ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋទាំង ៦ ខេត្តនេះ នឹងមានផ្លូវកាត់ទៅលេងសមុទ្រឆាប់ៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
ពលរដ្ឋទាំង ៦ ខេត្តនេះ នឹងមានផ្លូវកាត់ទៅលេងសមុទ្រឆាប់ៗ ពលរដ្ឋទាំង ៦ ខេត្តនេះ នឹងមានផ្លូវកាត់ទៅលេងសមុទ្រឆាប់ៗ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១៨​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ ចំពោះ​គម្រោង​​សាងសង់​ផ្លូវ​ពី​បាត់​ដំបង ឆ្ពោះ​ទៅ​ខេត្ត​កោះកុង។ សម្ដេច​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា ​គម្រោង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ គឺ​ចេញពី​សំឡូត ខេត្ត​បាត់ដំបង កាត់​ទៅ​ថ្មដា ខេត្ត​ពោធិ៍សាត់ រួចកាត់​ទៅកាន់​ខេត្ត​កោះកុង​តែម្តង។ ការ​សាងសង់​ផ្លូវកាត់​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ពេលវេលានៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ពោលគឺ​ចំណេញ​ចម្ងាយ​ផ្លូវ​ប្រមាណ ១០០​គីឡូម៉ែត្រ។

បច្ចុប្បន្ន​គម្រោង​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល ដាក់​ចូល​ក្នុង​ផែនការ​អាទិភាព ដើម្បី​ពន្លឿន​ដល់​ការ​ឈាន​ទៅ​រក​ការ​សាងសង់​ក្នុង​ពេល​ខាង​មុខ។ នេះ​បើ​តាម​ការ​លើក​ឡើង របស់​សម្ដេច ហ៊ុន សែន។

ដោយ​ឡែក​បើ​តាម​លោក ចាន់ សំបូរ អនុ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨  ឲ្យដឹង​ថា ផ្លូវ​ជាតិ​ថ្មី លេខ​៥៥,៤ ​ពី​បាត់ដំបង ទៅ​កោះកុង មាន​ប្រវែង ជាង​១៩០​គីឡូម៉ែត្រ​នេះ នឹង​ត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន។ គម្រោង​នេះ​ក៏​បាន​សិក្សា​ទីតាំង​ផ្ទាល់​រួច​ហើយ ដែល​ដឹក​នាំ​ដោយ​លោក លឹម ស៊ីដេនីន រដ្ឋលេខា​ធិការ​ក្រសួង​សាធារណការ។

(ផ្លូវ​ជាតិ​លេខ​៥៥ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ ​កាត់​តាម​ស្រុក ក្រវាញ ស្រុក​វាលវែង)

ផ្លូវជាតិ​ថ្មី​នេះ  នឹងត្រូវ​បាន​ស្ថាបនា​ចេញពី​ចំណុច​អក្សរT ក្នុង​ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ប្រម៉ោយ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ហើយ​បន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង។ ផ្លូវជាតិ​នេះ ​នឹង​ត្រូវ​សាងសង់​តាម​គន្លង​ចាស់​ផង និង​ត្រូវ​ឈូស​ឆាយ​ថ្មី​ផង ដែល​ត្រូវ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ។

ចាំ​មិន​ភ្លេច​ទេ ទេសដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ធ្លាប់​បញ្ជាក់​ថា បន្ទាប់​ពីគម្រោង​នេះ​​សាងសង់​រួចនា​អនាគត​ ប្រជាជន​ដែលរស់​នៅខេត្ត​ចំនួន​ ០៦រួម​មាន ​ខេត្តបាត់​ដំបង ខេត្ត​ប៉ៃលិន​ ពោធិ៍សាត់​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ និង​សៀមរាប​ ​គឺ​កាន់តែងាយ​ស្រួល ​ព្រោះ​អាច​មាន​ជម្រើសក្នុងការ​ធ្វើដំណើរ​ទៅខេត្ត​កោះកុង​ ឬទៅ​លេង​ឆ្នេរសមុទ្រ​នា​ទិសនិរតី ដោយ​មិនចាំបាច់​ឆ្លងកាត់​រាជធានីភ្នំពេញ​ដូចមុន​ទៀត​ឡើយ​៕

អត្ថបទទាក់ទង