ខ្មែរប៉ុស្ដិ៍ Close

សន្ទុះការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត ៧០ភាគរយហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
សន្ទុះការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត ៧០ភាគរយហើយ សន្ទុះការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត ៧០ភាគរយហើយ

គិតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផល ៦៩,៩៣ភាគរយ ដោយដំណើរការសាងសង់លឿនជាងផែនការ និងរំពឹងថាអាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយការបង់ប្រាក់។ លោកបញ្ជាក់ថា បើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវនេះនឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ បើកបរសាកល្បងបាននៅចុងឆ្នាំ២០២២ ពោលគឺនៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថាការស្ថាបនាផ្លូវនេះ បាននិងកំពុងក្រាលស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ដោយការក្រាលដល់ស្រទាប់នេះហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ជិតសាងសង់រួចរាល់ ចេញជារូបរាង។

តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ប្រមាណ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

ប្រភព៖ វិទ្យុជាតិកម្ពុជា