្យមានមនុស្សស្លាប់និងរបួសជាច្រើន។

តំបន់ទី២ ៖ គឺនៅតាមបណ្តោយព្រំដែនភាគខាងកើតជាប់នឹងប្រទេសថៃដែលកាល ពីប៉ុន្មានថ្ងៃថ្មីៗនេះ កិច្ចខិតខំប្រឹងប្រែង របស់កងទ័ពក្នុងការកំណត់គោលដៅលើជម្រករបស់កងកម្លាំង PDF បានបង្កឱ្យមាន ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជាមួយនឹងកងទ័ពសម្ព័ន្ធជាតិ Karen(KNU) ដែល បានជំរុញឱ្យមានរលក នៃជនភៀសខ្លួនចូលទៅក្នុងប្រទេសថៃជាថ្មីម្តងទៀត។

ចុងក្រោយគឺមានជាប់ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារយៈពេល ១ឆ្នាំរវាងយោធា និងកងទ័ពជាតិនិយម Arakan Army (AA) ដ៏មានឥទ្ធិពល នៅក្នុងរដ្ឋ Rakhine ដែលបានចាប់ផ្តើមមានបញ្ហានៅក្នុងខែវិច្ឆិកានិងធ្នូ ចំពេលកើតមានការគំរាមកំហែងនិងភាពតានតឹងកាន់តែខ្លាំង។ ការបន្តអរិភាពជាមួយកងទ័ព AA នឹងធ្វើឱ្យរបបយោធាប្រឈមមុខនឹងការបាត់បង់សិទ្ធិគ្រប់គ្រងលើរដ្ឋ។

ក្រុមកងទ័ព Arakan Army (AA)

ទោះជាយ៉ាងណាក៏ដោយ របបយោធានៅតែអាចមានពេលវេលាក្នុងការទាញយកផលប្រយោជន៍ជាពិសេសនៅក្នុងអំឡុងរដូវប្រាំងដែលនឹងអូសបន្លាយរហូត ដល់ខែឧសភាឆ្នាំ ២០២២។ ក្នុងអំឡុងពេលនេះ មេបញ្ជាការកងទ័ពអាចពង្រឹងកម្លាំងរបស់ពួកគេបានយ៉ាងពេញទំហឹងដើម្បីប្រឆាំងនឹងកងកម្លាំង PDFs ដោយផ្តោតជាចម្បងលើទីក្រុង Sagaing ដែលជាកន្លែងដែលការ បះបោរប្រដាប់អាវុធមានការវិវឌ្ឍលឿន
បំផុត។

ការខកខានក្នុងការទប់ស្កាត់កងកម្លាំងនេះ នឹងបង្កើនហានិភ័យកាន់តែធ្ងន់ធ្ងរ និងភាពងាយរងគ្រោះកាន់តែខ្លាំង ហើយកងកម្លាំង Tatmadaw អាចនឹងត្រូវប្រឈមមុខនឹងផលវិបាកដែលពិបាកនឹងស្មានដល់៕ Asia Times

កងទ័ពបង្ក្រាបកុបកម្មមីយ៉ាន់ម៉ា

អត្ថបទទាក់ទង