សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីភាពនិងភាពរឹងមាំជានិច្ចមិនអាចមានអ្នកណាបំបែកបានទេ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីអ្នកណានិយាយចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏មិនអាចទៅរួចដែរ ពោលគឺគណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីភាពនិងភាពរឹងមាំជានិច្ចមិនអាចមានអ្នកណាបំបែកបានទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីមានការលើកឡើងពីបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីបន្តពីសម្តេចក៏ដោយ ក៏ត្រូវឆ្លងកាត់សេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងដែលថ្មី កាលពីថ្មីៗនេះ សម្តេចក៏បានបើកការប្រជុំរួចហើយដែរពីការសម្រេចរៀបចំគណៈរដ្ឋមន្រ្តីថ្មីបម្រុងសម្រាប់អ្នកជំនាន់ក្រោយដែលបេក្ខភាពទាំងនោះភាគច្រើនគឺសុទ្ធតែបណ្ឌិត និងអនុបណ្ឌិត៕