ខ្មែរប៉ុស្ដិ៍ Close

Fulcrum ៖ សេដ្ឋកិច្ចនយោបាយថ្មីរបស់មីយ៉ាន់ម៉ាចាប់ផ្តើមលេចចេញជារូបរាង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
Fulcrum ៖ សេដ្ឋកិច្ចនយោបាយថ្មីរបស់មីយ៉ាន់ម៉ាចាប់ផ្តើមលេចចេញជារូបរាង រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Chevron របស់អាមេរិកនៅមីយ៉ាន់ម៉ា (រូបថត៖ New York Times)

ជិតមួយឆ្នាំបន្ទាប់ពីការកើតមានរដ្ឋប្រហារយោធាសេដ្ឋកិច្ចនយោបាយថ្មីរបស់មីយ៉ាន់ម៉ាក្រោមការគ្រប់គ្រងដោយរបបយោធា បាននិងកំពុងចាប់ផ្តើមលេចចេញជារូបរាង ដែលរួមមានការវិវឌ្ឍថ្មីៗនៅក្នុងវិស័យ
ថាមពល និងទូរគមនាគមន៍។

នៅថ្ងៃទី ២១ មករា ក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Chevron បានប្រកាសថា «ពួកគេនឹងចាកចេញពីតំបន់ឧស្ម័ន Yadana នៅឯនាយសមុទ្រ និងចេញពីបំពង់បង្ហូរឧស្ម័ន Mottama»។

ការនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលរបបយោធាមីយ៉ាន់ម៉ាបានលើកឡើងថា «ខ្លួនកំពុងស្ថិតក្នុងដំណើរការនៃការធ្វើឱ្យសេដ្ឋកិច្ចវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ»។ ការប្រកាសចាកចេញរបស់វិនិយោគិនដ៏ធំបំផុតមកពីលោកខាងលិច គឺជាវិធានការដ៏សំខាន់មួយក្នុងការបដិសេធភាពស្របច្បាប់របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។

នេះគឺជាលទ្ធផលនៃយុទ្ធនាការតស៊ូមតិ ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនខែពីសំណាក់ក្រុម អង្គការក្រៅរដ្ឋាភិបាល ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអង្គការអន្តរជាតិ ហើយយុទ្ធនាការនេះក៏ទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។

នៅក្រោមកិច្ចសន្យាដែលមានស្រាប់ ភាគហ៊ុនដែលកាន់កាប់ដោយក្រុមហ៊ុនលោកខាងលិចទាំង២ ទំនងជានឹងត្រូវបានកាន់កាប់ និងចែករំលែកដោយស្មើភាពគ្នាររវាងម្ចាស់ភាគហ៊ុន២ ផ្សេងទៀតនៅក្នុងគម្រោងគឺក្រុមហ៊ុន «PTT» របស់ប្រទេសថៃ និងសហគ្រាសប្រេងនិងឧស្ម័នរបស់មីយ៉ាន់ម៉ា (Myanmar Oil and Gas Enterprise-MOGE) ។ នេះអាចមានន័យថា «នៅក្នុងរយៈពេល ៦ ខែខាងមុខ ក្រុមហ៊ុនអាស៊ីទាំង២ នឹងទទួលបាននូវការកើនឡើងនៃភាគហ៊ុននិងប្រាក់ចំណូល»។

ប្រសិនបើក្រុមហ៊ុន PTT ពិតជានឹងបន្តកាន់កាប់ប្រតិបត្តិការ នៃតំបន់ Yadana និងបំពង់បង្ហូរប្រេងដើម្បីធានាការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនីទៅកាន់ប្រទេសថៃនិងមីយ៉ាន់ម៉ា ហើយប្រសិនបើសហគ្រាស MOGE នៅតែអាចទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងឧស្ម័នស្រដៀងគ្នាទៅ នឹងអ្វីដែលសហគ្រាស នេះទទួលបាននៅក្នុងកិច្ចសន្យាបច្ចុប្បន្ន លំហូរនៃមូលនិធិចូលទៅក្នុងរបបយោធានឹងមិនរងនូវផលប៉ះពាល់ពីការចាកចេញរបស់ក្រុមហ៊ុនលោកខាង លិចទាំង២ នេះទេ»។

ជាក់ស្តែង ក្រុមហ៊ុន PTT និង MOGE មានភាពងាយធន់នឹងសម្ពាធខាងក្រៅជាងក្រុមហ៊ុន TotalEnergies និង Chevron។ ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវរបស់លោកខាងលិចឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងសហគ្រាស MOGE បាននិងកំពុងបន្តកើតមាន «ហើយក្រុមអ្នកតស៊ូមតិបានបន្តព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិកនិងបារាំងឱ្យបង្កើតវិធានការរឹតត្បិត ដែលនឹងបង្ខំក្រុមហ៊ុន TotalEnergies និង Chevron ឱ្យដាក់ប្រាក់ដែលរកបានពីគម្រោង Yadana ទៅក្នុងគណនីណា ដែលរដ្ឋាភិបាលអាមេរិកនិងបារាំង អាចមានសិទ្ធិបង្កកប្រាក់ទាំងនោះបាន ឬអាចធ្វើឱ្យប្រាក់អាចត្រូវបានបង្វែរទៅដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG)»។

ក្រុមហ៊ុន TotalEnergiesបានប្រកាសហើយថា «ខ្លួននឹងគាំទ្រនិងគោរពតាមវិធានការដាក់ទណ្ឌកម្មបែបនេះ»។ ទោះជាយ៉ាងណាក៏ដោយ ដោយសាររដ្ឋាភិបាលលោកខាងលិចមិនទាន់បានដាក់ ចេញវិធានការទាំងនេះ ក្រុមហ៊ុនបារាំង និងក្រុមហ៊ុន Chevron ក៏បានប្រកាសអំពីការចាកចេញរបស់ពួកគេ។

គេនៅបន្តរងចាំមើលថា «តើសហរដ្ឋអាមេរិក ដោយអាចមានការសម្របសម្រួលជាមួយ សហភាពអឺរ៉ុបនឹងមានឆន្ទៈក្នុងការអនុម័តវិធានការដាក់ទណ្ឌកម្មដែលនឹងអាចរារាំងក្រុមហ៊ុន PTT ពីការបង់ប្រាក់ ទៅឱ្យសហគ្រាស MOGE ដែឬទេ»។ សេចក្តីរាយការណ៍ បានឱ្យដឹងថា «រដ្ឋបាលលោកខាងលិចមួយចំនួនបានប្រឆាំងនឹងផែនការនេះ ខណៈដែលប្រទេសថៃច្បាស់ជានឹងមិនយល់ស្របចំពោះវិធានបែបនេះ ទេ»។

ប្រទេសថៃត្រូវបានគេចាត់ទុកជាដៃគូដ៏សំខាន់មួយទាក់ទងនឹងសិទ្ធិក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការដឹកជញ្ជូនតាមព្រំដែនដ៏វែងរវាងប្រទេសថៃជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងដែលអង្គការប្រដាប់អាវុធជនជាតិភាគតិចជាច្រើន (EAOs) បូករួមទាំងកងកម្លាំងការពារប្រជាជន (PDFs) កំពុងតាំងមូលដ្ឋាន។

ពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ អត្ថបទសារព័ត៌មានដែលបាន ចេញផ្សាយនៅថ្ងៃទី ២១ មករា បានរាយការណ៍ថា «ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)កំពុងព្យាយាមជំរុញឱ្យភាគហ៊ុនភាគច្រើននៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Telenor ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនក្នុងស្រុក»។ ក្រុមហ៊ុនន័រវេសមួយនេះគឺជាក្រុមហ៊ុនវិនិយោគបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក្រុមហ៊ុននេះបានប្រកាសកាលពីខែកក្កដាឆ្នាំមុនថា «ខ្លួនកំពុងលក់ប្រតិបត្តិការរបស់ខ្លួន ដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

របាយការណ៍បានឱ្យដឹងថា «អ្នកដែលអាចនឹងភាគហ៊ុនរបស់ក្រុមហ៊ុននេះអាចជាក្រុមហ៊ុន Shwe Byain Phyu ដែលជាក្រុមហ៊ុនដែលមានជាប់ទាក់ទងនឹងការជួញដូរប្រេង, ការលក់រាយ និងការជីកយករ៉ែ ហើយ
ក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹងផលប្រយោជន៍អាជីវកម្មរបស់យោធាអស់រយៈពេលជាយូរមកហើយ»។

ក្រុមហ៊ុននេះអាចនឹងកាន់កាប់ប្រតិបត្តិការ របស់ក្រុមហ៊ុនទូរគមនាគមន៍ន័រវេស រួមជាមួយនឹងក្រុមលីបង់ «M1»។ សកម្មភាពទាំងនេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយក្នុងនោះ របបយោធាអាចនឹងចាត់ទុកវិស័យទូរគមនាគមន៍ជាចំណុច យុទ្ធសាស្ត្រមួយដែលខ្លួនចង់គ្រប់គ្រង។

ប្រសិនបើប្រតិបត្តិការ ពិតជាដំណើរការដូចដែលបានរាយការណ៍មែននោះ វិស័យទូរគមនាគមន៍នឹងមានប្រតិបត្តិករឯករាជ្យតែមួយគត់ ដែលនោះគឺក្រុមហ៊ុន «Ooredoo Myanmar» ដែលស្ថិតក្រោមការគ្រប់ គ្រងរបស់ក្រុមហ៊ុន Ooredoo របស់ប្រទេសកាតា។

ទីភ្នាក់ងារ MPT មានភាគហ៊ុនមួយផ្នែកជារបស់រដ្ឋ ខណៈ ដែល MyTel មានភាគហ៊ុនមួយផ្នែកជារបស់យោធា។

ពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបាន ចេញផ្សាយនៅថ្ងៃទី ២១ មករា បានឱ្យដឹងថា «ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កំពុងបន្តការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលខ្លួនមានបំណងចង់អនុម័តនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ក៏ប៉ុន្តែបានផ្អាកវិញបន្ទាប់ពីមានការប្រឆាំងពីសំណាក់ភាគីជាច្រើន បូករួមទាំងពីសំណាក់សហគមន៍ធុរកិច្ចក្នុងស្រុកផងដែរ»។

កំណែចុងក្រោយបំផុតនៃសេចក្តីព្រាងច្បាប់នេះនឹងដាក់ទោសព្រហ្មទណ្ឌចំពោះការចូលប្រើបណ្តាញសុវត្ថិភាព VPNs ដែលនេះគឺជាសញ្ញាមួយទៀតដែលបង្ហាញថា «របបយោធាកំពុងងាកទៅរកការបង្កើតប្រព័ន្ធការពារឌីជីថលដ៏អស្ចារ្យរបស់ខ្លួន (Great Digital Firewall)»។

ខណៈដែលការ ព្យាយាមរបស់អាស៊ាន ក្នុងការបង្កើនការចូល រួមជាមួយប្រទេសមីយ៉ាន់ម៉ានៅមិនទាន់ទទួលបានផ្លែផ្កាអ្វីនៅឡើយនោះ ការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មនិងការដាក់ឱ្យរបបយោធាស្ថិតនៅឯកោ បាននិងកំពុងតែបន្តទៅមុខ។

ស្ថានភាពសេដ្ឋកិច្ច និងសិទ្ធិមនុស្សបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ាបានវិវឌ្ឍ ទៅកាន់តែយ៉ាប់យ៉ឺន នៅពេលដែលសេដ្ឋកិច្ចនយោបាយថ្មីមួយកំពុងលេចរូបរាងឡើង។

នៅក្នុងរបាយការណ៍ខែកញ្ញា ឆ្នាំ ២០១៩ ដែលបានផ្ញើទៅកាន់ក្រុមប្រឹក្សា សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្តីពីផលប្រយោជន៍ សេដ្ឋកិច្ចរបស់ប្រជាជនមីយ៉ាន់ម៉ា «បេសកកម្មស្វែងរកការពិតស្តីពីមីយ៉ាន់ម៉ា» (Fact-Finding Mission on Myanmar) បានសរសេរនៅក្នុងការសន្និដ្ឋាន និងបានលើកឡើងនូវអនុសាសន៍ថា «ការកាត់ផ្តាច់កងកម្លាំង Tatmadaw ចេញពី សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងត្រូវការការអនុវត្តនូវវិធីសាស្រ្ត ២ ក្នុងពេលដំណាលគ្នា»។

វិធីសាស្រ្តដំបូងនឹងមានលក្ខណៈអវិជ្ជមានដែលនឹងតម្រូវឱ្យមានការផ្តាច់ខ្លួនចេញពីក្រុមហ៊ុនទាំងឡាយណាដែល មានជាប់ពាក់ព័ន្ធនឹងយោធា ខណៈដែលវិធីសាស្រ្តទី២ គឺមានលក្ខណៈវិជ្ជមានដែល នោះគឺការពង្រឹងនិងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការចូលរួមជាមួយក្រុមហ៊ុននិងអាជីវកម្ម ទាំងឡាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមិនជាប់ទាក់ទង នឹងរបបយោធា»។

វិធីសាស្រ្តទាំងនេះនឹងជួយកសាង និងពង្រឹងវិស័យនៃសេដ្ឋកិច្ចដែលមិនជាប់ទាក់ទងនឹងយោធា។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តទាំង2នេះ អាចនឹងមិន កើតឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនៅ ក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ៕ Fulcrum

អត្ថបទទាក់ទង